ព័ត៌មានជាតិ

និស្សិតជាង២០០នាក់ នៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា ទទួលបានការបណ្តុះបណ្តាល ពីការត្រៀមលក្ខណៈសម្បត្តិ ក្នុងការស្វែងរកការងារពី NEA

ភ្នំពេញ ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ សសយក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងពុទ្ធិកសកលវិទ្យាល័យព្រះសីហមុនីរាជា បានរៀបចំសិក្ខាសាលាស្តីពី ៖ “ការត្រៀមលក្ខណៈសម្បត្តិក្នុងការស្វែងរកការងារ” ដល់និស្សិតដែលកំពុងសិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ចំនួនជាង២០០ នាក់ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ នេះ។

ពិធីបើកសិក្ខាសាលានេះ ត្រូវបានចំឡើងនាព្រឹកថ្ងៃទី០៥ ខែមករា នេះ នៅសកលវិទ្យាល័យព្រះសីហមុនីរាជា ក្រោមអធិបតីភាព លោក​ កាន់ ម៉ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក​ ងួន ស្តេចភក្តី ទីប្រឹក្សាផ្ទាល់សម្តេចបវរធិបតី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាសកលវិទ្យាធិការរង ពុទ្ធិសាកលវិទ្យាល័យព្រះសីហមុនីរាជា ។

សិក្ខាសាលានេះធ្វើឡើង ក្នុងគោលបំណង ដើម្បីផ្តល់ជាពុទ្ធិដល់និស្សិតដែលកំពុងសិក្សា ឬទើបបញ្ចប់ការសិក្សា ឱ្យមានការសម្រេចចិត្ត ដ៏ត្រឹមត្រូវក្នុងការឈានជើង ចាប់យកឱកាសការងារ ដែលខ្លួនស្រឡាញ់ និងធ្វើការ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ព្រមទាំងគន្លឹះសំខាន់ៗក្នុងការរក្សាការងារ ពិសេសដើម្បីណែនាំអំពីព័ត៌មានទីផ្សារ ការងារនៅក្នុងប្រទេសកម្ពុជាជូនដល់និស្សិត។

លោក អ៊ុន សីហា ជានិស្សិតឆ្នាំទី១ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា លើកឡើងថា សិក្ខាសាលាថ្ងៃនេះ ពិតជាមានសារៈសំខាន់ខ្លាំង ណាស់សម្រាប់ និស្សិតពិសេសនិស្សិតដែលជិតនឹងបញ្ចប់ការសិក្សា ព្រោះបានណែនាំពីវិធីសាស្ត្រ ក្នុងការសរសេរប្រវត្តិរូបសង្ខេប(CV) ឲ្យទាក់ទាញ ការត្រៀមខ្លួននៅពេលសម្ភាសការងារ និងផ្តល់ព័ត៌មានទីផ្សារការងារជាដើម ។

កញ្ញា ប៊ុន មន្នី និស្សិត​ ជំនាញភាសាអង់គ្លេស នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា លើកឡើងថា សិក្ខាសាលាស្តីពី “ការត្រៀមលក្ខណៈសម្បត្តិ ក្នុងការស្វែងរកការងារ” របស់ NEA បានផ្តល់ចំណេះដឹងអំពីរបៀបនៃការស្វែងរកការងារ និងការរៀបចំឯកសារមុន ពេលទៅរកការងារធ្វើជាដើម។

សម្រាប់យុវជន សិស្ស/និស្សិត ដែលមានបំណងចូលរួមវគ្គបណ្តុះបណ្តាលអំពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ និង ជំនាញទន់ ដើម្បីអាចទទួលបានការងា រធ្វើកាន់តែឆាប់រហ័សនោះ សូមមកចុះឈ្មោះជាមួយ NEA។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ៕

To Top