បរទេស ៖ ប្រទេសហ្វាំងឡង់ បានដាក់ពង្រាយទាហាន ដើម្បីជួយពង្រឹង ច្រកឆ្លងកាត់តំបន់ព្រំដែន (វ៉ាសឺស) នៅលើព្រំដែន ចម្ងាយ ១.៣៤០ គីឡូម៉ែត្ររបស់ខ្លួន ជាមួយប្រទេសរុស្ស៊ី ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា តំបន់ព្រំដែន វ៉ាសឺស គឺជាច្រកឆ្លងកាត់មួយ ក្នុងចំណោមច្រកទាំងបួន ដែលនៅតែបើកចំហ បន្ទាប់ពីការ សម្រេចចិត្ត របស់រដ្ឋាភិបាលទីក្រុង ហេលសិនស្គី ក្នុងការបិទច្រកចូល ភាគខាងត្បូង ចំពេលមានការចោទប្រកាន់ថា ប្រទេសរុស្ស៊ីកំពុង “បង្កក” ជនចំណាកស្រុកនិងអ្នកស្វែងរកសិទ្ធិជ្រកកោន ពីប្រទេសទីបីទៅកាន់ព្រំដែន ហ្វាំងឡង់។
ឆ្មាំព្រំដែនបាននិយាយនៅលើ X (អតីត Twitter) កាលពីថ្ងៃអាទិត្យដោយបន្ថែមថា ទាហានមិនពាក់ព័ន្ធនឹង ការគ្រប់គ្រងព្រំដែនខ្លួនឯងទេ។“នៅប៉ុស្តិ៍ព្រំដែន វ៉ាសឺស នៅទីក្រុង Kuhmo របាំងបណ្តោះអាសន្ន កំពុងត្រូវបានសាងសង់ នៅក្នុងតំបន់ព្រំដែន ។ កងកម្លាំងការពារជាតិគាំទ្រ ឆ្មាំព្រំដែនក្នុងការងារ សាងសង់”
មេប៉ុស្តិ៍ព្រំដែន គឺលោក ចូគី គីណូណិន បានប្រាប់ទូរទស្សន៍ ហ្វាយ លី ថា យោធាកំពុងដំឡើងរបាំងសន្តិសុខបណ្តោះអាសន្ននៅប៉ុស្តិ៍ត្រួតពិនិត្យ។
កាលពីថ្ងៃសៅរ៍ ប្រទេសហ្វាំងឡង់បានបិទច្រកចូលតំបន់ វ៉ាលីម៉ា, ច្រក ណូចាម៉ា, ច្រក អ៊ីម៉ាត្រា និងច្រក នីរ៉ាឡា ភាគអាគ្នេយ៍ ដោយលើកឡើងពីតម្រូវការដើម្បីការពារលំហូរចូលនៃអ្នកស្វែងរកសិទ្ធិជ្រកកោន។ អាជ្ញាធរបានរាយការណ៍ពីការកើនឡើងនៃការឆ្លងដែនខុសច្បាប់ រួមទាំងជនចំណាកស្រុកមកពីប្រទេសស៊ីរី យេម៉ែន និងអ៊ីរ៉ាក់។
រដ្ឋមន្ត្រីការពារជាតិ ហ្វាំងឡង់ លោក អេនទី ហាក់កានិន បានពណ៌នាការបិទនេះថាជា “សារដ៏ច្បាស់លាស់មួយ ទៅកាន់ប្រទេសរុស្ស៊ី” ដែលលោកបាន អះអាងថា រុស្ស៊ីកំពុងប្រើប្រាស់ជនចំណាកស្រុកដើម្បី “ពន្លឿនវិបត្តិជនចំណាកស្រុកនៅអឺរ៉ុប និងធ្វើឱ្យអស្ថិរភាពដល់ការរួបរួមរបស់ខ្លួន។ ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហ្វាំងឡង់លោកស្រី ម៉ារី រ៉ាន់តានិន បានអះអាងថា ទីក្រុងមូស្គូអាច “រំខានដោយអ្វីមួយ នៅក្នុងសកម្មភាព របស់ប្រទេសហ្វាំងឡង់” ៕
ប្រែសម្រួលៈ ណៃ តុលា