ព័ត៌មានអន្តរជាតិ

ចិន ថ្កោលទោស​អាមេរិក ជុំវិញ​ការ​ចោទ​ប្រកាន់ ​ក្រោមលេសសន្តិសុខ ​តាម​អ៊ីនធឺណិត

xinhua

ប៉េកាំង ៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន ជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការធ្វើចារកម្ម និងការវាយប្រហារ តាមអ៊ីនធឺណិត ទូទាំងពិភពលោក ហើយបញ្ឈប់ការជេរប្រមាថ ដល់ប្រទេសដទៃទៀត ក្រោមលេសនៃសន្តិសុខតាមអ៊ីនធឺណិត។

អ្នក​នាំ​ពាក្យចិនលោក Wang Wenbin បាន​ធ្វើ​ការ​កត់​សម្គាល់​នៅ​ក្នុង​ សន្និសីទ​ព័ត៌មាន​ជា​ប្រចាំ​ ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ដែល​ទាក់​ទង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

លោកបានកត់សម្គាល់ថា ប្រទេសចិន ប្រឆាំងដាច់ខាតរាល់ទម្រង់ នៃការវាយប្រហារតាមអ៊ីនធឺណិត និងបង្រ្កាបលើការអនុវត្តបែបនេះស្របតាមច្បាប់។

លោកបានលើកឡើងថា សហរដ្ឋអាមេរិក បានឈានដល់ការសន្និដ្ឋាន ដែលមិនមានការធានា ដោយគ្មានភស្តុតាងត្រឹមត្រូវ ហើយខ្លួនបានបង្កាច់បង្ខូច និងធ្វើការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន លើប្រទេសចិន វា​ជា​ការ​មិន​ទទួល​ខុស​ត្រូវ​ខ្លាំង​ណាស់ ហើយ​ជា​ការ​បំភ្លៃ​ការពិត​ទាំងស្រុង។

លោកបាន​បន្ដថា ចិន​ប្រឆាំង ​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​រឿង​នេះ​។ លោកបានបន្ថែមថា សហរដ្ឋអាមេរិកខ្លួនឯង គឺជាប្រភពដើម និងជាជនល្មើសដ៏ធំបំផុត នៃការវាយប្រហារតាមអ៊ីនធឺណិត ដោយកត់សម្គាល់ថា បញ្ជាការកងកម្លាំង Cyber ​​Force របស់សហរដ្ឋអាមេរិក បានប្រកាសជាចំហថា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ប្រទេសផ្សេងទៀត គឺជាគោលដៅស្របច្បាប់ សម្រាប់ការវាយប្រហារតាមអ៊ីនធឺណិត របស់សហរដ្ឋអាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា

To Top