ភ្នំពេញ៖ លោក Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចំាកម្ពុជា បានប្តេជ្ញាចិត្ត ជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាវិមានសន្តិភាព នាថ្ងៃទី២៦តុលានេះថា នឹងជំរុញក្រុមហ៊ុនវិនិយោគរុស្ស៊ី ឲ្យមកកម្ពុជាបន្ថែមទៀត ជាពិសេសក្នុងផ្នែកឧស្សាហកម្មរថយន្ត និងគ្រឿងចក្រ, គ្រឿងយន្តកសិកម្ម, បរិក្ខារសុខាភិបាល និងបច្ចេកវិទ្យាព័ត៌មាន ។
ក្នុងជំនួបនេះ លោក Anatoly Borovik បានលើកពីចំណងមិត្តភាពរុស្សី-កម្ពុជា នឹងកាន់តែរីកចម្រើនរឹងមាំ បន្ថែមលើកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ ក្នុងរយៈកាលនៃចំណងការទូត ជាប្រវត្តិសាស្ត្រយូរលង់ប្រមាណ៦៧ ឆ្នាំមកនេះ ។ មួយវិញទៀត លោកឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណដល់កម្ពុជា ដែលបានដើរតួនាទី ក្នុងនាមជាប្រទេស សម្របសម្រួលអាស៊ាន-រុស្សី ដើម្បីលើកស្ទួយទំនាក់ទំនង កិច្ចសន្ទនាអាស៊ាន-រុស្សី បន្ថែមមួយកម្រិតទៀត ។
ជាការឆ្លើយតប សម្តេចធិបតី បានរំឭកពីកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ជាពិសេសក្នុងដំណាក់កាល ដែលកាលនោះជាអតីតសហភាពសូវៀត បានជួយឧបត្ថម្ភគាំទ្រកម្ពុជា លើការស្តារកសាងប្រទេសឡើងវិញ បន្ទាប់ពីការដួលរលំនៃរបប ប៉ុល ពត ព្រមជាមួយនឹងការបញ្ជាក់ថា គោលនយោបាយការបរទេសរបស់កម្ពុជា មិនមានការប្រែប្រួលឡើយ ជាពិសេសនៅក្នុងទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា-រុស្ស៊ី ។
យោងតាមខ្លឹមសារលើបណ្តាញតេឡេក្រាមសម្តេចធិបតី បានបញ្ជាក់ថា “ចំពោះកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ រុស្ស៊ីក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្ត ក្នុងការជំរុញក្រុមហ៊ុនវិនិយោគរុស្ស៊ីឲ្យមកកម្ពុជាបន្ថែមទៀត ជាពិសេសនៅក្នុងផ្នែកឧស្សាហកម្មរថយន្ត និងគ្រឿងចក្រ, គ្រឿងយន្តកសិកម្ម, បរិក្ខារសុខាភិបាល និងបច្ចេកវិទ្យាព័ត៌មាន” ។
ចំពោះទិសដៅទៅមុខ ក្រៅពីកិច្ចសហប្រតិបត្តិលើវិស័យដែលមានស្រាប់ភាគីទាំង២ក៏ផ្តោតផងដែរ លើការប្តេជ្ញាចិត្តរួមក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ និងអប់រំ ក៏ដូចជាបញ្ហាផ្សេងៗមួយចំនួនទៀត ដែលជាផលប្រយោជន៍រួម សម្រាប់ប្រទេស និងប្រជាជន ទាំងពីរ ៕