ភ្នំពេញ៖ ក្នុងជំនួបសម្តែងការគួរសម ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ លោក កូជីម៉ា ម៉ាសាណូប៊ូ (KOJIMA Masanobu) ប្រធានក្រុមហ៊ុន KOJIMA Holdings Co., Ltd. បានជម្រាបជូន សម្ដេចធិបតី ពីគម្រោងនៃការបង្កើតភូមិខ្មែរ នៅក្នុងខេត្តកាណាហ្គាវ៉ា ដើម្បីបង្កើននូវការផ្សព្វផ្សាយ អំពីប្រពៃណីវប្បធម៌ខ្មែរ នៅក្នុងប្រទេសជប៉ុន សំដៅលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។
លោក កូជីម៉ា ម៉ាសាណូប៊ូ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបជូន អំពីវឌ្ឍនភាពរីកចម្រើន នៃការបណ្តុះបណ្តាល និងនាំយកកម្មសិក្សាការីខ្មែរ ទៅបម្រើការងារនៅក្នុងប្រទេសជប៉ុន ។ ក្រៅពីនេះ ក្រុមហ៊ុនក៏បានបើកដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងអាតស៊ូគិ ខេត្តកាណាហ្គាវ៉ា ដែលជាកន្លែងដ៏សំខាន់មួយក្នុងការផ្តល់ព័ត៌មានពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ក៏ដូចជាការផ្សព្វផ្សាយអំពីផលិតផល និងម្ហូបអាហារខ្មែរ ការផ្លាស់ប្តូរវប្បធម៌ ការបណ្តុះបណ្តាលធនធានមនុស្ស និងការសម្របសម្រួលធុរកិច្ចពាណិជ្ជកម្ម ជាដើម ។
លោកប្រធានក្រុមហ៊ុន ក៏បានជម្រាបជូនផងដែរ «អំពីគម្រោងនៃការពង្រីកការវិនិយោគរបស់ខ្លួន ទៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យកសិកម្ម សម្រាប់បម្រើដល់ការនាំចេញ និងគម្រោងនៃការបង្កើតភូមិខ្មែរ នៅក្នុងខេត្តកាណាហ្គាវ៉ា ដើម្បីបង្កើននូវការផ្សព្វផ្សាយ អំពីប្រពៃណីវប្បធម៌ខ្មែរ នៅក្នុងប្រទេសជប៉ុន សំដៅលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត» ។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវកិច្ចស្វាគមន៍ និងក្តីរីករាយ ចំពោះជំនួបជាមួយ កូជីម៉ា ម៉ាសាណូប៊ូ និងសហការី ព្រមជាមួយនឹងការអរគុណចំពោះក្រុមហ៊ុន ដែលបានបណ្តាក់ទុនវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ។
ជាមួយគ្នានេះ សម្តេចធិបតី ថ្លែងអំណរគុណក្រុមហ៊ុនផងដែរ ចំពោះការចូលរួមចំណែកនៅក្នុងការជួយបណ្តុះបណ្តាល និងបញ្ជូនកម្មសិក្សាការីខ្មែរ មកធ្វើការនៅក្នុងប្រទេសជប៉ុន តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងពាណិជ្ជកម្មកម្ពុជា ដែលនេះ គឺពិតជាបានផ្តល់នូវអត្ថប្រយោជន៍ចំពោះកម្ពុជា ទាំងចំពោះមុខ និងរយៈពេលវែង ។ ផលប្រយោជន៍ចំពោះមុខ គឺការបង្កើតការងារ ដែលផ្តល់នូវប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រ ខណៈដែលផលប្រយោជន៍រយៈពេលវែង គឺកម្មសិក្សាការីខ្មែរ នឹងក្លាយជាធនធានមនុស្សខ្មែរដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ សម្រាប់ប្រទេសកម្ពុជា នាពេលអនាគត ៕