ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃ៧ ធ្នូ បានអញ្ជើញជាអធិបតីក្នុងពិធីដាក់ឲ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវ សម្រាប់ថ្នាក់ក្រោមជាតិស្តីពី ការគ្រប់គ្រង និងបង្ការភាពពិការភ្នែក ឆ្នាំ២០២១-២០៣០។
ថ្លែងក្នុងឱកាសនោះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចថា ផែនទីបង្ហាញផ្លូវនេះ នឹងផ្តល់នូវចក្ខុវិស័យ ជាយុទ្ធសាស្ត្រ សម្រាប់ការងារគ្រប់គ្រង និងបង្ការភាពពិការភ្នែកនៃ វិស័យសុខាភិបាល របស់ថ្នាក់ក្រោមជាតិ សម្រាប់រយៈពេល ៧ឆ្នាំខាងមុខ ។ ផែនទីបង្ហាញផ្លូវនេះ គឺជាការបន្តចូលរួម ក្នុងការបង្កើនការ ពង្រឹងគុណភាព ពង្រីកវិសាលភាពសេវាសុខភាព ភ្នែកនៅទូទាំងកម្ពុជាឲ្យដល់កៀក ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីចូលរួមកាត់ បន្ថយភាពពិការភ្នែកនៅត្រឹម០.៣៥% នៅឆ្នាំ២០៣០ ដែលបានចែងក្នុងផែនការយុទ្ធសាស្ត្រជាតិ ស្ដីពីការគ្រប់គ្រង និងបង្ការភាពពិការភ្នែកឆ្នាំ២០២១-២០៣០ នៃក្រសួងសុខាភិបាល ។
លោករដ្ឋមន្រ្តីថា ផែនទីបង្ហាញផ្លូវនេះ ក៏ជាមូលដ្ឋានគ្រឹះ សម្រាប់ថ្នាក់ក្រោមជាតិ យកទៅបង្កើតជាផែនការប្រតិបត្តិ និងផែនការសកម្មភាពប្រចាំឆ្នាំ ដើម្បីអនុវត្តនូវការផ្តល់សេវាថែទាំព្យាបាលសុខភាពភ្នែក ជូនប្រជាពលរដ្ឋទាន់ពេលវេលា និងនៅគ្រប់ទិសទី។
ដើម្បីពង្រឹងគុណភាព និងពង្រីកវិសាលភាពសេវាសុខភាពភ្នែកបន្ថែមទៀត សាស្រ្តាចារ្យរដ្ឋមន្រ្តីក៏បានអំពាវនាវបន្ថែមចំពោះការគ្រប់គ្រង និងបង្ការភាពពិការភ្នែកដូចជា ៖ បន្តយន្តការ និងអនុវត្តសកម្មភាព ដែលមានស្រាប់ និងផែនទីបង្ហាញផ្លូវ សម្រាប់ថ្នាក់ក្រោមជាតិ ស្តីពីការគ្រប់គ្រង និងបង្ការភាពពិការភ្នែក ដែលដាក់ឲ្យអនុវត្តនេះ ដោយធានាបាននូវការឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋនៅតាមសហគមន៍។
លើកកម្ពស់ការចូលរួម របស់សហគមន៍ ក្នុងការបង្ការភាពពិការភ្នែក និងគំហើញចុះខ្សោយ ដែលអាចចៀសវាងបាន ជាពិសេសក្នុងចំណោម ប្រជាជនដែលងាយរងគ្រោះបំផុត ដូចជាទារកកើតមិនគ្រប់ខែ សិស្សសាលា ស្ត្រី ជនមានពិការភាព មនុស្សដែលមានអាយុចាប់ពី៥០ឆ្នាំឡើង និងគ្រប់ក្រុមអាយុទាំងអស់ដែលមានបញ្ហាគំហើញចុះខ្សោយ ។ ធ្វើទំនើបកម្ម និងពង្រីកបន្ថែម ផ្នែកចក្ខុរោគ ប្រកបដោយនវានុវត្តន៍ ឌីជីថល និងគុណភាព។ ជម្រុញការអនុវត្តគម្រោង ពង្រឹងគុណភាព ពង្រីកវិសាលភាពសេវាសុខភាពភ្នែក ឲ្យបានប្រគៀកជាមួយសហគមន៍ ជាពិសេសបង្កើត និងពង្រឹងមណ្ឌលស្តារគំហើញ ព្រមទាំងធ្វើសមាហរណកម្មនៃការថែទាំសុខភាពភ្នែកបឋម នៅមណ្ឌលសុខភាពនិងប៉ុស្តិ៍សុខភាព។
ក្នុងនោះ មន្ត្រីសុខាភិបាលគ្រប់ លំដាប់ថ្នាក់ គោរពខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈក្នុងការផ្ដល់ សេវាជូនប្រជាជននៅក្នុងមូលដ្ឋាន និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយដៃគូដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយដៃគូថ្មីៗថែមទៀត។
សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏ណែនាំដល់មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវចេះជួយគ្នា សហការគ្នា សាមគ្គីគ្នា និងត្រូវខិតខំប្រឹង ព្យាយាមបន្ថែមទៀត ក្នុងការអភិវឌ្ឍន៍មន្ទីរពេទ្យ មណ្ឌលសុខភាព មន្ទីរចក្ខុរោគ មណ្ឌលថែទាំភ្នែកឲ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីឈានទៅរកការ សម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។
ជាចុងក្រោយ សាស្រ្តាចារ្យរដ្ឋមន្រ្តី ថ្លែងអំណរគុណអង្គការជាតិ និងអន្តរជាតិទាំងអស់ រួមមាន ៖ SEVA Foundation, Fred Hollows Foundation, Eye Care Foundation, Heart to Heart Foundation, Battambang Ophthalmic Care, Caritas-Takeo Eye Hospital and Sight For All និងស្នើបុគ្គលិកសុខាភិបាលទាំងអស់ ចូលរួមអនុវត្តផែនទីបង្ហាញផ្លូវ សម្រាប់ថ្នាក់ក្រោមជាតិ ស្តីពីការគ្រប់គ្រង និងបង្ការភាពពិការភ្នែក ឆ្នាំ២០២១-២០៣០ នេះឲ្យមានប្រសិទ្ធភាពខ្ពស់ ៕