ព័ត៌មានជាតិ

សហព័ន្ធសន្តិភាពសកល UPF ពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋសភាកម្ពុជា ក្នុងបេសកកម្ម កសាងសុខសន្តិភាព និងការអភិវឌ្ឍ

ភ្នំពេញ ៖ សម្តេច​ ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា បានអនុញ្ញាត ឱ្យប្រតិភូសហព័ន្ធ សន្តិភាព សកល (Universal Peace Federation-UPF) ដឹកនាំដោយ លោកបណ្ឌិត Charles S. Yang ប្រធានសហព័ន្ធ សន្តិភាពសកល (UPF) ជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងពង្រីកកិច្ច សហប្រតិបត្តិការ រវាងស្ថាប័នទាំងពីរ នៅក្នុងបេសកកម្មស្វែង រកសុខសន្តិភាព និងការអភិវឌ្ឍ ជូនពលរដ្ឋនៅក្នុងតំបន់ ក៏ដូចជានៅលើសកលលោក ។

ក្នុងឱកាសនោះ សម្តេច រដ្ឋសភាធិបតី បានថ្លែងការកោតសរសើរចំពោះបេសកកម្មដ៏ល្អរបស់អង្គការ UPF នៅក្នុងការស្វែងរកសន្តិភាពជូនតំបន់ និងសកលលោក។ កម្ពុជាបានចូលរួមនិងគាំទ្របេសកកម្មនេះជានិច្ច នៅក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាព ហើយបានបន្តវេនដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧ ដែលពោរពេញដោយសមត្ថភាពនិងថាមពល។

សម្តេច រដ្ឋសភាធិបតី បានលើកឡើងថា UPF ក៏មានទំនាក់ទំនងដ៏ល្អ ជាមួយរដ្ឋសភាកម្ពុជា ជាយូរមកហើយ ។ ដូច្នេះនៅក្នុងពេល ដែលពិភពលោកកំពុង ប្រឈមនូវអំពើហិង្សា ភាពស្មុគស្មាញភូមិសាស្រ្ត នយោបាយ សង្រ្គាម និង ភាពមិនប្រាកដប្រជានោះ UPFគួរស្វែងរកលទ្ធភាព កាន់តែច្រើនជាមួយ រដ្ឋសភាកម្ពុជា ដើម្បីបានចូលរួមនៅក្នុងសកម្មភាព ដ៏មានតម្លៃនេះ ។ សម្តេច រដ្ឋសភាធិបតី បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាបាន ចូលរួមជាមួយវេទិកា អន្តរសភាជាច្រើន នៅក្នុងការលើកកម្ពស់សន្តិភាព និងកិច្ចសន្ទនាដូចជា AIPA, APPF, APF, ASEP ជាដើម។

លោកបណ្ឌិត Charles S. Yang បានគូសបញ្ជាក់ថា UPFទាំងមូលមានជំនឿជឿជាក់ ក្រោមការដឹកនាំរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ទំាងរដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីនេះ នឹងសម្រេចបាននូវសមិទ្ធផលថ្មីៗ ជាច្រើនទៀតជូនជាតិនិងប្រជាជន។
លោកបណ្ឌិត Charles S. Yang បានជម្រាបជូន សម្តេចប្រធានរដ្ឋសភា ពីលទ្ធផលជាច្រើន នៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ UPF នៅកម្ពុជា នៅក្នុងនោះ គណៈប្រតិភូបានទស្សនកិច្ចវិមានឈ្នះឈ្នះផងដែរ ។ លោកក៏លើកឡើង ពីគម្រោងរៀបចំសន្និសីទ មួយចំនួនរបស់UPF ដើម្បីសន្តិភាព នាពេលមុខ និងស្នើសូមរដ្ឋសភាកម្ពុជាគំាទ្រ ដោយបានគូសបញ្ជាក់ថា យុទ្ធសាស្រ្តឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន ជាមេរៀនសំខាន់មួយ ដែលពិភពលោក ត្រូវរៀនសូត្រ នៅក្នុងការបញ្ចប់សង្រ្គាម និងកសាងសន្តិភាព ៕

To Top