ភ្នំពេញ៖ លោកស្រី ស៊ិន យៀកយៀក អនុប្រធានសភាប្រឹក្សានយោបាយ ប្រជាជនចិន បានបញ្ជាក់ជំហររបស់ខ្លួន ទៅកាន់សម្តេចតេជោ ហ៊ុន សែន ថា ចិនបន្តគាំទ្រ ការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីធានាកំណើនសេដ្ឋកិច្ច សម្រាប់ប្រទេសជាតិ និងប្រជាជន ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៣វិច្ឆិកានេះ បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឲ្យគណៈប្រតិភូ សភាប្រឹក្សានយោបាយប្រជាជនចិន ដឹកនាំដោយលោកស្រី ស៊ិន យៀកយយៀក (Shen Yueyue) អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៅវិមាន៧មករា។
ក្នុងសេចក្តីប្រកាសព័ត៌មានខាងលើនេះ បានបញ្ជាក់ថា ទស្សនកិច្ចរបស់ លោកស្រី បានជំរុញបន្ថែមទៀត នូវការអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែង នៅក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ក្នុងយុគសម័យថ្មី ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះវិភាគទានដ៏ធំធេង របស់មិត្តចិន ក្នុងដំណើរការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដែលជាចំណែកយ៉ាងសំខាន់ ក្នុងការចូលរួមពង្រឹងឯករាជ្យភាពកម្ពុជា ។
ប្រភពបញ្ជាក់ថា “ភាគីចិន បញ្ជាក់អំពីការបន្តគាំទ្រ ការដឹកនាំរបស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីធានានូវកំណើនសេដ្ឋកិច្ច និងនាំមកនូវផ្លែផ្កាសម្រាប់ប្រទេសជាតិ និងប្រជាជន” ។
ប្រភពដដែលបន្តទៀតថា “ក្នុងបរិបទដែលនយោបាយអន្តរជាតិកំពុងមានការវិវត្តន៍យ៉ាងស្មុគស្មាញ ភាគីទាំងពីរប្តេជ្ញាចិត្តបន្តគាំទ្រគ្នាទៅវិញទៅមក ដើម្បីរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងពង្រឹងនូវទំនាក់ទំនងរវាងប្រជាជន និងប្រជាជនឲ្យកាន់តែស៊ីជម្រៅថែមទៀត”៕