ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យ ក្រសួងសុខាភិបាល ត្រូវផ្តោតលើអាទិភាព សំខាន់ជាងគេបំផុត គឺធនធានមនុស្ស និងឱសថ ពោលត្រូវពង្រីកបរិមាណ និងពង្រឹងគុណភាព ព្រមទាំងគិតគូរពីកម្រិតជំនាញ និងវិធីសាស្ត្រក្នុងការរក្សាធនធានមនុស្ស ខណៈធនធានឱសថ ត្រូវគិតពីគុណភាព និងប្រើឱ្យចំជំងឺ ។
ការផ្តល់អនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដល់ក្រសួងសុខាភិបាល ធ្វើឡើងក្នុងអំឡុងពេលសម្តេចធិបតី ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាពនាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣នេះ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំពេញ អង្គគណៈរដ្ឋមន្ត្រី ដែលបានចែកចាយ ក្រោយកិច្ចប្រជុំបានឲ្យដឹងថា “ក្នុងដំណើរការពិភាក្សា និងឆ្លងលើរបាយការណ៍វឌ្ឍនភាព នៃការរៀបចំ និងការអនុវត្តវិធានការគន្លឹះក្នុងវិស័យ សុខាភិបាល សម្ដេចធិបតី បានផ្ដល់អនុសាសន៍ឱ្យផ្ដោតលើអាទិភាពសំខាន់ជាងគេបំផុត គឺធនធានមនុស្ស និងឱសថ ក្នុងនោះធនធានមនុស្សត្រូវពង្រីកបរិមាណ និងពង្រឹងគុណភាព ព្រមទាំងគិតគូរពីកម្រិតជំនាញ និងវិធីសាស្ត្រក្នុងការរក្សាធនធានមនុស្ស ខណៈធនធានឱសថ ត្រូវគិតពីគុណភាព និងប្រើឱ្យចំនឹងជំងឺ។ ក្នុងន័យនេះ សម្ដេចធិបតី បានផ្តល់អនុសាសន៍ ឱ្យក្រសួងសុខាភិបាលសិក្សាឱ្យបានច្បាស់លាស់ អំពីប្រភេទជំងឺនៅក្នុងភូមិ ឃុំ ដើម្បីបែងចែកថ្នាំឱ្យចំគោលដៅ”។
សូមបញ្ជាក់ថា យោងតាមសេចក្តីប្រកាសខាងលើ ក្រសួងសុខាភិបាល បានដាក់ចេញសកម្មភាពសំខាន់ៗចំនួន ៨ ដើម្បីឱ្យវិធាន ការគន្លឹះទាំង ៣ បន្តសម្រេចបានវឌ្ឍនភាពថ្មីៗបន្ថែមទៀត ដែលរួមមាន៖ ទី១-បន្តពង្រឹងយន្តការវាយតម្លៃ និងកែលម្អ គុណភាពសវាសុខាភិបាល នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកកម្រិត១/២/៣ ដោយប្រើប្រាស់ឧបករណ៍វាយ តម្លៃកម្រិត២។ ទី២-ពង្រីកសេវាជំងឺឡើងសម្ពាធឈាម និងជំងឺទឹកនោមផ្អែម នៅមណ្ឌលសុខភាព ។ ទី៣-ពង្រឹង កិច្ចដំណើរការនៃគណៈកម្មការ គ្រប់គ្រងមណ្ឌលសុខភាព និងក្រុមទ្រទ្រង់សុខភាពភូមិ នៅក្នុងតំបន់ទទួលខុសត្រូវ របស់មណ្ឌលសុខភាពនីមួយៗ។ ទី៤-ពង្រឹងសមត្ថភាពផ្តល់សេវាសង្គ្រោះបន្ទាន់ និងសេវាសល្យសាស្ត្រ(វះកាត់) នៅមន្ទីរពេទ្យបង្អែកកម្រិត១/២/៣។ ទី៥-ពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺ រវាងមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក។ ទី៦-បង្កើនសមត្ថភាពបច្ចេកទេសគ្លីនិក ដល់បុគ្គលិកមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកកម្រិត១/២/៣។ ទី៧- អភិវឌ្ឍសមត្ថភាពស្ថាប័ន និងទី៨-បន្តពង្រឹងការគ្រប់គ្រងសេវាសុខាភិបាល ទាំងសាធារណៈ និងឯកជន ឱ្យមានអនុលោមភាព ជាមួយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ៕