ព័ត៌មានជាតិ

លោក ប៉ែន បូណា ៖ របាយការណ៍រាល់លើករបស់ Human Rights Watch​ ដើម្បីបំផ្លាញកម្ពុជា

ភ្នំពេញ ៖ ប្រតិកម្មតបទៅអង្គការបរទេសមួយឈ្មោះថា “Human Rights Watch” ដែលបានចេញរបាយការណ៍ចោទរាជរដ្ឋាភិបាលអាណត្តិថ្មីដែលចូលកាន់តំណែងប្រមាណជា៤ខែមកនេះ “គ្មានបានធ្វើឲ្យស្ថានភាពសិទ្ធិមនុស្សល្អប្រសើរឡើយ” នោះអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា ដូចរាល់លើករបាយការណ៍របស់អង្គការជ្រកក្រោមផ្លាកការពារសិទ្ធិមនុស្សនេះ គឺមិនដែលឃើញកម្ពុជាល្អឡើយ ពោលរាល់របាយការណ៍របស់គេ ដើម្បីបំផ្លាញកិត្តិយសរបស់កម្ពុជាគ្រប់ពេល ។

ការលើកឡើងរបស់លោក ប៉ែន បូណា នេះ បន្ទាប់ពីអង្គការបរទេសមានឈ្មោះថា អង្គការ​សិទ្ធិ​មនុស្ស (Human Rights Watch) មានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានចេញផ្សាយរបាយការណ៍មួយកាលពីថ្ងៃ១២ មករា ដោយបានរក​ឃើញថា​ រាជរដ្ឋាភិបាលកម្ពុជាថ្មីនាអាណត្តិទី៧នេះ “មិន​បាន​ធ្វើ​ឲ្យស្ថានភាព​សិទ្ធិ​មនុស្ស​មាន​ភាព​ល្អ​ប្រសើរ​” ។ ជាមួយគ្នានេះអង្គការនេះ ក៏លើកពីការ​បង្ក្រាប​របស់រាជ​រដ្ឋាភិបាល​ទៅ​លើ​គណ​បក្ស​ប្រឆាំង ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ សកម្មជន​ដី​ធ្លី មេ​ដឹក​នាំ​សង្គម​ស៊ីវិល ​មេ​ដឹក​នាំ​សហជីព។

សម្រាប់ការលើកឡើងបែបគ្មានមូលដ្ឋានច្បាស់លាស់របស់ Human Rights Watch តាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១៥ មករា លោក ប៉ែន បូណា មានប្រសាសន៍ថា របាយការណ៍ HRW អត់មានអ្វីចម្លែកនោះទេ ព្រោះជារបាយការណ៍មានលក្ខណៈវាយប្រហារមកលើរាជរដ្ឋាភិបាលទាំងអាណត្តិចាស់ និងអាណត្តិថ្មី ទោះបីជាឃើញជាក់ស្តែងកម្ពុជាល្អប្រសើរ ក៏ពួកគេមើលមិនឃើញដែរ ។

លោកបញ្ជាក់ថា “យើងបានស្គាល់ច្បាស់ថា អង្គការនេះ (Human Rights Watch) មានរបៀបវារៈអ្វីគឺចង់បំផ្លាញកិត្តិឈ្មោះរបស់កម្ពុជាហ្នឹងឯង ។ របាយការណ៍ចេញរាល់ៗលើក គឺដូចគ្នាមិនដែលមើលឃើញកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលដ៏ល្អរបស់កម្ពុជាទេ” ។

លោកថា អង្គការតាំងខ្លួនជាអង្គការពារសិទ្ធិមនុស្សនេះដែលបានលើកថា សម្តេចធិបតី ហ៊ុន ម៉ាណែត មិនបានធ្វើឲ្យសិទ្ធិមនុស្សល្អប្រសើរ តែការពិតអង្គការនេះមិនចេះវាយតម្លៃអំពីសិទ្ធិមនុស្សកម្ពុជាទៅវិញ ជាក់ស្តែងគឺរាជរដ្ឋាភិបាលកម្ពុជានេះហើយជាអ្នកផ្តល់សិទ្ធិរួសរានមានជីវិតទៅដល់ប្រជាពលរដ្ឋខ្មែរ ផ្តល់សិទ្ធិគ្រប់បែបយ៉ាងទាំងអស់។

លោក ប៉ែន បូណាថា ក្នុងរយៈពេលជាង៤ខែដែលសម្តេចធិបតី ហ៊ុន ម៉ាណែតឡើងកាន់អំណាចដែលHRW មិនបើកភ្នែកមើលនោះ គឺគោលនយោបាយទាំង៦ចំណុចដាក់ចេញ ក្នុងអាណត្តិថ្មីនេះ សុទ្ធសឹងតែជាការលើកកម្ពស់សិទ្ធិមនុស្ស ដូចជា ការផ្តល់សេវាផ្នែកសុខាភិបាល , ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបច្ចេកទេសដល់កូនអ្នកក្រីក្រ , ការជួយទៅដល់អ្នកប្រកបមុខរបរតូចតាច (សេដ្ឋកិច្ចក្រៅប្រព័ន្ធ) និងការជួយប្រជាកសិករជាដើម។

អ្នកនាំពាក្យក៏លើកជាសំណួរបែបងឿយឆ្ងល់ថា ទាំងអស់នេះមិនមែនជាសិទ្ធិមនុស្សទេ? ឬមួយអង្គការនេះ យកមតិតែមនុស្ស២-៣នាក់មកធ្វើជាមូលដ្ឋាន ដោយមិនគិតពីពលរដ្ឋកម្ពុជាទាំងមូលជាង១៧លាននាក់។

ចំពោះការលើកឡើងរបស់ “Human Rights Watch” ថា បង្ក្រាបទៅលើប្រព័ន្ធផ្សព្វផ្សាយ លោក ប៉ែន បូណាតបថា គឺពួកគេមិនមើលប្រព័ន្ធផ្សព្វផ្សាយជាង២ពាន់អង្គភាពចុះបញ្ជីត្រឹមត្រូវនៅក្រសួង ហើយកំពុងដំណើរនោះទេ គឺមើលទៅតែប្រព័ន្ធផ្សព្វផ្សាយដែលមិនគោរពតាមច្បាប់កម្ពុជាទៅវិញ ៕

To Top