របាយការណ៍មួយច្បាប់ ដែលចេញផ្សាយ ដោយក្រសួងការបរទេសអាមេរិក នាពេលថ្មីៗកន្លងទៅនេះ បានទទួលការចាប់អារ្មណ៍ ពីសំណាក់ទូទាំងពិភពលោក៖ នៅឆ្នាំ ២០២៣ ទំហំលក់សព្វាវុធ ទៅឱ្យបរទេស របស់សហរដ្ឋអាមេរិក បានកើនឡើង ១៦ ភាគរយ ត្រូវជា ២៣៨ពាន់លានដុល្លារអាមេរិក ដែលបានបំបែកកំណត់ត្រា ។ ក្នុងនោះ ទំហំលក់ដូរក្នុងការធ្វើកិច្ចចរចា ដោយផ្ទាល់របស់រដ្ឋាភិបាលអាមេរិក បានឡើងដល់ ៨០,៩ ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ៥៦ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០២២ ចំណែកទំហំលក់ដូរក្នុងវិស័យពាណិជ្ជកម្ម របស់ក្រុមហ៊ុនអាមេរិក បានឡើងដល់ ១៥៧,៥ ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ២,៥ ភាគរយបើប្រៀបធៀបនឹង ឆ្នាំ ២០២២ ។
ឆ្នាំ២០២៣ គឺជាឆ្នាំមួយទៀត ដែលសហរដ្ឋអាមេរិក បានឆក់យកផលកម្រៃ ជាច្រើនពីសង្គ្រាម ។ មួយផ្នែក ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន នៅតែបន្តអូសបន្លាយ តំបន់ប៉ាឡេស្ទីននិងអ៊ីស្រាអែល បានបាញ់គ្នាម្តងទៀត ក៏ដូចជាការប៉ះទង្គិចក្នុងតំបន់ ដែលកំពុងកើតឡើងជាបន្តបន្ទាប់ នៅទូទាំងពិភពលោក បានធ្វើឱ្យបរិយាកាសសន្តិសុខ កាន់តែមានភាពស្មុគស្មាញ ហេតុនេះហើយបានជា ប្រទេសជាច្រើនបានបញ្ជាទិញសព្វាវុធ ដោយជៀសមិនបាន ដើម្បីបង្កើនកិច្ចការពារជាតិរបស់ខ្លួន ។ មួយផ្នែកទៀត បរិក្ខារទំនើបមានការទាមទារកាន់តែខ្ពស់ឡើងៗ ទៅលើប្រភពធនធាន ហើយលក្ខខណ្ឌ សម្រាប់ការលក់សព្វាវុធ ត្រូវបានលើកកម្ពស់យ៉ាងខ្លាំង ជាងកាលពីមុន ។ សហរដ្ឋអាមេរិក ទទួលបានបទពិសោធនិងទិន្នន័យ ជាក់ស្តែងដែលប្រើប្រាស់ ក្នុងសមរភូមិក្នុងរយៈពេល ជាយូរយារណាស់មកហើយ តាមរយៈការលក់សព្វាវុធ ហើយត្រូវបានកែលម្អជាបន្តបន្ទាប់ ដែលកាន់កាប់ចំណែក ទីផ្សារកាន់តែធំ ។
នៅឆ្នាំ ២០២៣ ប្រទេសប៉ូឡូញដែលជាប្រទេសជិតខាង របស់អ៊ុយក្រែន បានបញ្ជាទិញសព្វាវុធពីអាមេរិក យ៉ាងច្រើនសន្ធឹក ដែលបូករួមទាំងការបញ្ញាទិញ ឧទ្ធម្ភាគចក្រ Apache ក្នុងតម្លៃ ១២ ពាន់លានដុល្លារអាមេរិក បញ្ជាទិញប្រព័ន្ធរ៉ុក្កែតចល័តខ្ពស់ ដែលត្រូវបានគេហៅថាជា “Haimas” ក្នុងតម្លៃ ១០ ពាន់លានដុល្លារអាមេរិក ក៏ដូចជាទិញរថក្រោះ Abrams M1A1 ក្នុងតម្លៃ ៣,៧៥ ពាន់លានដុល្លារអាមេរិក ។
នៅឆ្នាំ ២០២៣ សហរដ្ឋអាមេរិក ក៏បានលក់ឧទ្ធម្ភាគចក្រ Chinook ក្នុងតម្លៃ ៨,៥ ពាន់លានដុល្លារអាមេរិក និងគ្រាប់មីស៊ីលរយៈចម្ងាយមធ្យម ពីអាកាសទៅអាកាសដ៏ជឿនលឿនក្នុងទំហំ ៣ ពាន់លានដុល្លារអាមេរិក ទៅឱ្យប្រទេសអាល្លឺម៉ង់ លក់រថពាសដែក Stryker ក្នុងតម្លៃ ១,៥ ពាន់លានដុល្លារអាមេរិក ទៅឱ្យប្រទេសប៊ុលហ្គារី និងលក់ឧទ្ធម្ភាគចក្រ ដែលអាចប្រើប្រាស់លើច្រើន វិស័យក្នុងតម្លៃ ១ ពាន់លានដុល្លារអាមេរិក ទៅឱ្យប្រទេសន័រវែស ។ ប្រព័ន្ធសារព័ត៌មានបរទេសជាច្រើន បានលើកឡើងថា ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន បានជំរុញឱ្យមានការបញ្ជាទិញ ខាងសព្វាវុធយ៉ាងសន្ធឹកសន្ធាប់ជាច្រើន ពីសហរដ្ឋអាមេរិក ហើយប្រទេសអឺរ៉ុប បានបង្ខំចិត្តទិញសព្វាវុធ ពីសហរដ្ឋអាមេរិក ដើម្បីប៉ះប៉ូវនូវចន្លោះខ្វះខាត ដែលបណ្តាលមកពីបានផ្តល់ជំនួយ ដល់អ៊ុយក្រែន ។
ក្នុងរយៈពេល មួយឆ្នាំកន្លងមក ការលក់សព្វាវុធ របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏បានទទួលការយកចិត្តទុកដាក់ ដូចគ្នាផងដែរ ។ ឧទាហរណ៍ ប្រទេសកូរ៉េខាងត្បូង បានចំណាយប្រាក់ ៥ ពាន់លានដុល្លារអាមេរិក សម្រាប់បញ្ជាទិញយន្តហោះចម្បាំង F-35 អូស្ត្រាលីបានចំណាយប្រាក់ ៦,៣ ពាន់លានដុល្លារអាមេរិក សម្រាប់បញ្ជាទិញយន្តហោះដឹកជញ្ជូន Super Hercules C130J-30 ចំណែកប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀង ស្តីពីការបញ្ជាទិញយន្តហោះ ផ្តល់ភេវវសញ្ញាជាមុន Hawkeye E-2D ដែលមានតម្លៃ ១ ពាន់លានដុល្លារអាមេរិក ។
ការប៉ះទង្គិចនិងសង្រ្គាម បាននាំមកនូវគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ ដល់ប្រជាពលរដ្ឋ ប៉ុន្តែក៏បានធ្វើឱ្យក្រុមឧស្សាហកម្ម យោធាអាមេរិក ចំណេញលុយបានច្រើនដែរ ។ ពីការញុះញង់ឱ្យបង្កការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន ដល់ការជំរុញអ្វីដែលហៅថា "យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក"រហូតដល់ការ" លំអៀងទៅរកអ៊ីស្រាអែល" ដូចពាក្យសម្តី របស់ក្រសួងការបរទេសអាមេរិក ដែលបានលើកឡើង ក្នុងសេចក្តីថ្លែងការណ៍ របស់ខ្លួនថា "ការលក់និងផ្ទេរសព្វាវុធ ត្រូវគេចាត់ទុកថាជាគោលនយោបាយការទូត ដ៏សំខាន់របស់អាមេរិក" ។ រដ្ឋាភិបាលអាមេរិក គឺជាអ្នកផ្សព្វផ្សាយនិងលក់ដូរគ្រឿង សព្វាវុធ ដោយខ្ចីនូវកិច្ចការនេះ ដើម្បីពង្រីកជាបន្តបន្ទាប់នូវកម្លាំងឥទ្ធិពលរបស់ខ្លួន ក្នុងទ្វីបអឺរ៉ុប តំបន់អាស៊ីប៉ាស៊ីហ្វិកនិងមជ្ឈិមបូព៌ាជាដើម ក៏ដូចជាឆក់យកផលប្រយោជន៍ ខាងភូមិសាស្ត្រនយោបាយផ ងដែរ ។
ទំហំលក់សព្វាវុធ ដែលបានបំបែកកំណត់ត្រា ធ្វើឱ្យអ្នកផងទាំងពួងឃើញច្បាស់ថា ពិភពលោកកាន់តែគ្មានសុវត្ថិភាព សហរដ្ឋអាមេរិក បានផលប្រយោជន៍កាន់តែច្រើន ។ តើសហរដ្ឋអាមេរិកខ្វល់ ពីអាយុជីវិតរបស់ប្រជាជនអ៊ុយក្រែនឬទេ ? តើពួកគេមានគិតគូរពីផលប៉ះពាល់ របស់សម្ព័ន្ធមិត្តអឺរ៉ុបឬទេ ? តើពួកគេខ្វល់ពីសន្តិសុខ របស់ប្រជាជននៅតំបន់អាស៊ីប៉ាស៊ីហ្វិកឬទេ ? សម្ព័ន្ធហិរញ្ញវត្ថុ និងឈ្មួញសព្វាវុធ របស់អាមេរិកគ្មានពេលទំនេរ ផ្តោតសំខាន់ទៅលើការឆ្លើយតបទេ ហើយមានតែបើកស្រាសាំប៉ាញ មកជប់លៀងអបអរសាទរបន្ថែម ៕