ព័ត៌មានជាតិ

ទូតបារាំង បានសន្យា នៅចំពោះមុខសាស្ត្រាចារ្យ ឈាង រ៉ា ថា នឹងពង្រឹងវិស័យសុខាភិបាល ជាមួយកម្ពុជាទៀត

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃ៦ ធ្នូ លោក Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋបារាំងប្រចាំកម្ពុជាបានសន្យាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-បារាំង លើវិស័យសុខាភិបាលបន្ថែមទៀត ។

ក្នុងការសន្យារបស់ឯកអគ្គរដ្ឋទូតនេះ បន្ទាប់ពីលោកលើកឡើងពីលទ្ធផលគួរជាទីគាប់ចិត្តនៃកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល នាពេលកន្លងមកដូចជា កិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងកិច្ចសហប្រតិបត្តិការគាំទ្រសាកល វិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ព្រមទាំងកិច្ចសហប្រតិបត្តិការបច្ចេកទេសជាមួយមន្ទីរពេទ្យកាល់ម៉ែតជាដើម។

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ថា កម្ពុជាទទួលបានសន្តិភាព ស្ថិរភាព នយោបាយ និងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ជាពិសេសបន្តនិរន្តរភាពការអភិវឌ្ឍ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលកម្ពុជា ។

សម្រាប់សាស្ត្រាចារ្យរដ្ឋមន្ត្រីវិញ បានអរគុណប្រជាជននិងរាជរដ្ឋាភិបាលបារាំង តាមរយៈស្ថានទូតបារាំងដែលកន្លងមកតែងតែជួយគាំទ្រដល់ការអភិវឌ្ឍកម្ពុជា លើគ្រប់វិស័យ ពិសេសវិស័យសុខាភិបាលតាមរយៈជំនួយអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យសុខាភិបាល និងគម្រោងសិក្សាស្រាវជ្រាវសុខភាពសាធារណៈ ជាច្រើនក្រោមម្លប់សុខសន្តិភាព។

សាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានជម្រាបភាគីបារាំងអំពីអាទិភាព ចំបង៣នៃអាទិភាពទាំង៩របស់វិស័យសុខាភិបាល ក្នុងអាណត្តិទី៧ផងដែរ ដោយទី១) ការធ្វើឲ្យកាន់តែប្រសើរសេវាសុខភាពនៅមណ្ឌល សុខភាពតាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល , ការបំពាក់ឧបករណ៍បរិក្ខារវេជ្ជសាស្ត្រ សមស្របការផ្កត់ផ្តង់ឱសថ ឲ្យបានគ្រប់គ្រាន់និងទាន់ពេលវេលា និងការពង្រឹងសមត្ថភាពបុគ្គលដើម្បីធានាការផ្តល់សេវាប្រកបដោយប្រសទ្ធិភាព សុវត្ថិភាព គុណភាព ២៤ម៉ោង៧ថ្ងៃ។ ទី២) ការពង្រឹងសមត្ថភាពមន្ទីរពេទ្យបង្អែកសុ្រកនិងខេត្ត តាមរយៈការធ្វើឲ្យប្រសើរឡើងផ្នែក សង្រ្គោះបន្ទាន់, ICU, ផ្នែកវៈកាត់ ផ្នែកមន្ទីរពិសោធន៍និងផ្នែករូបភាពវេជ្ជសាស្ត្រ និងទី៣) ការបង្កើនសមត្ថភាពថ្នាក់ដឹកនាំ សុខាភិបាលគ្រប់លំដាប់ថ្នាក់តាមរយៈការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍៕

To Top