ព័ត៌មានជាតិ

នាយរងផ្នែកសន្តិសុខ នៃអធិការដ្ឋាន នគរបាលស្រុកពញាឮ ត្រូវបានផ្អាកការងារ ក្រោយ​ទារលុយ ពីជនរងគ្រោះជាថ្នូរនឹងការ តាមចាប់ជនល្មើស

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានសម្រេចផ្អាកការងារបណ្តោះអាសន្ន ចំពោះលោកស្រីអនុសេនីយ៍ឯក ហួត ចាន់សុខ អត្តលេខ៦៣៥៥៤ នាយរងផ្នែកសន្តិសុខ នៃអធិការដ្ឋាន នគរបាលស្រុកពញាឮ ក្រោយកេីតមានករណីទារលុយពីជនរងគ្រោះ ជាថ្នូរនឹងការតាមចាប់ជនល្មើស ។

ការសម្រេចនេះ ក្រោយពីទទួលបានព័ត៌មាន ពីគេហទំព័រព័ត៌មានមួយ ដែលផ្សាយថា «អះអាងថា ខ្លួនជាប៉ូលីស និងជាដៃស្តាំលោកអធិការ នគរបាលស្រុកពញាឮ ហើយបានទារលុយចំនួន ២០០ដុល្លារ ពីគ្រួសារជនរងគ្រោះជាថ្នូរ នឹងការចុះចាប់ជនសង្ស័យ ខណៈជនរងគ្រោះ ត្រូវគេកាប់ស្ទើរតែស្លាប់ទៅហើយ» ។ ភ្លាមៗក្រោយទទួលបានព័ត៌មាននេះដែរ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាកម្លាំងជំនាញ ចុះធ្វើការងារស្រាវជ្រាវ បញ្ជាក់ការពិតឲ្យបានច្បាស់លាស់។

ផ្អែកតាមការស្រាវជ្រាវប្រមែលប្រមូលព័ត៌មាន ជុំវិញករណីការចុះផ្សាយខាងលើ ជាលទ្ធផល បានរកឃើញថា ឈ្មោះ ហួត ចាន់សុខ ពិតជាបានទារប្រាក់ពីឈ្មោះ ឈៀង សំ ចំនួន ២០០$ (ពីររយដុល្លារ) តាមរយៈគណនី ABA ឈ្មោះ Hout Chansok ជាថ្នូរនឹងការតាមចាប់ជនល្មើស និងបានសរសេរពាក្យបណ្តឹងថ្មី ឲ្យជនរងគ្រោះយកទៅដាក់នៅអធិការដ្ឋាន នគរបាលស្រុក។

នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៨និង២៤នាទី ឈ្មោះ ហួត ចាន់សុខ បានតេទៅឈ្មោះ ឈៀង សំ តាមរយៈលេខទូរសព្ទ ០១២ ២៩៣ ៤៥៧ ទារប្រាក់ចំនួន៣០០$ (បីរយដុល្លារ) បន្ថែមទៀត ដើម្បីធ្វើសោហ៊ុយទៅចាប់ជនដៃដល់ តែឈ្មោះ ឈៀង សំ មិនមានលទ្ធភាពរកប្រាក់បន្ថែមចំនួន ៣០០ដុល្លារឡើយ ទើបឲ្យបណ្តាញ គេហទំព័រហ្វេសប៊ុកផេកឈ្មោះ Rikreay-News Cambodia បង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយមាន ខ្លឹមសារ ដូចខាងលើប្រាកដមែន ។ ចំណែកឈ្មោះ ហួត ចាន់សុខ ពិតជាមានចេតនា ប្រព្រឹត្តអំពើខាងលើដោយខ្លួនឯង ព្រោះចង់បានលុយយកទៅចាយ ដោយមិនមានការណែនាំ ឬបង្គាប់បញ្ជា ពីលោកអធិការ នគរបាលស្រុកពញាឮ ឲ្យទៅទារប្រាក់ពីជនរងគ្រោះជាថ្នូរ ទៅនឹងការតាមចាប់ជនសង្ស័យនោះទេ ។
លោកឧត្តមសេនីយ៍ទោស្នងការ បានមានចំណាត់ការ ចំពោះលោកស្រីអនុសេនីយ៍ឯក ហួត ចាន់សុខ អត្តលេខ៦៣៥៥៤ នាយរងផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកពញាឮ ដោយផ្អាកការងារបណ្តោះអាសន្ន មូលហេតុ ប្រព្រឹត្តកំហុសមានចែង ក្នុងបទបញ្ជាលេខ០០៦ បបជ ៕

To Top