ភ្នំពេញ៖ បន្ទាប់ពីប្រើប្រាស់ពូជស្រូវ ដែលមិនល្អអស់រយៈពេលជាច្រើនឆ្នាំមក ដែលធ្វើឲ្យមានការប្រមូលទិន្នផលបានតិច តែក្រោយពេល មានគម្រោង បង្កើនផលិតភាពកសិកម្ម របស់ជប៉ុន ដែលផ្ដល់ឲ្យតាមរយៈ អង្គការចៃការ(JICA) ក្នុងការផ្ដល់ជាសម្ភារៈ បច្ចេកទេសនានា ក៏ដូចជា ពូជស្រូវល្អៗ ធ្វើឲ្យប្រជាកសិករ នៅក្នុងខេត្តបាត់ដំបង បានផ្លាស់ប្ដូរផ្នត់គំនិត មកប្រើប្រាស់ពូជស្រូវ ដែលល្អ មានគុណភាពវិញ ទើបធ្វើឲ្យពួកគេ មានការប្រមូលផលស្រូវ បានច្រើនក្នុង១ឆ្នាំៗ។ នេះបើយោងតាមការអះអាង របស់លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម ប្រចាំខេត្តបាត់ដំបង។
ក្នុងសេចក្ដីសង្ខេប អំពីគម្រោងបង្កើនផលិតភាព កសិកម្មក្នុងតំបន់ ទន្លេសាបបែកខាងលិច (APPP) នៅថ្ងៃទី៦ ខែមិនា ឆ្នាំ២០២០ លោក អ៊ិន សុវណ្ណមុន្នីបានថ្លែងថា ចឹងយើងឃើញថា “ប្រជាពលរដ្ឋជារួមគាត់មានគំនិតផ្លាស់ប្ដូរ ប្ដូរឥរិយាបថ ពីប្រើប្រាសពូជពាសវាស ពាសការហ្នឹង មកប្រើប្រាស់ពូជដែលមានគុណភាព ។ ចឹងគាត់ចាប់យកចៃការនៅក្នុងនេះ មានបីសហគមដែល ចាប់យកពូជពីចៃការល្អៗ”។
លោកបន្តថា កាលពីមុននៅក្នុងខេត្តបាត់ដំបងនេះ មានសហគមជាលក្ខណៈគ្រួសារ ធ្វើស្រូវតិចណាស់ តែក្រោយពីមានគម្រោង របស់ជប៉ុន ធ្វើឲ្យមានកំណើនសហគម ធ្វើស្រូវកើនឡើងគួរឲ្យកត់សម្គាល់ ឯទិន្នផលដី សម្រាប់ធ្វើកសិកម្ម ក៏មានការកកើនឡើង ការប្រមូលផលក៏ការកើនឡើង រីឯជីវភាពរបស់ពួកគេ ក៏មានការធូរធាផ្លាស់ប្ដូរច្រើនផងដែរ។
អនុប្រធានមន្ទីរសង្កត់ធ្ងន់ថា បើសិនជារកឃើញពូជស្រូវ ណាដែលមានលក្ខណៈមិនល្អ (អន់គុណភាព) មន្ទីរកសិកម្មខេត្តបាត់ដំបង មិនអនុញ្ញាត ឲ្យមានការលក់ពូជ ទៅឲ្យប្រជាកសិករឡើយ។
លោកបញ្ជាក់សម្រាប់ផ្ទៃដីដាំដុះដំណាំស្រូវ សម្រាប់បង្ករបង្កើនផល នៅក្នុងខេត្តបាត់ដំបង សរុបទាំងអស់ មានចំនួន ៣៦ម៉ឺនហិកតា។ហើយប្រជាពលរដ្ឋ បង្ករបង្កើនផលស្រូវ បានក្នុង១ហិកតា ទទួលបានទិន្នផលខ្ពស់បានរហូតដល់ទៅ ៤តោន ដោយកាលពីមុន មិនទាន់មានគម្រោងរបស់ជប៉ុន បានតែ១ហិកតា២តោន អីតែប៉ុណ្ណោះ៕
ដោយ៖ ធី លីថូ