ព័ត៌មានអន្តរជាតិ

នាយក​រដ្ឋមន្ត្រី​ជប៉ុន ប្តេជ្ញា​ផ្តល់​ជំនួយ​ដល់​អាហ្វ្រិក សម្រាប់​សន្តិសុខ​ស្បៀង

រូបភាពពី៖​ Kyodo

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា ប្រទេសរបស់លោក នឹងផ្តល់ការគាំទ្រដល់ទ្វីបអាហ្រ្វិក សម្រាប់សន្តិសុខស្បៀងក្នុងអំឡុងពេលពិភាក្សារបស់លោកជាមួយប្រធានាធិបតីកេនយ៉ាលោក William Ruto ខណៈដែលតម្លៃស្រូវសាលី កំពុងកើនឡើងបន្ទាប់ពីការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន។

មេដឹកនាំបានជួបប្រជុំគ្នានៅទីក្រុងតូក្យូ នៅពេលដែលប្រទេសជប៉ុន មានបំណងពង្រឹងទំនាក់ទំនងជាមួយប្រទេសកេនយ៉ា ដែលប្រឈមមុខនឹងមហាសមុទ្រឥណ្ឌា ដើម្បីលើកកម្ពស់ចក្ខុវិស័យនៃ “ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ” ខណៈពេលដែលកំពុងព្យាយាមធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយនឹងសេដ្ឋកិច្ច ដែលកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍន៍នៅក្នុង “សកលខាងត្បូង”។

លោក គីស៊ីដា ក៏បានប្រាប់លោក Ruto ឲ្យដឹងថា ប្រទេសជប៉ុន នឹងជួយប្រទេសកេនយ៉ា ក្នុងការស្តារសុខភាពហិរញ្ញវត្ថុរបស់ខ្លួន ដែលត្រូវបានប៉ះពាល់ដោយប្រាក់កម្ចីពីប្រទេសចិន សម្រាប់ការសាងសង់ផ្លូវរថភ្លើង និងគម្រោងផ្សេងៗទៀត។

លោក គីស៊ីដា និងលោក Ruto បានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃការអភិវឌ្ឍន៍ហិរញ្ញវត្ថុដោយយុត្តិធម៌ និងតម្លាភាព ដើម្បីកាត់បន្ថយបញ្ហាបំណុលរបស់ប្រទេសកេនយ៉ា ដោយប្រទេសចិនបានរិះគន់ ចំពោះការចូលរួមក្នុង “ការទូតអន្ទាក់បំណុល” ដោយប្រើប្រាក់កម្ចីជាអានុភាពដើម្បីទទួលបានសម្បទានពីប្រទេសខ្ចី។

លោក គីស៊ីដា និងលោក Ruto បានជួបគ្នាជាលើកដំបូងក្នុងខែឧសភា ឆ្នាំ២០២៣ នៅពេលដែលនាយករដ្ឋមន្ត្រីជប៉ុន បានទៅទស្សនារដ្ឋធានីណៃរ៉ូប៊ី របស់ប្រទេសកេនយ៉ា ដែលជាផ្នែកនៃដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ទ្វីបអាហ្វ្រិក៕ ប្រែសម្រួល ឈូក បូរ៉ា

To Top