ព័ត៌មានអន្តរជាតិ

គ្រាប់បែកចម្ងាយឆ្ងាយ ថ្មីរបស់អាមេរិក អាចនឹងដឹកទៅដល់អ៊ុយក្រែន នៅក្នុងសប្តាហ៍នេះ

រូបភាពពី៖​ RT News

បរទេស៖ យោធាអាមេរិក គ្រោងនឹងផ្តល់ឱ្យអ៊ុយក្រែននូវការដឹកជញ្ជូនលើកដំបូង របស់ខ្លួននូវគ្រាប់រំសេវរយៈចម្ងាយឆ្ងាយថ្មី ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Boeing នាពេលថ្មីៗនេះ។ យោងតាមសារព័ត៌មាន Reuters និង Politico ដែលបានរាយការណ៍ថា គ្រាប់បែកអាចមកដល់ប្រទេសអ៊ុយក្រែនក្នុងសប្តាហ៍នេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ដោយថ្មីៗនេះមន្ទីរបញ្ចកោណបានបញ្ចប់ការសាកល្បងចុងក្រោយសម្រាប់គ្រាប់បែក Small Diameter Bomb (GLSDB) ដោយសហរដ្ឋអាមេរិកកំពុងរៀបចំការផ្ទេរគ្រាប់បែកប្រភេទនេះទៅកាន់ទីក្រុងគៀវ ។ នេះបើតាមសារព័ត៌មាន Politico បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីពីររូប និងពីរនាក់ផ្សេងទៀតដែលដឹងអំពីការពិភាក្សានេះ។ មន្ត្រីម្នាក់ក្នុងចំណោមមន្ត្រី២នាក់បាននិយាយថា គ្រាប់បែកអាចឈានដល់ចម្ងាយអតិបរមា ៩០ ម៉ាយ (១៤៥ គីឡូម៉ែត្រ) ហើយនឹងក្លាយជា “សមត្ថភាពដ៏សំខាន់សម្រាប់អ៊ុយក្រែន” ។

មន្ត្រីរូបនេះបានបន្ថែមថា “វាផ្តល់ឱ្យពួកគេនូវសមត្ថភាពវាយប្រហារកាន់តែស៊ីជម្រៅដែលពួកគេមិនធ្លាប់មាន វាបំពេញបន្ថែមនូវឃ្លាំងអាវុធដែលបាញ់ចម្ងាយឆ្ងាយរបស់ពួកគេ” ។ “វាគ្រាន់តែជាមុខព្រួញបន្ថែមមួយ នៅក្នុងចំណុចដែលនឹងអនុញ្ញាតឱ្យពួកគេធ្វើបានច្រើនជាងនេះ”៕ ប្រែសម្រួលៈ ណៃ តុលា

To Top