ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ៖ ករណីបាញ់បោះសេរី ជាង២០០គ្រាប់ នៅគិរីរម្យ មន្ត្រីនគរបាល៤នាក់ ត្រូវបានបណ្ដេញ ចេញពីក្របខណ្ឌ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាក់ថា មន្រ្តីនគរបាលចំនួន ៤នាក់ ដែលពាក់ព័ន្ធករណីបាញ់បោះសេរីជាង ២០០គ្រាប់ នៅគិរីរម្យ ត្រូវបានបណ្ដេញចេញពីក្របខណ្ឌ ។

ក្នុងឱកាសអញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពាននាគភ្លោះកោះនរា និង ស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ» នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចាត់វិធានការដូចភ្លៀងរលឹមក្នុងការបង្រ្កាបមន្រ្តីប្រដាប់អាវុធ ដែលបាញ់បោះសេរី និងប្រើប្រាស់គ្រឿងញៀនជាដើម ។

សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា មិនត្រូវលើកលែងចំពោះកងកម្លាំងដែលបានប្រព្រឹត្តខុស ដូចជាករណីនៅភ្នំគិរីរម្យ កាលពីថ្ងៃទី១១ ខែវិច្ឆិកាកន្លងទៅ ត្រូវចាត់វិធានការភ្លាមៗ ហើយករណីបែបនេះ ត្រូវតែធ្វើជាដាច់ខាតចាប់ពីពេលនេះតទៅ ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា «ម្សិលម្ង៉ៃឃើញបាញ់នៅគិរីរម្យ សួរចុះសួរឡើង ស្រាវជ្រាវឃើញ ជាអកុសលនៅក្នុងកម្លាំង សមត្ថកិច្ចត្រូវកាត់បន្ថយ ហើយចាត់វិធានការបណ្ដេញចេញពីក្របខណ្ឌ ៤នាក់ ត្រូវបណ្ដេញចេញពីក្របខណ្ឌ ជាគំរូត្រូវតែអនុវត្ត ។ ឃើញការចាប់នៅតាមផ្ទះសំណាក់ និងផ្ទះមួយចំនួន ដែលបន្លំប្រើប្រាស់គ្រឿងញៀន បានអនុវត្តបានច្រើន ហើយសូមឲ្យយន្តការនេះ បន្តដូចភ្លៀងរលឹម ធ្វើយ៉ាងណាយើងសម្អាតបន្តិចម្ដងៗ ឈានទៅដល់ការថែរក្សា គ្រប់គ្រងម្ចាស់ការប្រឆាំងទៅនឹងអំពើទាំងអស់នេះ ហើយនេះជាអ្វីដែលត្រូវធ្វើ»

ជាមួយគ្នានោះដែរនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានស្នើអាជ្ញាធរមូលដ្ឋានឱ្យបង្កើនការគ្រប់គ្រង លើសន្តិសុខសណ្ដាប់ធ្នាប់ បញ្ហាគ្រឿងញៀន បងធំ បងតូច នៅតាមភូមិ ឃុំ សង្កាត់ ឱ្យកាន់តែប្រសើរថែមទៀត ។

សូមរំលឹកថា កាលយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីបាញ់បោះសេរីជាង ២០០គ្រាប់ ក្នុងពិធីខួបកំណើតមួយស្ថិតនៅចំណុចផ្ទះលំហែភូមិថ្មី (ចំការតែ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (លើខ្នងភ្នំគិរីរម្យ) ៕

To Top