ព័ត៌មានជាតិ

NEA នឹងរៀបចំវេទិកា ការងារ ដោយផ្ដល់ឱកាស ការងារ៤០០០កន្លែង សម្រាប់ពលរដ្ឋ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ

ភ្នំពេញ ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយរដ្ឋបាល ខេត្តកំពង់ស្ពឺ,មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ និងសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួម ពីរោងចក្រតារាល អីនធើនេសីនណល ឯ.ក គ្រោងនឹងរៀបចំវេទិកា ការងារនៅក្នុងបរិវេណវត្ត បុទុមវ័ន (ហៅវត្តត្រពាំងក្រូច) ស្ថិតនៅភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយនាំយកឱកាសការងារចំនួន ៤០០០ កន្លែង ដើម្បីផ្តល់ជូនយុវជន និងអ្នកកំពុងស្វែងរកការងារធ្វើ ។ ចំពោះយុវជន និង អ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចត្រៀមប្រវត្តិរូប ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ ជាមួយនឹងតំណាងរោងចក្របាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១៧:០០ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ។

កញ្ញា សយ ស្រីទូច ជាបុគ្គលិកផ្នែកជ្រើសរើស បុគ្គលិក រោងចក្រ តារាល អីនធើនេសីនណល ឯ.ក. លើកឡើងថា នេះជាលើកទី២ បន្ទាប់ពីខាងក្រុមហ៊ុន ជ្រើសរើសបុគ្គលិក នៅស្រុកឈូកនៃខេត្តកំពត់កន្លងមក ដែលខាងរោងចក្រសហការជាមួយនឹង NEA ដើម្បីជ្រើសរើសបុគ្គលិកនៅនឹងកន្លែង។ កញ្ញាបញ្ជាក់ថា សម្រាប់ថ្ងៃទី២០ ខាងមុខនេះខាង រោងចក្រ មានតម្រូវការជ្រើសរើសកម្មករ /កម្មការិនីចំនួនប្រមាណ ៤០០០នាក់ បន្ថែមទៀត។
កញ្ញាបន្តថា តាមរយៈការសហការជ្រើសរើស បុគ្គលិកនៅមូលដ្ឋាននេះ នឹងរួមចំណែកជួយដល់រោងចក្រយើង ឱ្យឆាប់ទទួលបានកម្មករ/កម្មការិនី ទាន់ពេលវេលា ។

កញ្ញាបញ្ជាក់ថា៖ «នាងខ្ញុំជឿជាក់ថា នឹងមានប្រជាពលរដ្ឋជាច្រើនចូលរួម ក្នុងព្រឹត្តិការណ៍ដ៌មានសារៈសំខាន់នេះ ហើយយើងនឹងទទួលបាន កម្មករកម្មការិនីតាមតម្រូវការដែលយើងចង់បាន» ។
ជាមួយគ្នានេះដែរ កញ្ញាក៏សូមថ្លែងអំណរអរគុណជាងខ្លាំងចំពោះ NEA ដែលបានរៀបចំវេទិកាដ៏មានសារៈសំខាន់នៅតាមមូលដ្ឋាននេះឡើង។

ក្រៅពីផ្តល់ឱកាសការងារភ្លាមៗនៅនឹងកន្លែង វេទិកាការងារនេះ នឹងមានការទទួលចុះឈ្មោះ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីចូលរៀន វគ្គបណ្តុះបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ផងដែរ។ ប្រជាពលរដ្ឋ ដែលចង់សួរព័ត៌មានបន្ថែម ឬចុះឈ្មោះចូលរៀន វគ្គបណ្តុះបណ្តាលនេះ សូមមកចូលរួមវេទិកការងារនេះឲ្យបានច្រើនកុះករ។

សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារនៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេស ឬចង់ចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សូមទាក់ទងមកកាន់ NEA តាមរយៈលេខ ០១២ ៩០៦ ៦៦៤ / ០១៦៧៨៦៦៥៥ (Telegram) ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer) ៕

To Top