ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យបច្ចេកទេស និងពន្លឿនការសាងសង់ស្ពានឬស្សីរមណីយដ្ឋានឆ្នេរកោះប៉ែន ដើម្បីរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំ ២០២៣

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១៩ ខែធ្នូឆ្នាំ ២០២៣ នេះ បានអញ្ជើញដឹកនាំក្រុមការងារ មន្ត្រីពាក់ព័ន្ធ ចុះពិនិត្យបច្ចេកទេស និងពន្លឿនការសាងសង់ស្ពាន ឬស្សីរមណីយដ្ឋានឆ្នេរកោះប៉ែន ក្នុងគោលបំណង ដើម្បីរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំ ២០២៣-២០២៤ ដើម្បីបង្ករភាពសប្បាយរីករាយ ដល់ប្រជាពលរដ្ឋ ។

បើតាម លោក ប៊ុន ដារ៉ា ប្រធានគ្រប់គ្រងរមណីយដ្ឋាន ឆ្នេរកោះប៉ែន បានឲ្យដឹងថា ស្ពានឬស្សីដែលកំពុង សាងសង់ឆ្លងកាត់ទន្លេ ចាប់ពីត្រើយមុខវត្តដីដុះ ក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម មកដល់រមណីយដ្ឋានឆ្នេរកោះប៉ែន មានប្រវែង ១០០០ ម៉ែត្រ ទទឹង ២ ម៉ែត្រ ដែលបច្ចុប្បន្នសាងសង់បាន ៩០% ហើយ ។

លោក ប៊ុន ដារ៉ា បានបញ្ជាក់ថា ស្ពានឬស្សីឆ្នេរកោះប៉ែននេះ អាចនឹងសាងសង់រួច ១០០% ក្នុងពេលឆាប់ៗនេះ ហើយ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ទាំងឡាយ អាចធ្វើដំណើរឆ្លងកាត់ស្ពានដោយថ្មើជើង មកកំសាន្តនៅឆ្នេរកោះប៉ែននេះ ចាប់ពីថ្ងៃទី ២២ ខែធ្នូឆ្នាំ ២០២៣ នេះបាន ។

លោកប្រធានរមណីយដ្ឋាន បានឲ្យដឹងដែរថា ក្រុមការងារដែលដឹកនាំដោយ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះមកពិនិត្យស្ពានឬស្សីនោះ គឺឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំ ឲ្យលោក រៀបចំដាក់ទង់ជាតិខ្មែរ ឲ្យបានច្រើន តាមបណ្ដោយស្ពានឬស្សី ដើម្បីជាការទាក់ទាញភ្ញៀវទេសចរណ៍ និង ណែនាំឲ្យមន្ទីរទេសចរណ៍ខេត្តកំពង់ចាម និងមន្ទីរវប្បធម៌ សហការជាមួយរមណីយដ្ឋានឆ្នេរកោះប៉ែន ដើម្បីរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំ ២០២៣-២០២៤ នៅលើឆ្នេរខ្សាច់រមណីយដ្ឋាន កោះប៉ែននោះផងដែ ៕

To Top