ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ពិភពលោក ទន្ទឹងរង់ចាំ កិច្ចជំនួប រវាងប្រមុខរដ្ឋចិន និងអាមេរិក នៅសាន់ហ្វ្រាន់ស៊ីស្កូ នឹងផ្តោតសំខាន់ ទៅលើកិច្ចសហប្រតិបត្តិការ និងទទួលបាននូវសមិទ្ធផល

កិច្ចជំនួបនៅសាន់ហ្វ្រាន់ស៊ីស្កូ រវាងប្រមុខរដ្ឋចិន និងអាមេរិក នៅសប្តាហ៍ក្រោយ គឺជាកិច្ចជំនួបទល់មុខគ្នា លើកដំបូង រវាងប្រមុខរដ្ឋ នៃប្រទេសទាំងពីរ បន្ទាប់ពីកិច្ចជំនួប ដែលធ្វើឡើងនៅកោះបាលី កាលពីឆ្នាំ២០២២ ។ ភាគីទាំងពីរនឹងធ្វើការប្រាស្រ័យ ទាក់ទងយ៉ាងស៊ីជម្រៅ ទៅលើបញ្ហាស្តីពីយុទ្ធសាស្ត្រ ស្ថានភាពទូទៅនិងទិសដៅ ដែលទាក់ទិននឹងទំនាក់ទំនងចិននិងអាមេរិក ព្រមទាំងបញ្ហាសំខាន់ៗ ទាក់ទិននឹងសន្តិភាព និងការអភិវឌ្ឍពិភពលោក។ ពិភពលោកទន្ទឹងរង់ចាំ កិច្ចជំនួប នៅសាន់ហ្វ្រាន់ស៊ីស្កូ រវាងប្រមុខរដ្ឋចិន និងអាមេរិក នឹងផ្តោតសំខាន់ ទៅលើកិច្ចសហប្រតិបត្តិការ និងទទួលបាននូវសមិទ្ធផល ។

នេះជាកិច្ចជំនួប ដែលបានមកដោយមិនងាយមួយលើក ហើយ”ការវិលត្រឡប់ ទៅរកគំនិតឯកភាពរួម នៅកោះបាលីឡើងវិញ “គឺជាគន្លឹះសំខាន់ ។ មូលហេតុដែលទំនាក់ទំនងចិន និងអាមេរិកជួបការលំបាក ក្នុងមួយឆ្នាំកន្លងមក គឺដោយសារគំនិតឯកភាពរួមនៅកោះបាលី មិនត្រូវបានយកមកអនុវត្ត។ ដោយយល់ខុស ចំពោះប្រទេសចិន អ្នកនយោបាយអាមេរិក បានអនុវត្តគោលនយោបាយខុសឆ្គង ចំពោះប្រទេសចិន ។

ចាប់តាំងពីការបំពេញ ទស្សនកិច្ចនៅប្រទេសចិន របស់លោកBlinken រដ្ឋមន្ត្រីការបរទេសអាមេរិក កាលពីខែមិថុនាឆ្នាំ២០២៣មក អាមេរិកបានបង្ហាញ អាកប្បកិរិយាដែលបន្ធូរបន្ថយភាពតានតឹង នៃទំនាក់ទំនងចិន និងអាមេរិក។ ភាគីអាមេរិក គួរតែដឹងថា ការទប់ស្កាត់ និងការគាបសង្កត់ចិន គឺមិនអាចទៅរួចទេ ។ ការដោះស្រាយបញ្ហាដូចជាបម្រែបម្រួលអាកាសធាតុ បញ្ហាក្ដៅគគុកក្នុងតំបន់ សូម្បីតែការស្តារឡើងវិញនៃសេដ្ឋកិច្ចអាមេរិក សុទ្ធតែមិនអាចកាត់ផ្ដាច់ពី កិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិនបានទេ ។ បន្ទាប់ពីធ្វើដំណើរដ៏បត់បែន អាមេរិកបានវិលត្រឡប់ ទៅរកគំនិតឯកភាព រួមនិងរបៀបវារៈកោះបាលីវិញ ដោយខានពុំបាន ។

គន្លឹះនៃការវិលត្រឡប់ទៅ រកគំនិតឯកភាពរួមនៅកោះបាលីឡើងវិញ គឺស្ថិតនៅលើប្រតិបត្តិការ ។ ក្នុងនោះ បញ្ហាតៃវ៉ាន់គឺជាចំណុចគន្លឹះ ក្នុងផលប្រយោជន៍ស្នូល របស់ប្រទេសចិន និងជាខ្សែបន្ទាត់ក្រហមសំខាន់បំផុតដែលមិនអាចផ្លោះរំលង បានក្នុងទំនាក់ទំនងចិន និងអាមេរិក។ពេលថ្មីៗនេះ ភាគីអាមេរិក បានបញ្ជាក់ជាថ្មីម្តងទៀតថា គោលនយោបាយចិនតែមួយ របស់ខ្លួនមិនបានប្រែប្រួល ហើយខ្លួនមិនគាំទ្រឱ្យ” តៃវ៉ាន់ឯករាជ្យ”ទេ ។ លើសពីនេះទៀត មន្ត្រីអាមេរិកបានថ្លែងម្តងហើយម្តងទៀតថា ពួកគេ”មិនស្វែងរកការផ្តាច់ទំនាក់ទំនង និងផ្តាច់ខ្សែសង្វាក់ជាមួយប្រទេសចិនទេ” ហើយយល់ឃើញថា ការផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច រវាងអាមេរិកនិងចិន នឹងនាំមកនូវ”ផលវិបាកមហន្តរាយ ដល់ប្រទេសទាំងពីរនិងពិភពលោក” ។ ការបង្ហាញឥរិយាបថទាំងនេះ គួរឱ្យយកចិត្តទុកដាក់ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺត្រូវប្រែក្លាយទៅជាការ អនុវត្តជាក់ស្តែង ។

ពេលបច្ចុប្បន្ននេះ ការស្តារឡើងវិញ នៃសេដ្ឋកិច្ចពិភពលោកមានកម្លាំងទន់ខ្សោយ ការប៉ះទង្គិចភូមិសាស្ត្រ នយោបាយកាន់តែខ្លាំងក្លា ហើយកត្តា មិនប្រាកដប្រជា និងអស្ថិរភាពកំពុងកើនឡើង ។ ទំហំសេដ្ឋកិច្ចសរុបរបស់ចិន និងអាមេរិកលើស ពីមួយភាគបីនៃពិភពលោក ចំនួនប្រជាជនសរុប មានចំនួនជិតមួយ ភាគបួន នៃពិភពលោក ហើយទំហំពាណិជ្ជកម្មទ្វេភាគី មានចំនួនប្រហែលជាមួយ ភាគប្រាំនៃពិភពលោក ។ តើចិននិងអាមេរិក គួររួមរស់ជាមួយគ្នា ដោយរបៀបណា វានឹងសម្រេចអនាគតនិងជោគវាសនា របស់មនុស្សជាតិ ។ ក្នុងអំឡុងពេលកិច្ច ជំនួបកោះបាលី លោកXi Jinpingប្រធានរដ្ឋចិន បានគូសបញ្ជាក់ថា គួរតែចាត់ទុកនិងដោះស្រាយ ទំនាក់ទំនងរវាងចិន និងអាមេរិកដោយឈរលើមូលដ្ឋាន នៃការក្តាប់ជាប់និន្នាការទូទៅ នៃពិភពលោក។ អ្នកទាំងអស់គ្នាក៏រំពឹងទុកថា កិច្ចជំនួបនៅសាន់ហ្វ្រាន់ស៊ីស្កូ របស់ប្រមុខរដ្ឋចិននិងអាមេរិក នឹងធ្វើការប្រាស្រ័យទាក់ទង ដោយស៊ីជម្រៅស្តីពីបញ្ហាសំខាន់ៗ ផ្នែកសន្តិភាពនិងការអភិវឌ្ឍពិភពលោក ដែលនឹងធ្វើឱ្យពិភពលោក មានចិត្តស្ងប់និងផ្តល់ផលប្រយោជន៍ ដល់ពិភពលោកទាំងមូល ។

កិច្ចជំនួបរវាងប្រមុខរដ្ឋចិន និងអាមេរិកនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូលើកនេះ បានបង្ហាញបន្ថែមទៀត នូវភាពស្មោះត្រង់របស់ភាគីចិន ដ៏ដូចជាទំនួលខុសត្រូវ ខ្ពស់ ចំពោះទំនាក់ទំនងចិននិងអាមេរិក និងសន្តិភាពនិងការអភិវឌ្ឍពិភពលោក ។ សង្ឃឹមថា អាមេរិកនឹងបោះបង់ ចោលនូវគំនិត ស្តីពីការប្រកួតប្រជែង រវាងមហាអំណាច រំដោះចេញពីឥទ្ធិពល នៃការប្រយុទ្ធគ្នារវាងបក្សក្នុងស្រុក និងផលប្រយោជន៍ ផ្ទាល់ខ្លួនរបស់អ្នកនយោបាយ ហើយធ្វើកិច្ចសន្ទនា ប្រកបដោយវិចារណញ្ញាណ និងប្រាកដប្រជាជាមួយប្រទេសចិន ដោយឈរលើមូលដ្ឋាន នៃផលប្រយោជន៍ជាតិ និង ផលប្រយោជន៍របស់ប្រជាជន ក៏ដូចជាទំនួលខុសត្រូវ ចំពោះពិភពលោក ។ តើទំនាក់ទំនងរវាងចិន និងអាមេរិកអាចមាន “ស្ថិរភាព និងប្រសើរឡើង”ជាបន្តបន្ទាប់ឬអត់ មនុស្សគឺជាអ្នកសម្រេច ៕
អត្ថបទនិងរូបភាព ដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top