ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានណែនាំដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវរក្សាឈ្មោះ អ្នកនិពន្ធ ទំនុកច្រៀង អ្នកសម្រួលតន្រ្តី អ្នកច្រៀង និងម្ចាស់កម្មសិទ្ធិឲ្យបានត្រឹមត្រូវ រាល់ការផ្សព្វផ្សាយបទចម្រៀង “ឱភ្នំពេញអើយ” ជាសំឡេងដើម ឬច្រៀងជាថ្មីឡើងវិញ។
ការប្រាប់បែបនេះរបស់លោករដ្ឋមន្រ្តី ក្រោយពីមានការសម្របសម្រួលដោះស្រាយបញ្ហាដោយក្រសួងវប្បធម៌ និងក្រសួងព័ត៌មាន លើករណីរំលោភបំពានសិទ្ធិសីលធម៌អ្នកនិពន្ធចម្រៀងបទ “ឱភ្នំពេញអើយ” រួចមកដែលភាគីពាក់ព័ន្ធទាំងអស់សម្រេចទទួលយក និងឯកភាពថា បទចម្រៀងនេះ ជាស្នាដៃនិពន្ធទំនុកច្រៀងដោយសមមិត្ត កែវ ចិន្តា សម្រួលតន្រ្តីដោយសមមិត្ត ជ័យ សុភា និងច្រៀងដោយសមមិត្តនារី សូ ចន្នី ដោយយកតាមលំនាំបទ “ឡាវឡឹក” និងជាកម្មសិទ្ធិបេតិកភណ្ឌរបស់គណបក្សប្រជាជនកម្ពុជា៕