ព័ត៌មានជាតិ

UPF ជឿថា នយោបាយឈ្នះ-ឈ្នះ ដ៏ល្បីល្បាញរបស់សម្តេចតេជា អាចនឹងរួមចំណែកកសាងសន្តិភាព និងបង្រួបបង្រួមជាតិ នៅក្នុងតំបន់ និងពិភពលោក

ភ្នំពេញ៖ លោកបណ្ឌិត ឆាល អេស យ៉ាង (Charles S.Yang) ប្រធានសហព័ន្ធសន្តិភាពសកល (UPF) បានថ្លែងដោយជឿជាក់យ៉ាងមុតមាំថា នយោបាយឈ្នះ-ឈ្នះ ដ៏ល្បីល្បាញរបស់សម្តេចតេជា ហ៊ុន សែន អាចនឹងរួមចំណែដល់ការកសាងសន្តិភាព និងការបង្រួបបង្រួមជាតិនៅក្នុងតំបន់និងពិភពលោក ។

ការថ្លែងបញ្ជាក់របស់ប្រធានសហព័ន្ធសន្តិភាពសកល បែបនេះធ្វើឡើងក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ។

ក្នុងជំនួបនោះសម្តេចតេជា ហ៊ុន សែន បានថ្លែងអំណរគុណដល់ លោកបណ្ឌិត Charles Yang នាយកអន្តរជាតិនៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) និងថ្នាក់ដឹកនាំ UPF ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតសកលឆ្នាំ២០២៣ និងបានចូលរួមចំណែកដល់ការកសាងធនធានមនុស្ស តាមរយៈកម្មវិធីអាហារូបករណ៍ និងបណ្តុះបណ្តាលផ្សេងៗ។

តាមរយៈជំនួបនោះដែរ សម្តេចតេជា ហ៊ុន សែន ក៏បានស្នើក្រុមហ៊ុនសាជីវកម្ម Lotte ដែលជាក្រុមហ៊ុនចម្រុះជាតិសាសន៍របស់កូរ៉េខាងត្បូង និងជាក្រុមហ៊ុនធំជាងគេទីប្រាំ នៅសាធារណរដ្ឋកូរ៉េ បង្កើនការវិនិយោមកកាន់ប្រទេសកម្ពុជា និងជាពិសេសការជួយដល់ផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវះដល់យុវជន១.៥ លាននាក់ រួមទាំងការគាំពារដល់ស្ត្រី ដែលជាតំរូវការចាំបាច់បំផុតមួយរបស់កម្ពុជា ក្នុងតំណាក់កាលថ្មី។

លោកបណ្ឌិត Charles Yang វាយតម្លៃខ្ពស់នូវគំរូវីរភាពក្នុងការដឹកនាំរដ្ឋ និងការកសាងប្រទេសរបស់សម្តេចតេជា ហ៊ុន សែន និងមានជំនឿមុតមាំថា «នយោបាយឈ្នះ-ឈ្នះ ដ៏ល្បីល្បាញរបស់សម្តេចតេជា ហ៊ុន សែន អាចនឹងរួមចំណែដល់ការកសាងសន្តិភាព និងការបង្រួបបង្រួមជាតិនៅក្នុងតំបន់និងពិភពលោក ជាពិសេសផ្តល់ជាធាតុចូលដ៏សំខាន់មួយក្នុងការស្វះស្វែងសន្តិភាពនិងការបង្រួបបង្រួមឧបទ្វីបកូរ៉េ» ។

កិច្ចសន្ទនារវាងថ្នាក់ដឹកនាំ និងអង្គការសង្គមស៊ីវិលគឺបានផ្តល់នូវតម្លៃនៃការយោគយល់ និងការចែករំលែកបទពិសោធន៍ល្អៗ ដែលមានផលប្រយោជន៍ផ្ទាល់ដល់សង្គម និងប្រជាជនដែលស្រឡាញ់សន្តិភាព៕

To Top