ព័ត៌មានជាតិ

ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ណែនាំដល់មន្ត្រីរាជការ ត្រូវបន្តអនុវត្តភារកិច្ច លើការងាររក្សាសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ឲ្យកាន់តែល្អប្រសើរនៅឆ្នាំ ២០២៤

កំពង់ចាម ៖ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីរាជការ ត្រូវបន្តអនុវត្តភារកិច្ច លើការងាររក្សាសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ឲ្យកាន់តែល្អប្រសើរនៅឆ្នាំ ២០២៤ ។

លោកប្រធានគុណប្រឹក្សាខេត្ត បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី ២៩ ខែធ្នូឆ្នាំ ២០២៣ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៅសាលាខេត្តកំពង់ចាម ។

លោក ខ្លូត ផន បានមានប្រសាសន៍ថា រយៈពេលពេញមួយឆ្នាំកន្លងមក មន្ត្រីរាជការគ្រប់ថ្នាក់ គ្រប់ផ្នែក បានសស្រាក់សស្រាំចុះធ្វើសកម្មភាពនៅតាមមូលដ្ឋានដើម្បីស្ដាប់សំណូមពរ ក្តីកង្វល់ បញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋ ដើម្បីមានវិធានការដោះស្រាយឲ្យបានទាន់ពេលវេលា ពិសេសពេលបងប្អូន ប្រជាពលរដ្ឋជួបរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ។ ប៉ុន្តែយ៉ាងណាក៏ដោយ ជាទិសដៅសំខាន់ៗសំរាប់ពេលខាងមុខឆ្នាំ២០២៤ មន្ត្រីរាជការយើងត្រូវអនុវត្តឲ្យបានល្អប្រសើរដូចខាងក្រោម ៖ 

ទី១ ៖ ត្រូវពង្រឹងការងារសន្តិសុខ ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សាធារណៈ ឲ្យបានល្អប្រសើរ ។

ទី២ ៖ ត្រូវពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ឆាប់រហ័ស តម្លាភាព គណនេយ្យភាព ប្រកបដោយគុណធម៌វិជ្ជាជីវៈ ។

ទី៣ ៖ បន្តអនុវត្តនូវ តួនាទី ភារកិច្ច តាមវិស័យដែលខ្លួនទទួល ខុសត្រូវឲ្យបានសម្រេចទៅតាមផែនការដែលបានកំណត់ ។

ទី៤ ៖ មន្ត្រីគ្រប់ថ្នាក់ គ្រប់ផ្នែកត្រូវខិតខំសិក្សារៀនសូត្របន្ថែម ដើម្បីលើកម្ពស់សមត្ថភាពរបស់ខ្លួន ទាំងសមត្ថភាពជំនាញបច្ចេកទេស ជំនាញការងាររដ្ឋបាល ឲ្យសមស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលផ្តោតជាសំខាន់ទៅលើវិស័យជាអាទិភាពទាំងប្រាំរួមមាន៖ ធនធានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ៕

To Top