ព័ត៌មានជាតិ

យប់ឆ្លងឆ្នាំនៅភ្នំពេញ មានគ្រោះថ្នាក់ចរាចរណ៍ ៩ករណី បណ្តាលឱ្យស្លាប់ ៦នាក់ និងរបួស ៥នាក់

ភ្នំពេញ ៖ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ យប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៩ករណី បណ្តាលឱ្យជនរងគ្រោះ ស្លាប់ចំនួន ៦នាក់ របួសធ្ងន់ចំនួន ៣នាក់ និងរបួសស្រាលចំនួន ២នាក់។

តាមរយៈហ្វេសប៊ុក ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ វរសេនីយ៍ឯក សំ វិច្ឆិកា បានឲ្យដឹងបន្តថា ក្នុងចំណោមករណីគ្រោះថ្នាក់ ចរាចរណ៍ខាងលើគឺនៅខណ្ឌទួលគោក ១ករណី មានរថយន្ត បុក ម៉ូតូ១គ្រឿងបណ្តាលឱ្យ ស្លាប់ ១នាក់ និងរបួសធ្ងន់១នាក់ បន្ទាប់មកជនបង្កបើក រថយន្តគេចខ្លួន ពីកន្លែងកើតហេតុ ។ ប៉ុន្តែគាត់បានបើករថយន្តចូលខ្លួន សារភាពដោះស្រាយ នៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញទាំងយប់ ។

អ្នកនាំពាក្យបញ្ជាក់ថា ដោយឡែកសម្រាប់អ្នកបើកបរ បង្កគ្រោះថ្នាក់ចរាចរណ៍ផ្សេងទៀត បានរត់គេចខ្លួនពីកន្លែងកើតហេតុ សូមចូលខ្លួនមកសារភាព ដូចករណីគ្រោះថ្នាក់ចរាចរណ៍ ក្នុងខណ្ឌទួលគោក ដើម្បីឱ្យសមត្ថកិច្ចអនុវត្តតាមនីតិវិធី។

រាល់ករណីគ្រោះថ្នាក់ចរាចរណ៍ បើករត់គេចនេះ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យមន្ត្រីជំនាញ ស្រាវជ្រាវយ៉ាងម៉ឺងម៉ាត់ នៅកន្លែងកើតហេតុរួមទាំងវត្ថុតាង និងបានបង្កើតក្រុមការងារ តាមដានស្រាវជ្រាវស្វែងរកចាប់ខ្លួន រាល់ជនបង្កពោលគឺមិនអាចគេចខ្លួន ពីសំណាញ់ច្បាប់បាននោះទេ ។ ជាពិសេសក្នុងករណីបើកបង្កគ្រោះថ្នាក់ ហើយគេចខ្លួនមិនទទួលខុសត្រូវ ជាបទល្មើសផ្សេងមួយទៀតផងដែរ ៕

To Top