ភ្នំពេញ ៖ ក្នុងដំណើរបំពេញទស្សនកិច្ចនៅថៃនាព្រឹកថ្ងៃ៧ កុម្ភៈ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្រៅពីការចុះអនុស្សរណៈយោគយល់គ្នា លើឯកសារសំខាន់ៗចំនួន៥ ក្រោមអធិបតីភាពនាយករដ្ឋមន្រ្តីកម្ពុជានិងថៃ គឺគ្មានបាននិយាយដល់តំបន់ត្រួតស៊ីគ្នារវាងកម្ពុជា-ថៃនោះទេ ។
តំបន់ត្រួតស៊ីគ្នា(OCA)នេះ រាជរដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីក៏ធ្លាប់បានលើកពីយុទ្ធសាស្ត្រចរចាជាមួយកម្ពុជាផងដែរ។
តំបន់ត្រួតស៊ីគ្នានៅដែនសមុទ្រជាប់ព្រំដែនកម្ពុជា-ថៃ បានជាប់គាំងជាយូរមកហើយ ប៉ុន្តែមិនទាន់មានលទ្ធផលអ្វីនោះទេ។ តំបន់ទាមទារត្រួតស៊ីគ្នា មានទំហំ ២៦,០០០ គីឡូម៉ែត្រការ៉េដែលប៉ាន់ប្រមាណ អាចស្តុកទុកប្រេងនិងឧស្ម័នរហូតដល់៥០០លានបារ៉ែលនៅក្រោមបាតសមុទ្រ និងដោយត្រូវការពេលយ៉ាងហោចណាស់៨ឆ្នាំ ក្នុងការទាញយកធនធានធម្មជាតិចេញពីឈូងសមុទ្រ។
សិទ្ធិអភិវឌ្ឍន៍លើតំបន់ទាមទារ ត្រួតស៊ីគ្នាក្នុងឈូងសមុទ្រថៃ ជាចំណុចនៃជម្លោះរវាងថៃ-កម្ពុជា បានទាមទារតាំងពីដើមទសវត្ស១៩៧០មក។ រដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះហត្ថលេខា លើអនុស្សាររណៈយោគយល់ កិច្ចចរចាអភិវឌ្ឍប្រេងនិងឧស្ម័ននៅតំបន់នោះ តាំងពីខែមិថុនាឆ្នាំ២០០១ ក៏ប៉ុន្តែត្រូវបានផ្អាកនៅក្នុង អន្តរកាលប្តូរនាយករដ្ឋមន្ត្រីថៃ កាលពីឆ្នាំ២០០៩។ កិច្ចពិភាក្សាគ្នារវាងប្រទេសទាំង២ ក៏ធ្លាប់ចង់គូសវាសឡើងវិញដែរ តែត្រូវបង្អាក់ដោយសារវិបត្តិជំងឺកូវីដ១៩ កាលពីចុងឆ្នាំ២០១៩៕