ភ្នំពេញ ៖ គិតត្រឹមបំណាច់ឆ្នាំ២០២៣ នេះ កម្ពុជាមានប្រភពថាមពលសរុបចំនួន២៦គម្រោង ដែលមានកម្លាំងផលិតសរុប៣ ៤៥១ មេហ្គាវ៉ាត់ ក្នុងនោះប្រភពកកើតឡើងវិញ មានចំនួនប្រមាណ៦២% និងមានគោលដៅបង្កើនឲ្យបាន៧០% នៅក្នុងឆ្នាំ២០៣០។
តាមរយៈវីដេអូបង្ហាះលើបណ្តាញសង្គមរបស់ក្រសួងរ៉ែ និងថាមពល អំពីសមិទ្ធផលធំៗនៃការអភិវឌ្ឍវិស័យថាមពល រ៉ែ និងប្រេងកាតរបស់កម្ពុជា បានឲ្យដឹងថា វិស័យអគ្គិសនី គិតត្រឹមបំណាច់ឆ្នាំ២០២៣ នេះ កម្ពុជាមានប្រភពថាមពលសរុប ពីវារីអគ្គិសនី ថាមពលដើដោយធ្យូងថ្ម ថាមពលកកើតឡើងវិញជាដើម មានចំនួន២៦ គម្រោង ដោយមានកំលាំងផលិតសរុប ៣ ៤៥១ មេហ្គាវ៉ាត់។
ដោយឡែក ចំពោះការតបណ្តាញអគ្គិសនីវិញ ក្រសួងរ៉ែបានអភិវឌ្ឍន៍ខ្សែបញ្ជូនបណ្តាញជាតិ តភ្ជាប់ទៅកាន់ភូមិបានចំនួនជាង៩៨ ភាគរយ និងបានផ្គត់ផ្គង់ទៅដល់លំនៅឋានប្រជាពលរដ្ឋជាង៨៨ភាគរយរួចហើយ ក្នុងនោះជាផែនការក្រសួង នឹងជំរុញការផ្គត់ផ្គង់ទៅដល់ភូមិទាំងអស់នៅកម្ពុជាឲ្យបាន ១០០ ភាគរយ នៅត្រឹមឆ្នាំ២០៣០ ផងដែរ។
សូមបញ្ជាក់ថា ជុំវិញគម្រោងការប្រើប្រាស់ថាមពលកកើតឡើងវិញនេះ ក្រសួងរ៉ែ មានមហិច្ឆតា ធ្វើឲ្យកម្ពុជា ក្លាយជាគោលដៅសំខាន់សម្រាប់ការវិនិយោគបៃតង ដើម្បីជួយកំណើនសេដ្ឋកិច្ច និងការធានាថា កំណើនប្រែក្លាយទៅជាការបង្កើតការងារ និងការលើកកម្ពស់សហគមន៍ តាមរយៈកញ្ចប់នៃនិរន្តរភាព។ ម្យ៉ាងវិញទៀត ការថ្លឹងថ្លែងពីអត្ថប្រយោជន៍នៃការរីកចម្រើនថាមពល ដោយមិនធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន ឬសង្គមសម្រាប់ មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត ដោយការផ្លាស់ប្តូរទៅជាថាមពលស្អាត ព្រមទាំងមានប្រសិទ្ធភាពជាងនេះ នឹងមិនត្រឹមតែមានប្រយោជន៍សម្រាប់សេដ្ឋកិច្ចប៉ុណ្ណោះទេ តែជាការវិនិយោគ យុទ្ធសាស្ត្រ និងការអនុវត្តក្នុងរយៈពេលវែង៕