ព័ត៌មានជាតិ

ស្ថានទូតបារាំង នឹងតាំងពិព័រណ៍រូបថត “កម្ពុជា មើលពីលំហអាកាស” ក្នុងឱកាសខួប៧០ឆ្នាំ នៃឯករាជ្យរបស់កម្ពុជា

 ភ្នំពេញ ៖ ក្នុងឱកាសខួប លើក ទី ៧០នៃទិវាបុណ្យ ឯករាជ្យ ជាតិ កម្ពុជា ស្ថានទូតបារាំង នឹងតាំងបង្ហាញរូបថត ប្រទេស កម្ពុជា ដែល ត្រូវ បានថតពីលើអាកាស និងតាម រយៈផ្កាយរណបក្នុងអំឡុង៧០ឆ្នាំចុងក្រោយ ។ រូបថតទាំងនេះត្រូវបាន រៀបចំ ដោយ វិទ្យាស្ថានស្រាវជ្រាវ សម្រាប់អភិវឌ្ឍន៍ (IRD) របស់បារាំង ។ រូបថតពីលើអាកាសចំនួន ៣០ ផ្ទាំង ថត ពីឆ្នាំ ១៩៥០ មក ដល់បច្ចុប្បន្ន នឹងបង្ហាញពីការប្រែប្រួល សណ្ឋានដី នៃប្រទេសកម្ពុជា ក្នុងអំឡុង ជា ច្រើន ទសវត្សរ៍ ដែល បញ្ជាក់ពីការ វិវឌ្ឍរបស់ប្រទេសនេះ។ ពិព័រណ៍ខាងលើធ្វើឡើងចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកាតទៅ នៅលើជ ញ្ជាំង របង នៃ ស្ថានទូត បារាំង ប្រចាំកម្ពុជា ។

ដោយបំពេញការងារ យ៉ាងសកម្ម នៅកម្ពុជាអស់រយៈពេលប្រមាណ២០ឆ្នាំមកហើយ វិទ្យាស្ថាន IRD បានបង្កើត ភាព ជា ដៃគូស៊ីជម្រៅជាមួយ សាកលវិទ្យាល័យ និងស្ថាប័នសំខាន់ៗរបស់កម្ពុជា ដើម្បីស្វែងរកដំណោះ ស្រាយបែប នវានុវត្តន៍ និង អភិវឌ្ឍ បច្ចេកវិទ្យាថ្មីៗ ឆ្លើយតបទៅនឹង បញ្ហាប្រឈម នៃការអភិវឌ្ឍប្រកបដោយចីរភាព រួមមាន បម្រែ បម្រួល អាកាស ធាតុ ការបាត់បង់ជីវៈចម្រុះ ការបំពុលបរិស្ថាន និងសន្តិសុខស្បៀង។ កិច្ចសហ ប្រតិបត្តិការ ទាំងនេះ ផ្តោត លើ កសិកម្មប្រកប ដោយ និរន្តភាព និងសុខភាពសាកល ដោយគិតគូរពីបញ្ហាបរិស្ថាន។  ការសង្កេត ផែនដី ដោយ ផ្អែកលើការវិភាគរូបភាពទទួលបានពីឧបករណ៍ចាប់យករូបភាព បំពាក់ លើយន្តហោះ ផ្កាយរណប ឬយាន គ្មាន មនុស្សបើក(ដ្រូន) អនុញ្ញាតឱ្យគេពណ៌នា និងឃ្លាំមើលធនធានធម្មជាតិ ព្រមទាំងការរៀបចំ និងការ ប្រែប្រួល ធនធាន ទំាងនោះ ។ វិទ្យាស្ថាន IRD អភិវឌ្ឍ និងប្រើប្រាស់ឧបករណ៍ ឌីជីថល និងគម្រូបង្កើតថ្មីនានា ដើម្បីវិភាគ រូបភាព ក្នុងគោលដៅទទួលបានព័ត៌មាន ស្តីពីការប្រែប្រួលទេសភាព ។

ចាប់តាំងពីរូបភាពដំបូងៗថតពីលើយន្តហោះក្នុងអំឡុងឆ្នាំ១៩៥០ រហូតដល់រូបភាពដំបូងៗថតពីផ្កាយរណប ដែល សង្កេត មើលផែនដីក្នុងអំឡុងឆ្នាំ១៩៨០ បច្ចេកវិទ្យាបានវិវឌ្ឍយ៉ាងខ្លាំង ដោយផ្តល់ រូបភាព ជាច្រើន ក្នុងកម្រិត ច្បាស់ ល្អទៀតផង។ ដើម្បីពង្រឹងសមត្ថភាពរបស់កម្ពុជាក្នុងការវិភាគ រូបភាព ពី អាកាស និង លទ្ធភាព ទទួលបាន ទិន្នន័យផ្នេងៗ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងវិទ្យាស្ថាន IRD បានរួមគ្នា បង្កើត មន្ទីរពិសោធន៍ខ្មែរ សម្រាប់ការសង្កេតផែនដី (Khmer Earth Observation Laboratory- KHEOBS) កាលពីឆ្នាំ២០២២។ ដោយទទួល បាន ការ ជួយ ជ្រោម ជ្រែង ពីស្ថាប័នបារាំង មន្ទីពិសោធន៍ KHEOBS បានប្រមូល ផ្តុំ អ្នកវិទ្យាសាស្រ្ត និងនិស្សិតមកពីសាកលវិទ្យាល័យ និងស្ថាប័នកម្ពុជានានា ក្នុងក្របខ័ណ្ឌនៃការបណ្តុះបណ្តាល លើ ប្រធានបទផ្សេងៗ។
 
លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានគូសបញ្ជាក់ថា «KHEOBS គឺជាមន្ទីរពិសោធន៍ឈានមុខ ក្នុងការបណ្តុះបណ្តាលវិស្វករ និងអ្នកស្រាវជ្រាវ ក៏ដូចជាពង្រឹងសកម្មភាព និងគម្រោងនានា ដែលប្រើប្រាស់ ឧបករណ៍ បង្កើតថ្មីសម្រាប់សង្កេតផែនដីនៅកម្ពុជា និងក្នុងកម្រិតតំបន់។ គម្រោងនេះឆ្លុះបញ្ចាំង ឱ្យឃើញ ពី គុណភាព នៃកិច្ចសហប្រតិបត្តិការរបស់យើងលើផ្នែកវិទ្យាសាស្រ្ត ដោយហេតុថា ពីមុនមក មិនមានស្ថាប័ននៅ កម្ពុជា ច្រើន នោះទេ ដែលមានលទ្ធភាពទទួលបានបច្ចេកវិទ្យាទាំងនេះ»។
 
ក្នុងអំឡុងឆ្នាំ១៩៥០ បារាំងជាប្រទេសដំបូងគេ ដែលបានថតដែនដីកម្ពុជា ពីលើយន្តហោះដើម្បីរៀបចំបង្កើតផែនទី ផ្សេងៗ ដោយ សហការ ជាមួយ វិទ្យាស្ថានព័ត៌មានភូមិសាស្រ្ត និងព្រៃឈើបារាំង (IGNFI) ។ នៅកម្ពុជា ក្នុងចន្លោះ ឆ្នាំ១៩៥២និង ១៩៥៤ វិទ្យាស្ថាន IGNFI បានផ្តិតយករូបភាពប្រមាណ១១ ០០០សន្លឹក ដែលគ្រប ដណ្តប់ មួយ ផ្នែក ធំនៃ ទឹកដី កម្ពុជា។ បច្ចុប្បន្ន បណ្តុំរូបថតទាំងនេះគឺ ជាបណ្ណសារដ៏វិសេស វិសាល ដែលនាំយើងត្រលប់ទៅកាន់ ទេសភាព ទីក្រុង និងជនបទកាលពី៧០ឆ្នាំមុន។ រូបថតឯកសារទាំងនេះគឺជាធនធានដ៏មានតម្លៃស្តីពីប្រវត្តិសាស្រ្ត ភូមិសាស្រ្ត បុរាណវិទ្យា នគរូបនីយកម្ម និងបរិស្ថាននៃប្រទេសកម្ពុជា។ ដើម្បីប្រែក្លាយរូបថតទាំងនោះ ជាឯកសារ ឌីជីថល សម្រាប់ការ ចូលមើល និងស្រាវជ្រាវដោយឥតគិតថ្លៃ ស្ថានទូតបារាំងកំពុងគាំទ្រដល់គម្រោងបណ្ណសារ រូបថត ពីលើអាកាស «Khmer Aerial Photographic Archive» (KAPA) អនុវត្តដោយវិទ្យាស្ថាន IRD និង វិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា ក្នុងក្របខ័ណ្ឌមន្ទីរពិសោធន៍ KHEOBS ដោយរួមសហការជាមួយវិទ្យាស្ថាន IGNFI ។ រូបថតឯកសារទាំងនេះនឹងប្រគល់ជូនប្រទេសកម្ពុជា នៅពេលបញ្ចូលក្នុងប្រព័ន្ធកុំព្យុទ័រ ជាទម្រង់ឌីជីថលរួចរាល់។
 
ចាប់ពីឆ្នាំ១៩៨០មក រូបភាព តាមប្រព័ន្ធផ្កាយរណបដែលតាមដានផែនដីពីចម្ងាយ ត្រូវបានអភិវឌ្ឍ ជាពិសេស ដោយមជ្ឈមណ្ឌលជាតិបារាំង សម្រាប់ការសិក្សាលំហ អាកាស (CNES)។ វិទ្យាស្ថាន IRD បានដើរតួនាទី សំខាន់ ក្នុងការ បង្កើតវិធីសាស្រ្តវិភាគរូបភាព ដើម្បីស្វែងយល់ពីការ ប្រែប្រួលសណ្ឋានដី តាមរយៈ ការវាស់វែង និងវិភាគការ វិវឌ្ឍ ក្រុង កសិកម្ម និងព្រៃឈើ ។ សមត្ថភាពវិភាគទិន្នន័យធំៗ អនុញ្ញាតឱ្យគេប្រើប្រាស់រូបភាព ទាំងនេះ ដើម្បីឃ្លាំ មើល បម្រែបម្រួលបរិស្ថាន និងជលសាស្រ្ត និងបង្កើតប្រព័ន្ធផ្តល់ដំណឹង ។
ក្រៅពីរូបភាពខាងលើ ក៏មានរូបភាពថតដោយដ្រូនដែលមានលក្ខណៈ ច្បាស់ល្អ ។ បច្ចេកទេសថ្មីៗក្នុងការ វិភាគ រូបភាព កំពុងត្រូវបានអភិវឌ្ឍដើម្បី សិក្សាពីការប្រែប្រួល សណ្ឋានដី។ បច្ចេកទេសទាំងនេះត្រូវបានប្រើប្រាស់យ៉ាង ច្រើន នៅកម្ពុជា ដើម្បីដោះស្រាយបញ្ហា ប្រឈម ពាក់ព័ន្ធការសង្កេតបរិស្ថាន ដោយសហការ ជាមួយស្ថាប័នស្រាវជ្រាវ នានា ។
 
សូមបញ្ជាក់ផងដែរថា ក្នុងក្របខ័ណ្ឌខួប៧០ឆ្នាំ នៃឯករាជ្យរបស់កម្ពុជា ស្ថានទូតបារាំងនៅកម្ពុជានឹងរៀបចំ កម្មវិធី វប្បធម៌ ជាច្រើនទៀត ក្នុងនោះមានការធ្វើសន្និសីទ និងការបញ្ចាំងភាព យន្តនៅវិទ្យាស្ថានបារាំងនៅ កម្ពុជា រួមទាំង ការតាំងពិព័រណ៍ មួយទៀតនៅសារមន្ទីរព្រះស្រីឦសានវរ្ម័នផងដែរ ៕

To Top