អត្ថបទ

ខួបអនុស្សាវរីយ៍លើក ៤៥ ឆ្នាំ ថ្ងៃជ័យជំនះ ៧ មករា៖ កម្ពុជា-វៀតណាម បន្តលើកកម្ពស់ទំនាក់ទំនងក្នុងភាពជាអ្នកជិតខាងល្អ លើគ្រប់វិស័យនិងគ្រប់កម្រិត

ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺជាថ្ងៃជ័យជំនះជាប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់ប្រជាជនកម្ពុជាលើរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយបិទយុគសម័យដ៏ខ្មៅងងឹតនិងបើកទំព័រសករាជថ្មីនៃឯករាជ្យភាពសេរីភាព ប្រជាធិបតេយ្យនិងវឌ្ឍនភាពសង្គម ហើយក៏ជាការត្រួសត្រាយផ្លូវសម្រាប់ការបង្រួបបង្រួមជាតិអនុម័តការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ១៩៩១ របបរាជានិយមអាស្រ័យធម្មនុញ្ញក៏ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ១៩៩៣ ហើយព្រះរាជាណាចក្រទីពីរត្រូវបានបង្កើតឡើងវិញ និង បានជាការឈានទៅបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរៃនៅកម្ពុជាតាមរយៈគោលនយោបាយឈ្នះ-ឈ្នះ ដ៏មានប្រជាប្រិយភាពរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៅថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ១៩៩៨។

តាមរយៈការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ដោយឈរលើមូលដ្ឋាននៃស្មារតីសាមគ្គីភាពជាតិនិងឯកភាពជាតិក្នុងគោលដៅបង្រួបបង្រួមប្រជាជាតិទាំងមូលក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចប់សង្គ្រាមរាំរ៉ៃដោយ ពុំមានការបង្ហូរឈាមជាតិសាសន៍ឯង សំដៅស្ដារឡើងវិញនិងរក្សាបាននូវសន្តិសុខនិងសុខសន្តិភាពជូនប្រជាជន។ កម្ពុជាពីមុនដែលគេល្បី ថាកម្ពុជាជាវាលពិឃាដ ជាតំបន់អសន្តិសុខ ជាចម្ការមីន ដែលមានការភ័យខ្លាច គ្រប់គ្នា តែឥឡូវនេះ បានក្លាយទៅជាកោះសន្តិភាពនិងជាតំបន់ទេសចរណ៍ប្រកប ដោយប្រជាប្រិយភាព។ កម្ពុជាពីមុន ជាប្រទេសអន់ថយខាងសេដ្ឋកិច្ច គ្របដណ្ដប់ទៅដោយភាពក្រីក្រនិងមានអសន្តិសុខស្បៀង ឥឡូវបានក្លាយទៅជាប្រទេសនាំចេញស្បៀងនិងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់។ ទន្ទឹមនេះ កម្ពុជាពីមុនដែលជាប្រទេសរងការហ៊ុមព័ទ្ធនិង ឯកោទាំងខាងនយោបាយនិងសេដ្ឋកិច្ច ឥឡូវបានក្លាយទៅជាប្រទេសមួយដែលកំពុងសមាហរណកម្មខ្លួនយ៉ាងសកម្មនៅក្នុងរចនាសម្ព័ន្ធនិងនិមាបណកម្មតំបន់ ជាប្រទេសដែលកំពុងដើរតួនាទីយ៉ាងសកម្ម ដោយស្មើសិទ្ធិស្មើភាពក្នុងគ្រប់កិច្ចការតំបន់ និង នៅលើឆាកអន្តរជាតិ និងសេចក្ដីថ្លៃថ្នូររបស់ប្រជាជនកម្ពុជា។ ទាំងអស់នេះសរបញ្ជាក់ឱ្យឃើញថា ក្រោយថ្ងៃរំដោះ ថ្ងៃ ៧ ខែ មករា ឆ្នាំ១៩៧៩ ប្រទេសកម្ពុជាមានការរីកចម្រើននិងការអភិវឌ្ឍជាបន្តបន្ទាប់។

ទម្រាំបានដូចសព្វថ្ងៃ ប្រទេសកម្ពុជាបានដើរលើផ្លូវដ៏សែនលំបាកនិងគ្រោះថ្នាក់បំផុត ប៉ុន្តែវាជាផ្លូវដ៍ត្រឹមត្រូវដើម្បីធានាបាននូវភាពរីកចម្រើនយូរអង្វែង និងប្រកបដោយវិបុលភាពសម្រាប់ មាតុភូមិកម្ពុជា ក្រោមរជ្ជកាលរបស់ព្រះមហាក្សត្រកម្ពុជា និងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំរយៈពេល ៣៨ ឆ្នាំ ដែលបានដឹកនាំនាវាកម្ពុជាឱ្យសម្រេចបានសមិទ្ធផលសំខាន់ៗ ជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ បើកដំណើរការ ប្រទេសឡើងវិញនិងការស្តារសេដ្ឋកិច្ចបានយ៉ាងឆាប់រហ័ស ភាពជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំកំពូល អាស៊ាន លើកទី ៤០ និងទី ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ភាពជោគជ័យនៃមហាសន្និបាត AIPA លើកទី ៤៣ ដែលបានរួមចំណែកដល់ការកសាងសហគមន៍អាស៊ាននិងរក្សាបាននូវមជ្ឈភាពអាស៊ាន ក៏ដូចជាលើកកម្ពស់កេរ្តិ៍ឈ្មោះនិងកិត្យានុភាពរបស់កម្ពុជាទាំងក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក ការទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ កាលពីថ្ងៃអាទិត្យ ទី ០៥ ខែ មិថុនា ឆ្នាំ ២០២២ ការទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ៧ កាលពីថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២៣ ជាពិសសជាងនេះទៅទៀត គឺការឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២៣ ដែលជាថ្ងៃកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់កម្ពុជា ជា​ពេល​​វេ​លា​ដែលកម្ពុជាបានផ្លាស់ប្តូរនាយករដ្ឋមន្ត្រី ក្នុងរយៈជិត ៤ ទសវត្សរ៍កន្លងទៅ។ ការផ្លាស់ប្តូរតំណែងកំពូលក្នុងស្ថាប័ននីតិ​ប្រតិបត្តិនៅក្នុងបណ្តា ប្រទេសនីមួយៗ គឺជារឿងដែលទទួលបានការចាប់អារម្មណ៍បំផុត តែសម្រាប់​កម្ពុជា រឹតតែទទួលការចាប់អារម្មណ៍ខ្ពស់ថែមទៀត ដ្បិតជាការផ្លាស់ប្តូរមួយក្នុងរយៈរហូត​ដល់ទៅ​ជិត ៤០ ឆ្នាំ។ ក៏ដូចជារក្សាបាននូវស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម សាមគ្គីភាព ភាពរុងរឿងនិងស្ថិរភាព បើទោះបីជា បច្ចុប្បន្ន ស្ថានភាពពិភពលោកនិងតំបន់កំពុងតែមានភាពប្រែប្រួលយ៉ាងខ្លាំង និងប្រកបដោយភាពស្មុគស្មាញក៏ដោយ ហើយជាពិសេស ផលប៉ះពាល់នៃវិបត្តិដោយសារជំងឺកូវីដ-១៩ ជម្លោះនិងការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយរបស់មហាអំណាចធំៗ ក្នុងពិភពលោក សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន វិបត្តិនៅឧបទ្វីបកូរ៉េ និងវិបត្តិនៅមីយ៉ាន់ម៉ា សង្គ្រាមនៅកាហ្សាជាដើម ក៏ដោយ។

បើទោះជាមានបញ្ហាប្រឈមជាច្រើន ដែលកំពុងកើតមានក្តី ប៉ុន្តែរាជរដ្ឋាភិបាលនីតិកាលថ្មី ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងជាអនុប្រជានគណបក្សប្រជាជនកម្ពុជា នៅតែមានជំនឿចិត្តយ៉ាងមុតមាំ និង បានដាក់ចេញគោលនយោបាយអាទិភាពរបស់ខ្លួនក្នុងការលើកកម្ពស់​ជីវ​ភាព​របស់ប្រជាពលរដ្ឋ ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋនិងយកឆ្នាំ ២០២៣ ជាចំណុចចាប់​ផ្តើមរបស់ខ្លួន ដើម្បីឈានទៅសម្រេចគោលដៅប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ​២០​៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

សមិទ្ធផលដែលកម្ពុជាទទួលបានដូចសព្វថ្ងៃ សុទ្ធតែកើតចេញពីចំណុចចាប់ផ្តើម ពីបាតដៃទទេ ក្រោយការផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលបានកាប់សម្លាប់ប្រជាជនស្ទើរដាច់ពូជ និងបំផ្លិចបំផ្លាញគ្មានសល់ ពីសំណាក់កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានិងដោយមានទទួលបានការជួយគាំទ្រពីកងទ័ពស្ម័គ្រចិត្ត និងប្រជាជនវៀតណាម។

នៅក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី ៦ កាលពីថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ អង្គមហាសន្និបាត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះបណ្ដាប្រទេសជាមិត្តជិតឆ្ងាយ ជាពិសេសបក្សកុម្មុយនិស្តវៀតណាម ក៏ដូចជាជូនចំពោះរដ្ឋាភិបាល កងទ័ពនិងប្រជាជន​ វៀតណាម ដែលបានឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្ស សាមគ្គីសង្គ្រោះជាតិង្ប្រជាជនវៀតណាម ដែល  មិកម្ពុជា ក្នុងការតស៊ូរំដោះប្រទេសនិងប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

សូមរំលឹកផងដែរថា នៅឆ្នាំ​ ១៩៧៥ បន្ទាប់ពីការបញ្ចប់ដោយជោគជ័យនៃសង្គ្រាម វៀតណាម (Vietnam War) ដែលមានប្រទេសកម្ពុជាជាអ្នកដែលបានរួមចំណែកជួយគាំទ្រដល់ វៀតណាម ខាងជើង ក្នុងការធ្វើសង្គ្រាមបង្រួបបង្រួមទឹកដីវៀតណាម ហើយទទួលបានជ័យជំនះនៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ១៩៧៥ ប្រជាជនក៏ដូចជាប្រទេសកម្ពុជាបែរជាត្រូវបានធ្លាក់ទៅក្នុងសោកនាដកម្មទៅវិញ។ ក្រោយការដួលរលំរបប លន់នល់នៅកម្ពុជា នៃថ្ងៃ ១៧ ខែ មេសា ឆ្នាំ ១៩៧៥ របប ប៉ុល ពត បានដាក់ប្រទេសនិងប្រជាជនកម្ពុជាឱ្យធ្លាក់ទៅក្នុងរបបប្រល័យពូជសាសន៍ដ៏អាក្រក់ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ មនុស្សជាតិ។ ក្នុងរយៈពេលត្រឹមតែ ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ ពួកគេបានសម្លាប់ប្រជាជនកម្ពុជាស្លូតត្រង់អស់ជាង ៣ លាននាក់។

នៅថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានិងប្រជាជនកម្ពុជា ដោយមានការជួយជ្រោមជ្រែងពីសំណាក់កងទ័ពស្ម័គ្រចិត្តនិងប្រជាជន វៀតណាម ជាច្រើនម៉ឺននាក់ បាន ផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលដឹកនាំដោយ ប៉ុល ពត អៀង សារី ខៀវ សំផន រំដោះប្រជាជននិងប្រទេសកម្ពុជាឱ្យរួចចាកផុតពីការសម្លាប់ដោយរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ជ័យជំនះនេះ ជាព្រឹត្តិការណ៏ប្រវតិ្តសាស្រ្តនៃមហាសាមគ្គីភាពអន្តរជាតិរវាងប្រជាជននិងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាមនិងបានបើកទំព័រថ្មីមួយក្នុងទំនាក់ទំនងមិត្តភាព ក្នុងភាពជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ។ ក្រោយទទួលបានជោគជ័យដ៏សែនត្រចះត្រចង់នេះ កងទ័ពស្ម័គ្រចិត្តវៀតណាម បាននៅបន្តជួយបណ្តុះបណ្តាល និង ដឹកនាំរហូតដល់កងទ័ពកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រឆាំងទប់ស្កាត់ មិនឱ្យរបបប្រល័យពូជសាន៍ដែលបានរត់ទៅជ្រកកោនតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អាចវិលត្រឡប់មកវិញជាលើកទីពីរបាន ទើបកងទ័ពស្ម័គ្រចិត្ត វៀតណាម សម្រេចដកចេញពីកម្ពុជាទាំងស្រុងវិញនៅថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ១៩៨៩។

ចាប់តាំងពីក្រោយការដកនៃកងទ័ពស្ម័គ្រចិត្តវៀតណាម​ ចេញពីកម្ពុជាទាំងស្រុង ទំនាក់ទំនងរវាង កម្ពុជានិង​ វៀតណាម បានវិវត្តន៍ជាបន្តបន្ទាប់ រហូតមកទល់បច្ចុប្បន្ននិងបានអភិវឌ្ឍកាន់តែខ្លាំងឡើង លើវិស័យជាច្រើន ដែលបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងជាច្រើនសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ទំនាក់ទំនងរវាងកម្ពុជានិងវៀតណាម មិនត្រឹមតែជាទំនាក់ទំនងតាមបែបប្រពៃណី ក្នុងនាមជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នាប៉ុណ្ណោះទេ គឺថែមទាំងជាទំនាក់ទំនងក្នុងនាមជាបងប្អូនរួមសុខរួមទុក្ខ ជាមួយ​គ្នាក្នុងបុព្វហេតុរំដោះជាតិនិងការបង្រួបបង្រួមជាតិ រួមគ្នាក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ រហូតមកទល់សព្វថ្ងៃនេះ។ ទំនាក់ទំនងនេះត្រូវបានថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរបន្តថែរក្សានិងពូនជ្រំជាបន្តបន្ទាប់និងត្រូវបានយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរបន្តកសាងស្ពានមិត្តភាពនេះបន្តទៀត ក្រោមបាវចនា “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង”។

ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ ពីថ្ងៃទី ១១-១២ ខែ ធ្នូ ឆ្នាំ២០២៣  របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម ថ្នាក់ដឹកនាំវៀតណាម ក៏បានគូសបញ្ជាក់ថា សម្ដេចធិបតី ជាថ្នាក់ដឹកនាំវ័យក្មេងដ៏ឆ្នើមដែលកំពុងដឹកនាំ នាវាកម្ពុជា បន្តឆ្ពោះទៅរកការអភិវឌ្ឍនិងសមិទ្ធិផលថ្មីបន្ថែមទៀត សំដៅសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ នាយករដ្ឋមន្ត្រីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនជាលំដាប់នៃទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ និង គ្រប់កម្រិតនិងបានដាក់ចេញនូវផែនការសកម្មភាពក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ការតភ្ជាប់ សុខាភិបាល អប់រំ សន្តិសុខ ព្រំដែន និងការពារជាតិ ក៏ដូចជាបានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់និងពង្រីក កិច្ចសហប្រតិបត្តិការលើវិស័យ សក្តានុពលដទៃទៀត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ជំនួបនិងការប្រាស្រ័យទាក់ទងគ្នាជាញឹកញាប់។

ក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំដោយលោក ផាម មិញជិញ នាយករដ្ឋមន្ត្រី វៀតណាម នៅ យប់ថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ ២០២៣ ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ ពីថ្ងៃទី ១១-១២ ខែ ធ្នូ ឆ្នាំ២០២៣  របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទៅកាន់សាធារណរដ្ឋសង្គមនិយម វៀតណាម សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងដោយគូសបញ្ជាក់ថា សច្ចភាពប្រវត្តិសាស្ត្រ ខ្មែរជួយបង្រួបបង្រួម​ វៀតណាម និង វៀតណាម ជួយកម្ពុជារំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ប៉ុលពត មិនអាចក្រុមប្រតិក្រិយាណាមកកែខៃកាឡៃបាននោះឡើយ។ យើងត្រូវអប់រំនិងផ្សព្វផ្សាយឱ្យប្រជាជនយើងទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ បានយល់ដឹង ជ្រួតជ្រាបអំពីសច្ចភាពប្រវត្តិសាស្ត្រនេះ ក៏ដូចជាសារសំខាន់និងគុណតម្លៃនៃទំនាក់ទំនងជិតស្និទ្ធរវាងកម្ពុជានិងវៀតណាម។

រូបថតក្នុងអត្ថបទ៖ AKP និង VNA

លោក អ៊ុច លាង
 អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា

To Top