បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងថា ស្ថានភាពបច្ចុប្បន្ននៅមជ្ឈិមបូព៌ាគឺ មិនអាចគ្រប់គ្រងបានទៀតនោះទេហើយបានអះអាងថា មិនដូចលោក Joe Biden ទេ គាត់គឺជាមនុស្សតែម្នាក់គត់ដែលអាចទប់ស្កាត់គ្រោះមហន្តរាយ នៅក្នុងតំបន់នោះ និងទូទាំងពិភពលោកបាន។
លោក Trump ដែលកំពុងឈរឈ្មោះសម្រាប់អាណត្តិថ្មី បានព្រមានថា៖មហន្តរាយអាចកើតឡើងនៅមជ្ឈិមបូព៌ា ប្រសិនបើស្ថានភាពមិនត្រូវបានដោះស្រាយដោយកម្លាំងនិងភាពជាក់លាក់ទេនោះ។សេចក្តីថ្លែងមតិយោបល់ដែលបានបង្ហោះ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ Truth Social កាលពីថ្ងៃអាទិត្យ។
នៅក្នុងសេចក្តីថ្លែងការណ៍កន្លងមកនិងស្រដៀងគ្នានេះធ្វើឡើងក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតនៅទីក្រុង Reno រដ្ឋ Nevada គាត់បានចោទប្រកាន់រដ្ឋបាល Biden ថាបានបំផ្លាញកេរ្តិ៍ដំណែលរបស់គាត់ក្នុងទម្រង់នៃកិច្ចព្រមព្រៀង Abraham ដែលគាត់បានអះអាងថាបាន បង្កើតសន្តិភាពយ៉ាងទូលាយ នៅក្នុងតំបន់។
ក្រោមការដឹកនាំរបស់លោក Trump សហរដ្ឋអាមេរិកបានសម្រុះសម្រួល សន្ធិសញ្ញាធ្វើឱ្យប្រក្រតីភាពជាបន្តបន្ទាប់រវាងអ៊ីស្រាអែល និងប្រទេសអារ៉ាប់។អារ៉ាប៊ីសាអូឌីតត្រូវបានគេរាយការណ៍ថាកំពុងចរចាលើការរៀបចំស្រដៀងគ្នានេះ នៅពេលដែលការវាយប្រហារថ្ងៃទី៧ខែតុលាដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាសបានកើតឡើង៕ ប្រែសម្រួល៖ស៊ុនលី