ព័ត៌មានជាតិ

យុទ្ធនាការធ្វើតេស្ដ សារធាតុញៀន មានមន្ដ្រីនគរបាលជាតិ១០រូប ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌ

ភ្នំពេញ ៖ លោក ទូត សុខៈ អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុងយុទ្ធនាការធ្វើតេស្ដ រកសារធាតុញៀន លើមន្ដ្រីនគរបាល ក្រោមចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ជាលទ្ធផលមានមន្ដ្រី នគរបាលជាតិ ១០រូប ត្រូវបានបណ្ដេញចេញ ពីក្របខ័ណ្ឌ ក្រោយរកឃើញ និងពាក់ព័ន្ធទៅនឹងសារធាតុញៀន ។

តាមរយៈសារសំឡេង នាថ្ងៃទី៥ មករា នេះ លោក ទូត សុខៈ បានបញ្ជាក់ថា «ខ្ញុំ សូមជូនលទ្ធផល នៃការធ្វើតេស្ដ រកសារធាតុញៀន ក្នុងចំណោមកងកម្លាំង នគរបាលជាតិ ចំណុះឲ្យអគ្គស្នងការដ្ឋាន នគរបាលជាតិ នៅក្នុងកម្រិត ទូទាំងប្រទេស ហើយរាប់ទៅដល់ប៉ុស្ដិ៍នគរបាល យើងអាចនិយាយបានថា អគ្គស្នងការដ្ឋាន នគរបាលជាតិ គឺលោកបានបញ្ចប់យុទ្ធនាការរបស់លោក ទូទាំងប្រទេសដោយជោគជ័យ ។ ជាលទ្ធផលតាមរបាយការណ៍ គឺមានកងកម្លាំងនគរបាលជាតិ ចំនួន ១០នាក់ ដែលមានសារធាតុញៀននៅក្នុងខ្លួន បន្ទាប់ពីធ្វើតេស្ដរួចហើយ»។

លោកបន្ដថា អ្នកទាំង១០នាក់នោះ សុទ្ធសឹងតែជាមន្ដ្រីពាក់ឋានន្ដរស័ក្តិខ្ពស់បំផុស ត្រឹមអនុសេនីយ៍ឯក ពោលគឺស័ក្តិ៣ប៉ុណ្ណោះ ក្នុងនោះមាននៅ នាយកដ្ឋានព្រំដែនទឹក រកឃើញម្នាក់, ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ២នាក់, ស្នងការដ្ឋានគរបាលខេត្តត្បូងឃុំ ៣នាក់, នាយកដ្ឋានសន្ដិសុខឯកជនម្នាក់, ស្នងការដ្ឋាន នរបាលខេត្តកំពង់ស្ពឺម្នាក់, ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ២នាក់។

អ្នកនាំពាក្យបន្ថែមថា ក្រៅពីនោះ អង្គភាពដែលចំណុះឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ គឺពុំមានមន្ដ្រីនគរបាលរូបណា ត្រូវបានរកឃើញសារធាតុញៀននោះទេ។ អ្នកទាំង ១០នាក់នេះ គឺត្រូវបានអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នើជាបន្ទាន់មក លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដើម្បីអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ។ ពោលស្នើបណ្ដេញចេញតែម្ដង។

ជាការឆ្លើយតបបន្ទាន់របស់លោកឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីមហាផ្ទៃ គឺបានចេញប្រកាសបណ្ដេញចេញ ជាបន្ទាន់ផងដែរ នៃសប្ដាសន៍ទី១ នៃខែមករា ឆ្នាំ២០២៤ ដោយអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងករណីណា ដែលកងកម្លាំងនគរបាលជាតិ ឬកងកម្លាំងប្រដាប់អាវុធ រកឃើញថា មានសារធាតុញៀននៅក្នុងខ្លួន ឬពាក់ព័ន្ធនឹងសារធាតុញៀន គឺត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ ជាដាច់ខាត ៕

To Top