ភ្នំពេញ៖ លទ្ធផល នៃការអនុវត្តផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ចំនួន ៨លើក កន្លងទៅនេះ ចាប់ពីឆ្នាំ២០១៧-២០២៣) កងកម្លាំងអនុវត្តច្បាប់ បានឃាត់ខ្លួនជនសង្ស័យ ១២០.៣០៧នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទទម្ងន់ប្រមាណ ២៧.៦៤១គីឡូក្រាម និងសារធាតុគីមីផ្សំប្រមាណ ៥២០.០០៥គីឡូក្រាម រួមទាំងមធ្យោបាយ សម្ភារៈ និងវត្ថុតាងជាច្រើនទៀត។
តាមរយៈផែនការស្ដីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩រយៈពេល ១ឆ្នាំ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល ចេញផ្សាយនាពេលថ្មីៗនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ផ្អែកតាមលទ្ធផល នៃការអនុវត្តផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់កន្លងមក បានពិនិត្យឃើញថា កងកម្លាំងអនុវត្តច្បាប់ ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បានខិតខំប្រឹងប្រែងយ៉ាងសកម្មផុលផុស តស៊ូប្រយុទ្ធប្រឆាំងបទល្មើស គ្រឿងញៀនយ៉ាងក្តៅគគុក ដូចភ្លៀងរលឹម ដោយទទួល បានលទ្ធផលគួរឱ្យកត់សម្គាល់។
សម្ដេចធិបតី បន្ដថា កម្ពុជាទទួលបានការគាំទ្រ និងកិច្ចសហការពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ជាពិសេសករណីធំៗ និងករណីកែច្នៃផលិតសារធាតុញៀន ត្រូវបានបង្ក្រាប និងកាត់បន្ថយស្ទើរតែគ្មានសកម្មភាព ក្នុងឆ្នាំ២០២៣, ការបន្តស្រាវជ្រាវ បង្ក្រាបបទល្មើសសម្អាតប្រាក់ដែល ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដោយបានបង្កក រឹបអូសទ្រព្យសម្បត្តិពីក្រុមឧក្រិដ្ឋជនគ្រឿងញៀន បានយ៉ាងច្រើនសន្ធឹកសន្ធាប់ បានរួមចំណែកធ្វើឱ្យកម្ពុជា ចាកចេញពីបញ្ជីប្រផេះនៃ FATF។
សម្ដេចធិបតី គូសបញ្ជាក់ថា «លទ្ធផល នៃការអនុវត្តផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ចំនួន ៨លើក កន្លងទៅ (២០១៧-២០២៣) កងកម្លាំងអនុវត្តច្បាប់បានបើកប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនសរុប ចំនួន ៥៥.៣០៥ករណី ឃាត់ខ្លួនជនសង្ស័យ ១២០.៣០៧នាក់ ចាប់យកសារធាតុញៀន គ្រប់ប្រភេទទម្ងន់ប្រមាណ ២៧.៦៤១គីឡូក្រាម និងសារធាតុគីមីផ្សំប្រមាណ ៥២០.០០៥គីឡូក្រាម រួមទាំងមធ្យោបាយ សម្ភារៈនិងវត្ថុតាងជាច្រើនទៀត»។
សម្ដេចធិបតី បន្ថែមថា ក្នុងនោះ សមត្ថកិច្ចបានស្រាវជ្រាវ បានរកឃើញ និងបានបង្ក្រាប បទល្មើសគ្រឿងញៀន ដែលមានអង្គការចាត់តាំង ចំនួន ៤៣៥ករណី ឃាត់ខ្លួនមេក្លោង ១៦៤នាក់ និងខ្សែរយៈបណ្ដាញ ៨១១នាក់ ហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់»។
សម្ដេច នាយករដ្ឋមន្ដ្រី បានលើកឡើងថា ទោះបីជាប្រតិបត្តិការប្រយុទ្ធប្រឆាំង បទល្មើសគ្រឿងញៀនខុសច្បាប់ ទទួលបានលទ្ធផលជាវិជ្ជមាន ដូចបានពោលខាងលើក្ដី ផ្អែកតាមនិន្នាការថ្មីនៃការកែច្នៃផលិត ដឹកជញ្ជូន ជួញដូរសារធាតុញៀនជាសកល និងបញ្ហាថ្មីៗមួយចំនួនទៀត ត្រូវបានកត់សម្គាល់ក្នុង កិច្ចប្រតិបត្តិការបង្ក្រាប ដូចជា៖ ការប្រើប្រាស់ល្បិចកល នាំចូលនូវសារធាតុគីមីបម្រើឱ្យវិស័យកសិកម្ម ឧស្សាហកម្ម បន្លំយកមក កែច្នៃផលិតជាសារធាតុញៀន គួបផ្សំ នឹងការប្រើប្រាស់គ្រឿងញៀននៅតាមសហគមន៍ នៅតែជាបញ្ហាប្រឈមរ៉ាំរ៉ៃ ដែលត្រូវយកចិត្តទុកដាក់ ចាត់វិធានការដោះស្រាយឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព៕