ភ្នំពេញ៖លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ការសម្ពោធបើកដំណើរការ ផ្សាររាត្រីភូមិអាហារ របស់ក្រុមហ៊ុន ព្រីនស៍ ថាមស៍ ផ្លាហ្សា នាពេលនេះ គឺជាសក្ដានុពលអាជីវកម្ម សម្រាប់បំពេញតម្រូវការទីផ្សារជាក់ស្តែង ដែលនឹងទទួលបានការគាំទ្រ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងទីក្រុង ជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ ។
ការលើកឡើងរបស់លោក អភិបាលរាជធានីភ្នំពេញ ខាងលើនេះ ធ្វើឡើងក្នុងឱកាស អញ្ជើញក្នុងពិធី “បើកសម្ពោធផ្សាររាត្រីភូមិអាហារ របស់ក្រុមហ៊ុន ព្រីនស៍ ថាមស៍ ផ្លាហ្សា ឯ.ក” មានទីតាំង ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៥ ក្នុងសង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ នា ល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដោយមានការចូលរួមពីមន្ត្រីរាជការ និងថ្នាក់ដឹកនាំក្រុមហ៊ុន ក្រុមហ៊ុន ព្រីនស៍ ថាមស៍ ផ្លាហ្សា ខណៈក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានបណ្តាក់ទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងវិស័យអចលនទ្រព្យ, ធនាគារ, ផ្សារទំនើប និងគម្រោងអភិវឌ្ឍន៍មួយចំនួនទៀត ជាពិសេសក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដោយអាជីវកម្មទាំងនោះ កំពុងដំណើរការដោយរលូន ជាមួយនឹងការគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ។
ក្នុងឱកាសនោះលោក ឃួង ស្រេង បានលើកឡើងថា ដើម្បីធានាភាពជោគជ័យ នៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និង និរន្តរភាពនៃការវិនិយោគទាំងអស់ របស់វិស័យឯកជន យើងត្រូវបន្តរួមគ្នាថែរក្សា “សន្តិភាព និងស្ថិរភាពនយោបាយ” ឱ្យខានតែបាន ទោះក្នុងតម្លៃណាក៏ដោយ។
លោកអភិបាលបាន សង្កត់ធ្ងន់ថា “ការសម្រេចចិត្តរបស់ ក្រុមហ៊ុន ព្រីនស៍ ថាមស៍ ផ្លាហ្សា ដែលបានបណ្តាក់ទុន បើកដំណើរការផ្សាររាត្រីភូមិអាហារ នាពេលនេះ គឺជាការសម្រេចចិត្តវិនិយោគដ៏ត្រឹមត្រូវ សមស្របទៅនឹងកាលទេសៈ ព្រឹត្តិការណ៍សង្គមកម្ពុជា ជាពិសេសគឺជាការត្រៀមលក្ខណៈទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ ពីគ្រប់ខេត្ត ដែលនឹងអញ្ជើញមកដើរកម្សាន្ត ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ហើយផ្សាររាត្រី ភូមិអាហារ នឹងក្លាយជាជម្រើស ដ៏គាប់ប្រសើរថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋ ក្នុងចំណុចប្រសព្វ រវាងខណ្ឌប្ញស្សីកែវ និងខណ្ឌជ្រោយចង្វារ ថែមទៀតផង”។
ឆ្លៀតក្នុងឱកាសនេះ លោកក៏ផ្តាំផ្ញើឲ្យគណៈគ្រប់គ្រងផ្សារ ត្រូវចូលរួមសហការ ឱ្យបានល្អជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីសម្រួលចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់-ចំណត របស់អតិថិជន ចៀសវាងបង្កការកកស្ទះ ការរំខាននានា ដល់អ្នកធ្វើដំណើរតាមដងផ្លូវ ដោយត្រូវចាត់ទុកថា “ការរៀបចំសណ្តាប់ធ្នាប់-ចំណត ជូនអតិថិជនបានល្អប្រសើរ គឺជាការចូលរួមគោរព ច្បាប់ចរាចរណ៍ផ្លូវគោក និងជាចំណុចទាក់ទាញមួយដ៏សំខាន់ សម្រាប់មូលដ្ឋានអាជីវកម្មរបស់ខ្លួនផងដែរ។
ជាមួយគ្នានេះ លោក ខ្លីហ្វ កហ្ស (CLIFF KOH) អភិបាលប្រតិបត្តិ នៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានឲ្យដឹងថា ផ្សាររាត្រីផ្លូវជាតិលេខ៥ គឺជាគម្រោងអភិវឌ្ឍន៍ពិសេសមួយ ដែលត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុន ព្រីនស៍ រៀល អីស្ទេត គ្រុប ដើម្បីឆ្លើយតបទៅនឹងទំនួលខុសត្រូវសង្គម ។ ផ្សារនេះមានស្តង់ជាង៣០០ ដែលមាន ទាំងអាហារ ភេសជ្ជៈ និងទំនិញគ្រប់ប្រភេទ ដែលបានចូលរួមលើកកម្ពស់ឱកាសការងារ សម្រាប់ប្រជាជនក្នុង ទីក្រុងភ្នំពេញ។ គម្រោងនេះដែរ គ្របដណ្ដប់លើផ្ទៃដីសរុប១,៨ហិកតា ដែលក្នុងនោះ មានវិថីពាណិជ្ជកម្ម ស្ដង់អាហារភេសជ្ជៈ និងផ្សារលក់រាយ ដែលអាចបំពេញនូវរាល់តម្រូវការ របស់អ្នកប្រើប្រាស់ ទាំងការកម្សាន្ត និងការ សម្រាកលំហែផងដែរ៕