ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រី​យុត្តិធម៌​ថៃថា លោក ថាក់ស៊ីន ពិតជាឈឺ ហើយនឹងបន្ត​ព្យាបាល​ នៅ​មន្ទីរពេទ្យ​ប៉ូលិសបន្តទៀត

បរទេស៖ យោងតាមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ របស់ប្រទេសថៃគឺលោក Tawee Sodsong បាននិយាយថា អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ពិតជាឈឺ ហើយនឹងបន្តសម្រាកព្យាបាល នៅមន្ទីរពេទ្យទូទៅប៉ូលីស បន្ទាប់ពីលោកសម្រាកព្យាបាលរយៈពេល ១២០ ថ្ងៃ។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Tawee Sodsong បានបន្តកាលពីថ្ងៃព្រហស្បតិ៍ថា អតីតនាយករដ្ឋមន្ត្រីត្រូវបានសម្រាក នៅមន្ទីរពេទ្យស្របតាមបទប្បញ្ញត្តិដែលមានស្រាប់ ហើយមិនទទួលបានអត្ថប្រយោជន៍ ពីការព្យាបាលពិសេសណាមួយឡើយ។

លោកថាក់ស៊ីនបានត្រឡប់មក ប្រទេសថៃវិញកាលពីថ្ងៃទី ២២ ខែសីហា បន្ទាប់ពីរយៈពេល ១៥ ឆ្នាំនៃការនិរទេសខ្លួនឯងនៅក្រៅប្រទេស ដើម្បីប្រឈមមុខនឹងការជាប់ពន្ធនាគារ ពីបទពុករលួយដែលផ្តើមចេញពីការ កាន់តំណែងរបស់លោកនៅចន្លោះខែកុម្ភៈ ឆ្នាំ ២០០១ ដល់ខែកញ្ញា ឆ្នាំ ២០០៦។

នៅយប់នៃការត្រឡប់មកវិញរបស់លោក លោកថាក់ស៊ីនគឺត្រូវបានបញ្ជូនពីពន្ធនាគារ Remand ទីក្រុងបាងកក ទៅកាន់មន្ទីរពេទ្យទូទៅរបស់ប៉ូលីស ដើម្បីព្យាបាលជំងឺដែលមិនស្គាល់អត្តសញ្ញាណ។ លោកត្រូវបានគេរាយការណ៍ថា បានស្នាក់នៅក្នុងឈុតមួយនៅជាន់ទី ១៤ នៃអគារមន្ទីរពេទ្យដែលអាចមើលឃើញក្លឹប Royal Bangkok Sports Club ។

ថ្ងៃ​ព្រហស្បតិ៍ (២១ ធ្នូ) ជា​ថ្ងៃ​ទី ១២០ នៃ​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។ បទប្បញ្ញត្តិ​ទាមទារ​ឱ្យ​មាន ការ​បញ្ជាក់​ជា​លាយលក្ខណ៍អក្សរ​ ពី​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កែប្រែ និង​វេជ្ជបណ្ឌិត​ទទួលបន្ទុក ក្នុងករណី​ដែល​ទណ្ឌិត​ត្រូវ​ ស្នាក់នៅ​មន្ទីរពេទ្យ​យូរ​ជាង ១២០ ថ្ងៃ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ បាននិយាយនៅក្នុងសភាថា លោករំពឹងថានឹងទទួលបានឯកសារ បែបនេះពីមន្ត្រីពាក់ព័ន្ធក្នុងពេលឆាប់ៗនេះ ដោយបន្ថែមថាលោកបានស្នើសុំ ទៅអគ្គនាយកនៃនាយកដ្ឋានកែប្រែអំពីបញ្ហានេះ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top