ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣នេះ កម្ពុជានាំចេញអង្ករបានជិត៦០ម៉ឺនតោន គិតជាទឹកប្រាក់ ៤២០លានដុល្លារ និងនាំចេញស្រូវជិត៤លានតោន គិតជាទឹកប្រាក់ជាង ១ ១០០លានដុល្លារ ។
បើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា នាថ្ងៃទី៤ ធ្នូ បានឲ្យដឹងថា ១១ខែ ឆ្នាំ២០២៣ កម្ពុជាសម្រេចការនាំចេញអង្ករបានចំនួន ៥៩៥ ៦៣០ តោន ដោយក្រុមហ៊ុននាំចេញអង្ករចំនួន ៦០ ក្រុមហ៊ុនទៅកាន់គោលដៅចំនួន ៦០ ក្នុងនោះប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តបានចំនួន ១៩៨ ៧៦១តោន គិតជាប្រាក់ចំនួន ១២៨លានដុល្លារ, ទៅកាន់ប្រទេសនៅទ្វីបអឺរ៉ុបចំនួន ២៦ប្រទេស បានចំនួន ២៤០ ៧៥១តោន គិតជាប្រាក់ចំនួន ១៧១.៩០លានដុល្លារ ។ សម្រាប់ ទៅកាន់ប្រទេសសមាជិកអាស៊ាន៦ប្រទេស ចំនួន ៧៦ ៥១៤ តោន គិតជាប្រាក់ ៥០.៣៦លានដុល្លារ និងទៅកាន់គោលដៅផ្សេងទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ា ចំនួន ២៦ប្រទេសបានចំនួន ៧៩ ៦០៤តោន គិតជាប្រាក់ចំនួន ៧០.៥៤លានដុល្លារ។
សហព័ន្ធស្រូវអង្ករកម្ពុជា គូសបញ្ជាក់ថា សម្រាប់អង្ករនាំចេញមានប្រភេទអង្ករក្រអូបចំនួន ៨២.២០% អង្ករសគ្រាប់វែង ចំនួន ១៣.១៣% អង្ករសគ្រាប់ខ្លីចំនួន ០.០២% អង្ករចំហ៊ុយ ៣.០៤ % និងអង្ករសរីរាង្គចំនួន ១.៦១% ។
ដោយឡែក សម្រាប់ការនាំចេញស្រូវចំនួន ៣ ៩២៦ ៥៦៦ តោន គិតជាទឹកប្រាក់ ១ ១៥៦.៧០ លានដុល្លារ ក្នុងនោះ ៦៤% បានឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕