ព័ត៌មានជាតិ

កម្ពុជា-សិង្ហបុរី ចុះកិច្ចព្រមព្រៀង លើកការចៀសវាងការយកពន្ធត្រួតគ្នា

ភ្នំពេញ ៖ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្ពុជា និងសិង្ហបុរី បានចុះហត្ថលេខាលើ «ពិធីសារទី២» ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរស្តីពី«ការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធ លើប្រាក់ចំណូល (DTA)។

តាមរយៈសេចក្ដីប្រកាសរួម នាថ្ងៃទី២ វិច្ឆិកា បានឲ្យដឹងថា ពិធីចុះហត្ថាលេខា «ពិធីសារទី២» នេះ ត្រូវបានចុះហត្ថលេខាដោយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា ក្នុងនាមរដ្ឋាភិបាលសិង្ហបុរី នាថ្ងៃ២ វិច្ឆិកា នៅទីស្តីការក្រសួងសេដ្ឋកិច្ច ។

គោលបំណងនៃការរៀបចំឲ្យមាន «ពិធីសារទី២» នេះ ដើម្បីធ្វើវិសោធនកម្មទៅលើកិច្ចព្រមព្រៀង DTA កម្ពុជា-សិង្ហបុរី ឲ្យមានសង្គតិភាពជាមួយបទដ្ឋានអន្តរជាតិ ដែលត្រូវបានវិវត្តចុងក្រោយ ជាពិសេសនៅក្រោមក្របខ័ណ្ឌបរិយាប័ន្នរបស់អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) សម្រាប់ប្រឈមនឹងការបន្ថយ មូលដ្ឋានគិតពន្ធ និងការបង្វែរប្រាក់ចំណេញ (Base Erosion and Profit Shifting-BEPS) ។

គួរបញ្ជាក់ផងដែរថា «កិច្ចព្រមព្រៀង DTA កម្ពុជា-សិង្ហបុរី» ត្រូវបានចុះហត្ថលេខានៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០១៦ ហើយបានចូលជាធរមាន និងមានប្រសិទ្ធភាពអនុវត្តចាប់តាំងពីថ្ងៃទី១ ខែ មករា ឆ្នាំ ២០១៨៕

To Top