បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅថ្ងៃអង្គារថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី បានបំផ្លាញយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ចំនួន ២២ គ្រឿង និងស្ទាក់ចាប់បាន ១៣ គ្រឿងទៀតនៅលើសមុទ្រ Azov និង តំបន់ គ្រឿមៀ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមក្រសួងការពារជាតិរុស្ស៊ី សរសេរនៅលើ Telegram ថា “យប់នេះ ការប៉ុនប៉ងរបស់របបក្រុងគៀវ ដើម្បីអនុវត្តការវាយប្រហារភេរវកម្មដោយយន្តហោះគ្មានមនុស្សបើកនៅលើទីតាំងនានានៅលើទឹកដីនៃសហព័ន្ធរុស្ស៊ី ប៉ុន្តែត្រូវបានបញ្ឈប់។ យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន ២២ គ្រឿងត្រូវបានបំផ្លាញដោយប្រព័ន្ធការពារដែនអាកាស និង ១៣ ផ្សេងទៀតត្រូវបានស្ទាក់ចាប់។
អ៊ុយក្រែនបាននឹងកំពុងបញ្ជូនយន្តហោះគ្មានមនុស្សបើកចូលទៅក្នុងទឹកដីរុស្ស៊ីជាប្រចាំ ចាប់តាំងពីវាបានចាប់ផ្តើមការប៉ុនប៉ងវាយលុកនៅដើមខែមិថុនា។ កាលពីខែសីហា មន្ត្រីអង្គការសហប្រជាជាតិបានថ្កោលទោសទង្វើនេះ ហើយបានសង្កត់ធ្ងន់ថា ពួកគេថ្កោលទោសយ៉ាងខ្លាំងចំពោះការកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល៕ ប្រែសម្រួលៈ ណៃ តុលា