ព័ត៌មានជាតិ

ទូតអាមេរិក ស្នើកម្ពុជា បង្កើនការនាំចូលផលិតផលពីអាមេរិក មកកាន់ទីផ្សារកម្ពុជា

រូបភាពពី៖​ ទីស្តីការគណៈរដ្ឋមន្ត្រី

 ភ្នំពេញ៖ លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បានស្នើទៅកាន់លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ឲ្យបង្កើនការនាំចូលផលិតផលពីអាមេរិក មកកាន់ទីផ្សារកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត ខណៈអាមេរិក គឺជាទីផ្សារនាំចេញធំជាងគេ របស់កម្ពុជា ។

ការស្នើរបស់លោកទូត ខាងលើនេះធ្វើឡើង ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក វង្ស៊ី វិស្សុត ជុំវិញបញ្ហាសំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ នាថ្ងៃ២១ វិច្ឆិកា ។

ក្នុងជំនួបនេះលោក Patrick Murphy កោតសរសើរ និងអរគុណកម្ពុជាបានបោះឆ្នោតគាំទ្រការសម្រេចចិត្ត របស់អង្គការសហប្រជាជាតិ (UN) ចំពោះបញ្ហាអ៊ុយក្រែន។

លោកថា សហរដ្ឋអាមេរិក បានកត់សម្គាល់ឃើញថា កន្លងមកអាមេរិកបានធ្វើកិច្ចសហប្រតិបត្តិការជាច្រើន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយគោរពអធិបតេយ្យភាព និងឯករាជ្យភាពកម្ពុជា។

ក្នុងនោះលោកឯកអគ្គរដ្ឋទូត ក៏បានលើកឡើងថា “អាមេរិកគឺជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា លើផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ។ អាមេរិក ស្នើឲ្យកម្ពុជា បង្កើនការនាំចូល ផលិតផលពីអាមេរិក មកកាន់ទីផ្សារកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀតផងដែរ”។

ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូតថា អាមេរិក នឹងជួយជំរុញភ្ញៀវទេសចររបស់ខ្លួនមកទស្សនានៅកម្ពុជាឲ្យមានកំណើនបន្ថែមទៀត និងបន្តរួមចំណែកនជួយអភិវឌ្ឍ និងអភិរក្ស វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់កម្ពុជា ជាពិសេសនឹងបន្តប្រគល់វត្ថុបុរាណដែលខ្លួនសម្របសម្រួល និងចាត់ចែងប្រគល់ត្រលប់មកកម្ពុជា ជាម្ចាស់ដើមវិញ។

លោកឯកអគ្គរដ្ឋទូត ក៏បានអរគុណកម្ពុជាដែលបានចូលរួមសហការ ក្នុងការស្វែងរកអដ្ឋិធាតុរបស់កងទ័ពរបស់អាមេរិក នៅកម្ពុជា។

ជាមួយគ្នានេះ លោក វង្សី វិស្សុត ធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា និងសហរដ្ឋអាមេរិក ទោះបីពេលខ្លះក៏ធ្លាប់មានភាពប្រសើរឡើង ហើយពេលខ្លះទៀតក៏ធ្លាក់ចុះក្តី (ups and downs) តែអាមេរិក ពិតជាមានសារៈសំខាន់ ចំពោះកម្ពុជា ហើយកម្ពុជា ពិតជាចង់ឃើញទំនាក់ទំនង រវាងកម្ពុជា-អាមេរិក កាន់តែ ប្រសើរឡើង ដើម្បីផលប្រយោជន នៃប្រទេសទំាងពីរ។

ទន្ទឹមនេះ លោក វង្សី វិស្សុត បានវាយតម្លៃខ្ពស់ ចំពោះការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ នាពេលកន្លងមក ហើយក្នុងនាមជាដៃគូពាណិជ្ជកម្ម ធំជាងគេរបស់កម្ពុជា សហរដ្ឋអាមេរិក បានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋ។

លោក វង្សី វិស្សុត បានស្នើសុំភាគីអាមេរិក ជួយជំរុញភ្ញៀវទេសចរ និងវិនិយោគិនអាមេរិកឲ្យមកដើរលេងកម្សាន្ត និងសម្លឹងឱកាសវិនិយោគ នៅកម្ពុជាបន្ថែមទៀត។ ជាពិសេសលោកឧបនាយករដ្ឋមន្ត្រី ប្រចាំការ បានលើកទឹកចិត្តឲ្យភ្ញៀវទេសចរអាមេរិក ទស្សនាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្របេតិកភណ្ឌជាតិ នៅខេត្តសៀមរាបអង្គរ ស្របពេលរាជរដ្ឋាភិបាលកំណត់យកឆ្នាំ២០២៤ គឺ ជា «ឆ្នាំទស្សនាខេត្តសៀមរាប»៕

To Top