ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន ធ្វើកិច្ចជំនួប ជាមួយលោកBiden ប្រធានាធិបតីសហរដ្ឋអាមេរិក

នៅថ្ងៃទី១៥ ខែវិច្ឆិកា តាមម៉ោង ក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិននិងលោកBiden ប្រធានាធិបតី សហរដ្ឋអាមេរិក បានធ្វើកិច្ចជំនួប ប្រមុខរដ្ឋចិន-អាមេរិក នៅភូមិគ្រឹះ Filoli នៅក្រុង San Francisco សហរដ្ឋអាមេរិក ។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរ បានធ្វើការផ្លាស់ប្តូរទស្សនៈ យ៉ាងស៊ីជម្រៅ និងស្មោះត្រង់ និងឈានដល់គំនិតឯកភាពរួមថ្មី លើបញ្ហាប្រកបដោយលក្ខណៈយុទ្ធសាស្ត្រ ភាពទូទៅ និងទិសដៅដែលទាក់ ទងនឹងទំនាក់ទំនងចិន-អាមេរិក ក៏ដូចជាបញ្ហាសំខាន់ៗដែលពាក់ព័ន្ធនឹងសន្តិភាព និងការអភិវឌ្ឍ របស់ពិភពលោកផងដែរ ។

លោក Xi Jinping បានលើកឡើងថា បច្ចុប្បន្ននេះពិភពលោកបាននិង កំពុងឆ្លងកាត់ការប្រែប្រួលនិម្មាបនកម្មយ៉ាងខ្លាំង ដែលមិនធ្លាប់មាន ក្នុងរយៈពេលមួយសតវត្ស ប្រទេសចិន និងសហរដ្ឋអាមេរិកមានជម្រើសពីរ៖ មួយគឺពង្រឹងសាមគ្គីភាព និង កិច្ចសហប្រតិបត្តិការ ពួតដៃគ្នា ដើម្បីឆ្លើយតបនឹង បញ្ហាប្រឈមសកល ព្រមនិងជំរុញសន្តិសុខនិងវិបុលភាព ពិភពលោក មួយទៀត គឺការប្រកាន់យកគំនិត ផលបូកសូន្យ ញុះញង់ឱ្យបង្កការ ប្រឈមមុខដាក់គ្នាជាប្លុក ធ្វើឱ្យពិភពលោកដើរ ទៅរកភាពចលាចល និងការបែកបាក់។ ជម្រើសទាំងពីរនេះតំណាងឱ្យទិសដៅពីរ ដែលនឹងកំណត់ពីអនាគត របស់មនុស្សជាតិ និងអនាគតនៃភាពផែនដី ។ ក្នុងនាមជាទំនាក់ទំនងទ្វេភាគី ដ៏សំខាន់បំផុតនៅលើពិភពលោក ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិកត្រូវតែគិតពិចារណានិងគ្រោងផែនការ ក្នុងបរិបទធំមួយនេះ ។ ប្រទេសចិននិងអាមេរិកមិនទាក់ទងគ្នា គឺមិនអាចទៅរួចទេ ហើយការព្យាយាម កែប្រែគូភាគី ក៏ជារឿង មិនប្រាកដប្រជានោះដែរ គ្មាននរណាម្នាក់អាចទទួលរ៉ាប់រង ផលវិបាកនៃជម្លោះ និងការប្រឈមមុខដាក់គ្នានោះទេ ។ ការប្រកួតប្រជែងរវាងប្រទេសធំ មិនអាចដោះស្រាយបញ្ហាដែលប្រទេសចិន សហរដ្ឋអាមេរិក និងពិភពលោកបាននិង កំពុងប្រឈមមុខនោះទេ ។ ប្រទេសចិននិងសហរដ្ឋអាមេរិកអាច រួមរស់ជាមួយគ្នានៅលើភពផែនដីនេះ ហើយភាពជោគជ័យរៀងៗខ្លួន របស់យើងគឺជាកាលានុវត្តភាព សម្រាប់គ្នាទៅវិញទៅមក ។

លោក Xi Jinping បានអធិប្បាយយ៉ាងស៊ីជម្រៅអំពីលក្ខណៈពិសេសនិងអត្ថន័យនៃការធ្វើទំនើបកម្មតាមបែបផែនចិន ក៏ដូចជាចក្ខុវិស័យនៃការអភិវឌ្ឍ និងគោលបំណងយុទ្ធសាស្ត្ររបស់ប្រទេសចិន ។ លោក Xi Jinping បានលើកឡើងថា ប្រទេសចិនមានតក្កវិជ្ជា និងក្រឹត្យក្រមរបស់ខ្លួនក្នុងការអភិវឌ្ឍ។ ប្រទេសចិនបាននិងកំពុងជំរុញ ដោយគ្រប់ជ្រុងជ្រោយនូវការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ តាមរយៈទំនើបកម្មតាមបែបផែនចិន។ ប្រទេសចិនមិនដើរតាមមាគ៌ាចាស់ បែបឆក់ប្លន់ របស់ពួកអាណានិគមនោះទេ ហើយក៏មិនដើរតាមមាគ៌ា អនុត្តរភាពនៅពេលដែលប្រទេសជាតិ មានកម្លាំងខ្លាំងក្លានោះដែរ ប្រទេសចិនមិននាំចេញមនោគមវិជ្ជា ហើយក៏មិនធ្វើការប្រឈមដាក់គ្នាខាងមនោគមវិជ្ជាជាមួយប្រទេសណានោះដែរ ។ ប្រទេសចិនគ្មានផែនការវ៉ាហួសឬជំនួសតួនាទី របស់សហរដ្ឋអាមេរិកទេ ហើយអាមេរិកក៏មិនគួរមានគំនិតនិងគាបសង្កត់ប្រទេសចិនដែរ ។

លោក Xi Jinping បានលើកឡើងថា ការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិសហវិជ្ជមាន និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ មិនត្រឹមតែ ជាបទពិសោធ ដែលបានពីទំនាក់ទំនងចិន-អាមេរិករយៈពេល ៥០ ឆ្នាំប៉ុណ្ណោះទេ ហើយក៏ជាការបំផុសគំនិត ដែលបានពីជម្លោះ រវាងប្រទេសធំ ក្នុងប្រវត្តិសាស្ត្រផងដែរ វាគួរក្លាយជាទិសដៅសម្រាប់ ការខិតខំប្រឹងប្រែង របស់ចិននិងអាមេរិក ។ ដរាបណាភាគីទាំងពីរ ប្រកាន់ខ្ជាប់នូវការ គោរពគ្នាទៅវិញទៅមក ការរួមរស់ ដោយសន្តិសហវិជ្ជមាន និងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដរាបនោះនឹងអាចគ្រប់គ្រង ពីការខ្វែងគំនិត និងរកឃើញមធ្យោបាយដ៏ត្រឹមត្រូវសម្រាប់ការរួមរស់នៅជាមួយគ្នារវាងប្រទេសធំទាំងពីរ ។ ក្នុងអំឡុងពេលកិច្ចជំនួបនៅកោះបាលីកាលពីឆ្នាំមុន ភាគីអាមេរិកបានបង្ហាញថា មិនស្វែងរកការ ផ្លាស់ប្តូរប្រព័ន្ធរបបរបស់ប្រទេសចិន មិនស្វែងរកការបង្ក “សង្រ្គាមត្រជាក់ថ្មី” មិនស្វែងរកការពង្រឹង ទំនាក់ទំនងសម្ព័ន្ធមិត្ត ដើម្បីប្រឆាំងនឹងប្រទេសចិន មិនគាំទ្រពួកអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ និងគ្មានចេតនាបង្កជម្លោះជាមួយចិន។ នៅក្នុងកិច្ចជំនួបនៅ ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូនេះ ប្រទេសចិន និងសហរដ្ឋអាមេរិកគួរតែមានចក្ខុវិស័យថ្មី ដើម្បីរួមគ្នាកសាងសសរស្តម្ភ ទាំងប្រាំនៃទំនាក់ទំនងចិន-អាមេរិក ។

ទី១គឺរួមគ្នាបង្កើតការយល់ដឹងដ៏ត្រឹមត្រូវ។ ប្រទេសចិនខិតខំប្រឹងប្រែងជាប់រហូតក្នុងការបង្កើតទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិកប្រកបដោយស្ថិរភាព បរិសុទ្ធនិងជានិរន្តរភាព ព្រមពេលជាមួយគ្នានេះ ប្រទេសចិនមានផលប្រយោជន៍ដែលត្រូវតែគាំពារ មានគោលការណ៍ត្រូវតែការពារ និងនិងមានបន្ទាត់ក្រហមត្រូវតែប្រកាន់ខ្ជាប់ សង្ឈឹមថាប្រទេសទាំងពីរអាចធ្វើជាដៃគូ គោរពគ្នាទៅវិញទៅមក រួមរស់នៅដោយសន្តិសហវិជ្ជមាន។

ទី២គឺរួមគ្នាគ្រប់គ្រង់ការខ្វែងគំនិត ដោយមានប្រសិទ្ធភាព ។មិនឱ្យការខ្វែងគំនិតក្លាយទៅជាចន្លោះរវាងប្រទេសទាំងពីរ ភាគីទាំងពីរត្រូវយល់ដឹង ពីគោលការណ៍និងបន្ទាត់ក្រហមរវាងគ្នានិងគ្នា កុំប្រឌិតរឿង កុំបង្ករឿងហេតុ កុំឆ្លងកាត់បន្ទាត់ ធ្វើការប្រាស្រ័យទាក់ទងឱ្យបានច្រើន ធ្វើកិច្ចសន្ទនាឱ្យបានច្រើន ពិគ្រោះពិភាក្សាឱ្យបានច្រើន ដោះស្រាយការខ្វែង កំនិតនិងគ្រោះថ្នាក់ដោយស្ងប់ស្ងាត់។

ទី៣គឺរួមគញនាជំរុញកិច្ចសហប្រតិបត្តិការ ផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក ។ ចិននិងសហរដ្ឋអាមេរិកមានផលប្រយោជន៍រួមយ៉ាងទូលំទូលាយលើវិស័យច្រើន មិនត្រឹមតែលើវិស័យប្រពៃណីដូចជាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម កសិកម្មជាដើមប៉ុណ្ណោះទេ ថែមទាំងលើវិស័យថ្មីដូចជា បម្រែបម្រួលអាកាសធាតុ បញ្ញាឆ្លាតវៃជាដើមទៀតផង។ ភាគីទាំងពីរត្រូវតែប្រើប្រាស់ឱ្យបានល្អនូវយន្តការ ដែលស្តារឡើងវិញឬបង្កើតឡើងលើវិស័យដូចជា ការទូត សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធុរកិច្ចពាណិជ្ជកម្មនិង កសិកម្មជាដើម ធ្វើកិច្ចសហប្រតិបត្តិការខាងការប្រឆាំងគ្រឿងញៀន ការប្រតិបត្តិច្បាប់ បញ្ញាឆ្លាតវៃ និងបច្ចេកវិទ្យាជាដើម។

ទី៤ គឺរួមគ្នាទទួលទំនួលខុសត្រូវ របស់មហាប្រទេស ។ ការដោះស្រាយបញ្ហាប្រឈម ក្នុងសង្គមមនុស្សជាតិមិនអាចសម្រេចបានទេ បើគ្មានកិច្ចសហប្រតិបត្តិការរបស់ប្រទេសធំៗ។ ចិននិងសហរដ្ឋអាមេរិកគួរតែធ្វើការ ដឹកនាំបង្កើនកិច្ចសម្របសម្រួលនិង កិច្ចសហការលើបញ្ហាក្នុងអន្តរជាតិនិងតំបន់ ផ្តល់ផលិតផលសាធារណៈកាន់តែច្រើន ចំពោះពិភពលោក គំនិតផ្តួចផ្តើមដែលលើកឡើងដោយភាគីទាំងពីរត្រូវបើកចំហគ្នាទៅវិញទៅមក ក៏អាចសម្របសម្រួលធ្វើការតភ្ជាប់ បង្កើតកម្លាំងរួម ។

ទី៥ គឺរួមគ្នាជំរុញការផ្លាស់ប្តូរវប្បធម៌មនុស្ស ។ត្រូវបង្កើនជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍ ពង្រីកការប្រាស្រ័យទាក់ទងក្នុងតំបន់ បង្កើនកិច្ចសហប្រតិបត្តិការ ខាងការអប់រំ លើកទឹកចិត្តនិងគាំទ្រ ប្រជាជនប្រទេសទាំងពីរ ធ្វើការប្រាស្រ័យទាក់ទង និងធ្វើការផ្លាស់ប្តូរឱ្យបានច្រើន។

លោក Xi Jinping ប្រធានរដ្ឋចិនបានអធិប្បាយយ៉ាងស៊ីជម្រៅនូវគោលការណ៍និងគោលជំហរលើបញ្ហាតៃវ៉ាន់ ដោយចង្អុលបង្ហាញថា បញ្ហាតៃវ៉ាន់គឺជាបញ្ហាដ៏សំខាន់និង រសើមបំផុតនៃទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក ។ ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ ទៅលើការបង្ហាញអាកប្បកិយិយាដ៏វិជ្ជមានពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកក្នុងអំឡុងពេលកិច្ចជំនួបកោះBali ភាគីអាមេរិកត្រូវអនុវត្តអាកប្បកិរិយាមិនគាំទ្រ “កម្លាំងអបគមន៍ចង់ឱ្យតៃវ៉ាន់ឯករាជ្យ ”ឱ្យប្រាកដប្រជា បញ្ឈប់ការបំពាក់អាវុធតៃវ៉ាន់ គាំទ្រប្រទេសចិនធ្វើការបម្រួបសម្រួមដោយសន្តិវិធី ។ ទីបំផុតប្រទេសចិននឹងបង្រួបបង្រួម ហើយត្រូវតែបង្រួបបង្រួម ។

លោក Xi Jinping បានលើកឡើងថា ភាគីអាមេរិកបានចាត់វិធានការដែលសំដៅចំពោះចិនជាបន្តបន្ទាប់លើវិស័យដាក់កំហិតចំពោះការនាំចេញ ការត្រួតពិនិត្យចំពោះការនិវិយោគ និងការដាក់ទណ្ឌកម្មដោយឯកតោភាគី ដែលបានបង្ខូចយ៉ាងធ្ងន់ធ្ងរនូវផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់ចិន។ ការដាក់កំហិតលើបច្ចេកវិទ្យាចិនគឺជាការទប់ស្កាត់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ចិន និងដកហូតសិទ្ធិអភិវឌ្ឍន៍របស់ប្រជាជនចិន។ ការអភិវឌ្ឍនិងរីកចម្រើនរបស់ចិនមានកត្តវិជ្ជាផ្ទៃក្នុងរបស់ខ្លួន គឺមិនអាចត្រូវបានរាងរាំងដោយកម្លាំងខាងក្រៅនោះទេ។ សង្ឃឹមថា ភាគីអាមេរិកយកចិត្តទុកដាក់ចំពោះកង្វល់របស់ចិន ចាត់វិធានការដើម្បីលុបចោលការដាក់ទណ្ឌកម្មដោយឯកតោភាគី ក្នុងន័យផ្តល់បរិយាកាសដ៏យុត្តិធម៌ ត្រឹមត្រូវនិងមិនរើសអើងសម្រាប់សហគ្រាសចិន។

លោក Biden បានសម្តែងការស្វាគមន៍ យ៉ាងកក់ក្តៅ ចំពោះលោក Xi Jinping ដែលបានអញ្ជើញធ្វើដំណើរ ទៅកាន់អាមេរិក ដើម្បីចូលរួមកិច្ចជំនួបប្រមុខ រដ្ឋអាមេរិក-ចិននៅអាមេរិក។ លោកបានលើកឡើងថា ឆ្នាំមុនខ្ញុំនិងលោក Xi បានធ្វើកិច្ចជំនួបយ៉ាងសំខាន់នៅកោះបាលី។ ក្រុងសាន់ហ្វ្រាន់ស៊ីស្កូជាកន្លែង ដែលជនជាតិចិនមកដល់មុនគេបង្អស់នៅអាមេរិក ជាកន្លែងដែលអាមេរិកនិងចិនចុះហត្ថលេខាលើ «ធម្មនុញ្ញអង្គការសហប្រជាជាតិ» ហើយក៏ជាកន្លែងដែលអាមេរិកនិងចិនចងសម្ព័ន្ធភាពជាទីក្រុងមិត្តភាពមុនគេបង្អស់ផងដែរ។ ថ្ងៃនេះ យើងធ្វើកិច្ចជំនួបទល់មុខជាថ្មីម្តងទៀត នៅក្រុងសាន់ហ្វ្រាន់ស៊ីស្កូ វាប្រកបដោយសារសំខាន់ដ៏ពិសេស ខ្ញុំរំពឹងថាយើងនឹងទទួលបានគំនិតឯកភាព រួមនិងសមិទ្ធផលថ្មីដោយឈរ លើមូលដ្ឋាននៃកិច្ចជំនួបកោះបាលី ។

លោក Biden បានលើកឡើងថា ខ្ញុំតែងតែសម្គាល់ឃើញជានិច្ចថា ទំនាក់ទំនងរវាងអាមេរិកនិងចិនជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតលើពិភពលោក ហើយជម្លោះរវាងអាមេរិកនិងចិន មិនមែនមិនអាច ចៀសវាងបាននោះទេ។ ប្រទេសចិនដែលមានស្ថិភាព និងការអភិវឌ្ឍគឺសមស្របនឹង ផលប្រយោជន៍របស់អាមេរិកនិងពិភពលោក កំណើនសេដ្ឋកិច្ចចិនមានអំណោយផលដល់អាមេរិក ហើយក៏មានអំណោយផលដល់ពិភពលោកផងដែរ។ ទំនាក់ទំនងរវាងចិននិងអាមេរិក ដែលរក្សាបាននូវស្ថិរភាព បង្ការកុំឱ្យកើតមានការប៉ះទង្គិច គ្រប់គ្រងការខ្វែងគំនិតគ្នា ហើយធ្វើកិច្ចសហប្រតិបត្តិការ លើវិស័យដែលសមស្របនឹងផល ប្រយោជន៍របស់ភាគីទាំងពីរ វានឹងជួយប្រទេសទាំងពីរឱ្យ ឆ្លើយតបកាន់តែល្អចំពោះបញ្ហារៀងៗខ្លួននិងបញ្ហាដែលប្រឈមរួម ។
ខ្ញុំរីករាយក្នុងការរំលឹកឡើងវិញ នូវពាក្យសន្យា ៥ ចំណុចដែលបានធ្វើក្នុងកិច្ចជំនួបកោះបាលី ពោលគឺ អាមេរិកមិនស្វែងរកការធ្វើសង្គ្រាមត្រជាក់ថ្មី មិនស្វែងរកការកែប្រែប្រព័ន្ធរបបរបស់ចិន មិនស្វែងរកការប្រឆាំងប្រទេសចិនតាមរយៈការពង្រឹងទំនាក់ទំនងសម្ព័ន្ធមិត្ត មិនគាំទ្រ”តៃវ៉ាន់ឯករាជ្យ” ហើយគ្មានចេតនាបង្កជម្លោះជាមួយចិននោះទេ ។ សេដ្ឋកិច្ចមេរិកនិងចិន គឺពឹងផ្អែកគ្នាទៅវិញទៅមក អាមេរិករីករាយដែលមើលឃើញ ការអភិវឌ្ឍនិងភាពសម្បូរសប្បាយ របស់ចិន មិនស្វែងរកការគាបសង្កត់ និងទប់ស្កាត់ការអភិវឌ្ឍរបស់ចិនទេ ហើយក៏មិនស្វែងរកការផ្តាច់ទំនាក់ ទំនងពាណិជ្ជកម្មជាមួយចិននោះដែរ ។

ភាគីអាមេរិកគោរពយ៉ាងម៉ឺងម៉ាត់នូវគោល នយោបាយចិនតែមួយ ស្វាគមន៍គ្រប់ក្រសួង-ស្ថាប័ននិងគ្រប់ស្រទាប់ជាន់ថ្នាក់នៃភាគីទាំងពីរធ្វើកិច្ចសន្ទនាគ្នា អាមេរិករីករាយបន្តរក្សាការប្រាស្រ័យ ទាក់ទងប្រកបដោយភាពស្មោះត្រង់និងបើកទូលាជាមួយចិន ដើម្បីបង្កើនការយល់ដឹង ចៀសវាងការយល់ច្រឡំ និងគ្រប់គ្រងការខ្វែងគំនិតគ្នា ។ ភាគីអាមេរិករីករាយបន្តអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយចិន បង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗ ដូចជាបម្រែបម្រួលអាកាសធាតុ ប្រយុទ្ធប្រឆាំងគ្រឿងញៀននិងភាពឆ្លាតវៃសិប្បនិម្មិតជាដើម និងរីករាយក្នុងការបង្កើនជើង ហោះហើយផ្ទាល់រវាងប្រទេសទាំងពីរ ពង្រីកការផ្លាស់ប្តូរផ្នែកអប់រំ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និងពង្រីកការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន៕
ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារនៃគូភាគីក្នុងការពិភាក្សាអំពីការកំណត់គោលការណ៍ណែនាំសម្រាប់ទំនាក់ទំនងចិន-អាមេរិក ក្រោយពីកិច្ចជំនួបកោះបាលី ហើយគូសបញ្ជាក់ថាត្រូវគោរពគ្នា រួមរស់ដោយសន្តិសហវិជ្ជមាន រក្សាការប្រាស្រ័យទាក់ទងគ្នា បង្ការកុំឱ្យកើតមានជម្លោះ គោរពយ៉ាងម៉ឺងម៉ាត់នូវ«ធម្មនុញ្ញាអង្គការសហប្រជាជាតិ» ធ្វើកិច្ចសហប្រតិបត្តិការលើវិស័យដែលមានផលប្រយោជន៍រួម និងគ្រប់គ្រងកត្តាប្រកួតប្រជែង ក្នុងទំនាក់ទំនងទ្វេភាគីដោយមានទំនួលខុសត្រូវ ។ ប្រមុខរដ្ឋទាំងពីរក៏ស្វាគមន៍ ក្រុមការងារភាគីទាំងពីរបន្តពិភាក្សាអំពីខ្លឹមសារទាំងនេះផងដែរ។
ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានឯកភាព ក្នុងការជំរុញនិងបង្កើនកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ រវាងចិននិងអាមេរិកលើគ្រប់វិស័យ រួមមានជាអាទិ៍៖ បង្កើតកិច្ចសន្ទនាអន្តររដ្ឋាភិបាល ផ្នែកភាពឆ្លាតវៃសិប្បនិម្មិត, បង្កើតក្រុមការងារសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនចិន-អាមេរិក ដើម្បីធ្វើកិច្ចសហប្រតិបត្តិការខាងការប្រយុទ្ធប្រឆាំងគ្រឿងញៀន, រៀបចំឡើងវិញនូវការប្រាស្រ័យទាក់ទងជាន់ខ្ពស់ រវាងកងទ័ពទាំងពីរ កិច្ចជំនួបការងារក្រសួងការពារជាតិចិន-អាមេរិក និងកិច្ចប្រជុំនៃយន្តការពិគ្រោះពិភាក្សា ស្តីពីសន្តិសុខយោធាតាមសមុទ្រចិន-អាមេរិក ដោយឈរលើមូលដ្ឋាននៃសមភាពនិងគោរពគ្នា, ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទរវាងថ្នាក់ដឹកនាំនៃយុទ្ធភូមិភាគកងទ័ពទាំងពីរចិន-អាមេរិក, ឯកភាពឱ្យបន្ថែមជើងហោះហើរក្នុងចំនួនច្រើននៅដើមឆ្នាំក្រោយ, ពង្រីកការផ្លាស់ប្តូរលើវិស័យអប់រំ ការបន្តការសិក្សានៅបរទេស យុវជន វប្បធម៌ កីឡានិងមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្ម ។ល។

ប្រមុខរដ្ឋនៃប្រទេសទាំងពីរ បានគូសបញ្ជាក់ពីសារសំខាន់ នៃការដែលចិន និងអាមេរិករួមគ្នាពន្លឿន កិច្ចខិតខំប្រឹងប្រែង ដើម្បីឆ្លើយតបនឹងវិបត្តិអាកាសធាតុ ក្នុងរយៈពេល១០ឆ្នាំខាងមុខ ហើយស្វាគមន៍បេសកជនពិសេ សទទួលបន្ទុកកិច្ចការអាកាសធាតុ នៃប្រទេសទាំងពីរធ្វើការពិភាក្សាយ៉ាងសកម្ម ក្នុងនោះរួមទាំងការ កាត់បន្ថយសកម្មភាព បញ្ចេញឧស្ម័ន ផ្ទះកញ្ចក់ក្នុងទសវត្សរ៍ឆ្នាំ ២០២០, ការរួមគ្នាជំរុញឱ្យមហាសន្និបាត បម្រែបម្រួលអាកាស ធាតុអង្គការ សហប្រជាជាតិក្រុងឌូបៃ (COP28) ប្រព្រឹត្តទៅដោយជោគជ័យ និង ចាប់ដំណើរការ” ក្រុមការងារពង្រឹងសកម្មភាពឆ្លើយតប នឹងអាកាសធាតុក្នុងទសវត្សរ៍ឆ្នាំ ២០២០ នៃសតវត្សរ៍ទី ២១” ដើម្បីពន្លឿនការសកម្មភាពឆ្លើយតបនឹងអាកាសធាតុ ។

បន្ទាប់ពីកិច្ចជំនួប លោក Biden បានរៀបចំពិធីជប់លៀងអាហារថ្ងៃត្រង់ជូនលោក Xi Jinping។ ប្រមុខរដ្ឋទាំងពីរបានផ្លាស់ប្តូរទស្សនៈលើបញ្ហាអន្តរជាតិនិងតំបន់ដែលជាកង្វល់រួមដូចជាការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលជាដើម ។លោក Biden ក៏បានអញ្ជើញលោក Xi Jinping ដើរកម្សាន្តជាមួយគ្នានៅក្នុងភូមិគ្រឹះ Filoli ហើយបានជូនដំណើរលោក Xi Jinping ឡើងរថយន្តដោយផ្ទាល់ផងដែរ។
កិច្ចជំនួបលើកនេះប្រកបដោយ ភាពវិជ្ជមាន គ្រប់ជ្រុងជ្រោយនិងលក្ខណៈស្ថាបនា ដែលបានចង្អុលបង្ហាញទិសដៅយ៉ាងច្បាស់ លាស់សម្រាប់ការកែលម្អ និងអភិវឌ្ឍ ទំនាក់ទំនងរវាងចិននិងអាមេរិក ។ ទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ ជាចំណុចចាប់ផ្តើមថ្មី សម្រាប់លំនឹងទំនាក់ទំនងរវាងចិន និងអាមេរិក ។ ប្រមុខរដ្ឋទាំងពីរបានជំរុញឱ្យក្រុមការងាររបស់ខ្លួនអនុវត្តគំនិតឯកភាពរួមនៃកិច្ចជំនួបកោះបាលីឱ្យបានល្អ ហើយតាមដាននិងអនុវត្តតាមចក្ខុវិស័យថ្មី នៃកិច្ចជំនួបលើកនេះ ។ ប្រមុខរដ្ឋទាំងពីរបានយល់ព្រមបន្តរក្សា ការប្រាស្រ័យទាក់ទងគ្នាឱ្យបានញឹកញាប់ ៕ អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top