ព័ត៌មានជាតិ

កូនត្នោត ១ ០០០ដើម ត្រូវបានដាំ នៅតាមបណ្តោយផ្លូវល្បឿនលឿនក្នុងភូមិសាស្រ្ត ខេត្តព្រះសីហនុ

រូបភាពពី៖​ រដ្ឋបាលខេត្តព្រះសីហនុ

ភ្នំពេញ៖ អ្នកឧកញ៉ា ម៉ុង ឫទ្ធី លោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញដាំកូនត្នោតចំនួន ១ ០០០ដើម នៅតាមបណ្តោយផ្លូវល្បឿនលឿន នៅក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត និស្សិត អ.ម.ត យុវជន ស.ស.យ.ក យុវជន កាកបាទក្រហមកម្ពុជា និងសិស្សានុសិស្ស។ នេះបើយោងតាមរដ្ឋបាលខេត្តព្រះសីហនុ។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានឱ្យដឹងថា តាមការគ្រោងទុកឆ្នាំនេះមានផែនការដាំកូនត្នោតចំនួន ៥ ០០០ដើម ហើយថ្ងៃនេះធ្វើការដាំកូនត្នោតចំនួន ១ ០០០ដើម នៅតាមបណ្តោយផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ការដាំនេះ គឺដាំក្នុងចន្លោះពីដើមមួយទៅដើមមួយ មានចម្ងាយ ៥ម៉ែត្រ ដើម្បីឱ្យដើមត្នោតលូតលាស់ ធំធាត់បានលឿន បច្ចុប្បន្នមានថ្នាលបណ្តុះ កូនត្នោត ដែលគ្រោងនឹងបណ្តុះកូនត្នោតឱ្យបានចំនួន ១៤ ០០០ដើម សម្រាប់ធ្វើការដាំដុះនៅពេលខាងមុខ ប្រសិនបើការដាំដុះបានល្អ យើងនឹងមានគម្រោងបណ្តុះបន្ថែមទៀត ដោយសារបច្ចុប្បន្ន នៅក្នុងកសិដ្ឋាន របស់យើង មានដំណាំកសិឧស្សាហកម្ម និងដំណាំហូបផ្លែជាច្រើនមុខមានដូចជា ដូងប្រេង កៅស៊ូ ក្រៅពីនោះមានដាំដំណាំហូបផ្លែមានដូចជាដូងក្រអូប ស៉ាវម៉ាវ ធុរ៉េន ស្វាយ និងដំណាំជាច្រើនប្រភេទផ្សេងទៀត។

ក្នុងឱកាសនោះលោក គួច ចំរើន បានថ្លែងអំណរគុណអ្នកឧកញ៉ា ម៉ុង ឫទ្ធី ដែលបានរៀបចំធ្វើការបណ្តុះកូនត្នោត និងរៀបចំកម្មវិធីដាំកូនត្នោតនៅលើទឹកដីឃុំជើងគោ ស្រុកព្រៃនប់ ស្របនឹងផ្លូវល្បឿនលឿន ដើម្បីបង្កើនសោភ័ណភាព បរិស្ថានបន្ថែមទៀតសម្រាប់បំរើឱ្យវិស័យទេសចរណ៍ពិសេសអ្នកធ្វើដំណើរតាមផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញមកកាន់ខេត្តព្រះសីហនុ ហើយដើមត្នោតនេះ ក៏ជាសមិទ្ធផលថ្មីមួយបន្ថែមទៀតនៅលើទឹកដី នៃខេត្តព្រះសីហនុ សម្រាប់កូនចៅជំនាន់ក្រោយ។

ទន្ទឹមនោះលោក គួច ចំរើន បានធ្វើការអំពាវនាវឱ្យយុវជន សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សា ការពារដើមត្នោតរបស់យើងឱ្យបានល្អ ព្រោះនេះជាសម្បត្តិរបស់យើងទាំងអស់គ្នា មិនមែនជារបស់អ្នកឧកញ៉ា ម៉ុង ឫទ្ធី ឬជារបស់អភិបាលខេត្តនោះទេ វាគឺជារបស់យើងទាំងអស់គ្នា ដែលរួមគ្នាការពារ ថែរក្សាឱ្យបានគង់វង្ស ហើយម្យ៉ាងទៀតដើមត្នោត ក៏ជាកេរ្តិ៍ដំណែលរបស់ដូនតា របស់យើងដែលបានបន្សល់ទុក សម្រាប់កូនក្មួយជំនាន់ក្រោយ ព្រោះដើមត្នោតវាមានផលប្រយោជន៍ ជាច្រើនយ៉ាងណាស់ សម្រាប់ឱ្យប្រជាពលរដ្ឋយកមកធ្វើការកែច្នៃប្រើប្រាស់មានដូចជា ស្លឹកយកទៅប្រកផ្ទះ ផ្កាកៀបចេញជាស្ករ ចំណែកផ្លែខ្ចីហូប ផ្លែទុំអាចយកទៅធ្វើជានំ និងដើមរបស់វាអាចច្រៀកធ្វើជាសម្ភារៈ ឬគ្រឿងសង្ហារឹមផ្សេងៗជាច្រើនមុខផ្សេងទៀតទៅ តាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន៕

To Top