ភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឲ្យដឹងថា របាយការណ៍ក្រសួងមហាផ្ទៃ រយៈពេល២សប្តាហ៍នេះ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើង សរុបចំនួន១៤៩ករណី ដែលបណ្ដាលឲ្យស្លាប់ចំនួន ៦៩នាក់ និងរងរបួស២៤៨នាក់ ក្នុងវិសាលភាពទូទាំងប្រទេស គិតពីថ្ងៃទី១០-២២ ខែធ្នូ។
បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅតែជាវិញ្ញាសាចំពោះមុខ ជាពិសេសកើតលើ អ្នកប្រើប្រាសម៉ូតូរងគ្រោះច្រើនជាងគេ ។ ហេតុនេះហើយ បានជាលោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដាក់បញ្ហាចរាចរណ៍ ជាទិសដៅអាទិភាព ក្នុងចំណោមទិសដៅ អាទិភាពទាំង៦ របស់ក្រសួងមហាផ្ទៃ ក្នុងអាណត្តិទី៧នេះ ។ ជាបន្តបន្ទាប់ ឧបនាយករដ្ឋមន្ត្រី តែងដាក់គោលការណ៍ អនុវត្តដល់អង្គភាពជំនាញជាប្រចាំ ។
លោកបណ្ឌិតបន្តថា ចំនួនអ្នកស្លាប់ និងរងរបួសនៅតែបន្តកើតឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ដែលក្នុងនោះបណ្ដាលមកពីការ បើកបរធ្វេសប្រហែស បើកបរក្នុងស្ថានភាពស្រវឹង បើកបរលើសល្បឿនកំណត់ ធ្វេសប្រហែស មើលស្រាលស្ថានការណ៍ ការចង់ចាញ់ចង់ឈ្នះ-មិនយោគយល់គ្នាលើដងផ្លូវ…។ ជារួម កង្វះការឈ្វេងយល់ និងគោរពច្បាប់ចរាចរណ៍ជាដើម ដែលទាមទារឲ្យមានការចូលរួមព្រមគ្នាដើម្បីដោះស្រាយ ៕