បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសរសើរយោធារបស់ប្រទេស លោកសម្រាប់ការបាញ់ សាកល្បងដោយជោគជ័យ នូវមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដែលមានសមត្ថភាពអាច វាយប្រហារគោលដៅ ណាមួយនៅក្នុងសហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីថ្ងៃច័ន្ទ ទីក្រុងព្យុងយ៉ាងបានសាកល្បង មីស៊ីលឥន្ធនៈរឹង Hwasong-18 ICBM ដែលយោងទៅតាមអ្នកវិភាគមីស៊ីលប្រភេទនេះ អាចហោះបានរយៈចម្ងាយ ប្រតិបត្តិការរហូតដល់ ១៥.០០០ គីឡូម៉ែត្រ ហើយផ្ទុយពីមីស៊ីលឥន្ធនៈរាវ ដែលជាធម្មតាចំណាយ ពេលតិចជាងមុន ដើម្បីរៀបចំ សម្រាប់ការបាញ់បង្ហោះ មានន័យថា សត្រូវមាន ពេលវេលាតិចជាងមុនក្នុងការចាប់ មីស៊ីលប្រភេទនេះ។
មេដឹកនាំកូរ៉េខាងជើងបានប្រារព្ធ នូវសមិទ្ធិផលនេះកាលពីថ្ងៃពុធ ដោយបញ្ជាក់ថា អធិបតេយ្យភាពរបស់ប្រទេស និងសន្តិភាពក្នុងតំបន់ គឺអាចធានាបានតែ តាមរយៈការបង្ហាញពី “សមត្ថភាពពិតប្រាកដសម្រាប់ ការវាយលុកសត្រូវជាមុននៅគ្រប់ទីកន្លែង … ធ្វើឱ្យសត្រូវមានអារម្មណ៍ភ័យខ្លាច” ។
លោក គីម ជុងអ៊ុន បាននិយាយទៀតថា ការសាកល្បងមីស៊ីលនេះគឺជាការពន្យល់ យ៉ាងច្បាស់លាស់អំពីរបៀប នៃការវាយលុក និងការវិវត្តនៃយុទ្ធសាស្ត្រនុយក្លេអ៊ែរ និងគោលលទ្ធិ របស់កូរ៉េខាងជើង ដែលមិនស្ទាក់ស្ទើរសូម្បីតែការវាយ ប្រហារនុយក្លេអ៊ែរ នៅពេលដែល សត្រូវឈ្លានពានដោយនុយក្លេអ៊ែរ។ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានកណ្តាលកូរ៉េ (KCNA) ។
យោងតាមលោក គីម ជុងអ៊ុន គឺថា ជោគជ័យរបស់ទីក្រុងព្យុងយ៉ាង «បានធ្វើឱ្យពួកចក្រពត្តិនិយមអាមេរិក ភ្ញាក់ផ្អើលជាខ្លាំង និងថ្នាក់កំពូលរបស់ពួកគេ ដែលជាអ្នកបំផ្លាញសន្តិភាព និងស្ថិរភាព ដែលបានប្រព្រឹត្តអំពើបំផ្លាញខ្លួនឯងពេញមួយឆ្នាំ ឈ្លក់វង្វេងនឹងការប្រឈមមុខ ដាក់គ្នាដែល មិនអាចព្យាបាលបាន»៕
ប្រែសម្រួលៈ ណៃ តុលា