ភ្នំពេញ៖ ការិយាល័យនិពន្ធ មជ្ឈមណ្ឌលព័ត៌មានដើម មានកិត្តិយស សូមផ្សាយទាំងស្រុង នូវអត្ថបទសិក្សារបស់ លោកតុង សុប្រាជ្ញ អនុបណ្ឌិតផ្នែកសុខភាពសាធារណៈ និងអនុបណ្ឌិតផ្នែកធុរកិច្ចអន្តរជាតិ និងជាអ្នកសិក្សាស្រាវជ្រាវឯករាជ្យ ផ្នែកសុខភាពសាធារណៈ ដែលបានសិក្សាលើឥរិយាបថយុវវ័យនៅរាជធានីភ្នំពេញ ក្នុងទិវានៃក្តីស្រឡាញ់ ១៤កុម្ភៈ ២០២៤ ។
អត្ថបទនេះ មានខ្លឹមសារសង្ខេប ទាំងស្រុងដូចតទៅ៖
ស្នេហា និងទំនាក់ទំនងផ្លូវភេទ ១៥ឆ្នាំក្រោយមក ៖
បញ្ចប់ការសិក្សាបែបបរិមាណវិស័យមួយ ដើម្បីពិនិត្យឡើងវិញ នូវបទពិសោធន៍ និងការរៀបចំផែនការរបស់យុវវ័យ ដែលមានទ្រព្យសម្បត្ដិបង្គួរ រស់នៅរាជធានីភ្នំពេញ សម្រាប់ថ្ងៃនៃក្តីស្រឡាញ់ ឆ្នាំ២០០៩ – ២០២៤
លោកតុង សុប្រាជ្ញ អនុបណ្ឌិតផ្នែកសុខភាពសាធារណៈ និងអនុបណ្ឌិតផ្នែកធុរកិច្ចអន្តរជាតិ
អ្នកសិក្សាស្រាវជ្រាវឯករាជ្យ ផ្នែកសុខភាពសាធារណៈ
រាជធានីភ្នំពេញ ខែកុម្ភៈឆ្នាំ២០២៤
របាយការណ៍សង្ខេប
ការសិក្សានេះគឺស្វែងរកនូវសំណួរស្រាវជ្រាវជាក់លាក់មួយ៖ តើផែនការអ្វី ដែលយុវវ័យដែលមានទ្រព្យសម្បត្តិបង្គួរនៅរាជធានីភ្នំពេញមានគម្រោងរួមភេទក្នុងការរួមភេទនៅទិវានៃក្តីស្រឡាញ់នឹងមកដល់ក្នុងពេលឆាប់ៗ នេះ? ការសិក្សាស្រាវជ្រាវនៅពេលនេះត្រូវបានរៀបចំដើម្បីធ្វើការពិនិត្យតាមដានបែបបរិមាណវិស័យ ដើម្បីប្រៀបធៀបលទ្ធផលនៃការស្រាវជ្រាវចំនួន៣ កាលពី១៥ឆ្នាំមុននៅឆ្នាំ២០០៩ និងពី១០ឆ្នាំមុននៅឆ្នាំ២០១៤ និងនៅ៥ឆ្នាំមុននៅឆ្នាំ២០១៩។ គម្រោងស្រាវជ្រាវក្នុងកំឡុងពេលណាមួយកំណត់ ត្រូវបានជ្រើសរើសសម្រាប់ការសិក្សាបែបបរិមាណវិស័យបែបពិព័ណ៌នា ក្នុងការជ្រើសរើសជាកម្រង និងកំណត់ទីតាំងជាក់លាក់សម្រាប់ជ្រើសរើសសំណាក ដើម្បីធ្វើការស្រាវជ្រាវទៅលើយុវវ័យដែលមានទ្រព្យសម្បតិ្តបង្គួរដែលមានអាយុពី ១៥ ទៅ២៤ឆ្នាំ រស់នៅទីក្រុងភ្នំពេញ។ ចំនួនយុវវ័យសរុបក្នុងការសិក្សាស្រាវជ្រាវគឺ១៤៦៩នាក់ ដែលត្រូវបែងចែកចេញជា៤ផ្នែកគឺយុវជនដែលមានគូរសង្សារ យុវជនដែលមិនមានគូរសង្សារ យុវនារីដែលមានគូរសង្សារ និងយុវនារីដែលមិនមានគូរសង្សារ និងចំនួនសរុបមានប្រុសចំនួន៦៦៤ (៤៥,២%) និងស្រីចំនួន៨០៥ (៥៤,៨%)។
លទ្ធផលពីការស្រាវជ្រាវឆ្នាំ២០២៤នេះ បានបង្ហាញពីការប្រៀបធៀបជាមួយនឹងលទ្ធផលកាលពីឆ្នាំ២០០៩ បង្ហាញថាយុវវវ័យមានការចាប់អារម្មណ៍តិចជាងមុនជិតពាក់កណ្តាល ចំពោះថ្ងៃនៃក្តីស្រឡាញ់ខាងមុខនេះថាជាថ្ងៃពិសេសមួយ(២០០៩: ៦១,២% ទល់នឹង ២០២៤: ៣៤,៤%) ជាពិសេសក្នុងចំណោមយុវវ័យដែលមានគូរសង្សារ(២០០៩: ៨១% ទល់នឹង ២០២៤: ៣៩,០%)។ ភាគច្រើននៃពួកគេមានផែនការចេញក្រៅដើរលេងនៅថ្ងៃនៃក្តីស្រឡាញ់ដូចធម្មតា បន្តែមានការផ្លាស់ប្តូរគោលដៅដែលត្រូវទៅដែលពីមុនធ្លាប់ទៅលេងដូចជា ទៅច្រៀងខារ៉ាអូខេ ទៅបាក់ខែង ទៅគៀនស្វាយ ទៅកោះដាច់ និងចូលផ្ទះសំណាក់ ឬក៏សណ្ឋាគារ បែរជាទៅលេងនៅផ្សារទំនើប និងទៅមើលកុន(៣៨,៧%)នៃយុវវ័យផ្តល់សម្ភាសន៍សរុប។ កន្លែងទីតាំងថ្មីទាំង២នេះ គឺមាន លក្ខណៈបែបវិជ្ជមានបញ្ចេញនូវក្តីស្រឡាញ់ និងបែបរ៉ូម៉ង់ទិចដែលមានលក្ខណៈស្រើបស្រាលផ្លូវភេទតិចជាង។
ការទិញវត្ថុអនុវស្សវរីយ៍កាដូឲ្យគ្នាសម្រាប់យុវវ័យមានគូរសង្សារ ក៏មានការធ្លាក់ចុះជាងពាក់កណ្តាលដែរ (២០០៩: ៧៦.៦% ទល់នឹង ២០២៤: ៤២,៥%) ជាពិសេសការឲ្យផ្កាតែម្តងមានការធ្លាក់ចុះជាងគេ។ ប៉ុន្តែនិន្នាការយុវវ័យដែលមានគូរគឺមានការកើនឡើងនូវការទិញវត្ថុជាកាដូរថ្លៃៗ ដូចជាខោអាវ តុក្កតា និងគ្រឿអលង្ការឲ្យមិត្តស្រី និងមិត្តប្រុសរបស់ពួកគេទៅវិញ។ វាមានការថយចុះគួរឱ្យកត់សម្គាល់ចំពោះយុវវ័យដែលធ្វើសកម្មភាពរ៉ូមែនទិក ដូចជា ញ៉ាំបាយថ្ងៃត្រង់ និងពេលល្ងាច និងទៅក្លឹបកម្សាន្តនានា នៅថ្ងៃនៃក្តីស្រឡាញ់ ប្រៀបធៀបទៅនឹងការសិក្សាស្រាវជ្រាវលើកមុនៗ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺទំនាក់ទំនងផ្លូវភេទក្នុងចំណោមយុវវ័យ ដែលអាចនឹងរួមភេទនៅថ្ងៃនៃក្តីស្រឡាញ់ខាងមុខនេះមានការធ្លាក់ចុះ៥ដង បើប្រៀបធៀបជាមួយនឹងការសិក្សាកាលពី១៥ឆ្នាំមុន (២០០៩: ១២,៤% ទល់នឹង ២០២៤: ២,២%)។ ការដែលមានបំណងរួមភេទនៅថ្ងៃនៃក្តីស្រឡាញ់នេះ មានទំនាក់ទំនងគ្នាយ៉ាងជាក់លាក់គឺការដែលនិយមថ្ងៃនៃក្តីស្រឡាញ់នេះថា ជាថ្ងៃពិសេសសម្រាប់យុវវ័យនោះគឺមាននិន្នាការធ្លាក់ចុះជាងពាក់កណ្តាលធ្វើការប្រៀបធៀប កាលពីការសិក្សាស្រាវជ្រាវ១៥មុនពីឆ្នាំ២០០៩ ដល់ឆ្នាំ២០២៤។
ទោះជាយ៉ាងណាក៏ដោយ របៀបដែលយុវជនមានបំណងបង្ខំមិត្តស្រីរបស់ពួកគេឱ្យរួមភេទជាមួយ ប្រសិនបើមិត្តស្រីមិនយល់ព្រម នៅតែមិនផ្លាស់ប្តូរចំនួនករណីទេបើគិតពីឆ្នាំ២០០៩ (១៧ករណីក្នុងឆ្នាំ២០០៩, n=២៥ ប្រៀបធៀបនឹងឆ្នាំ២០២៤ មាន១៦ករណីដែរ, n=២៥) ។ យ៉ាងហោចណាស់ ២៤ ភាគរយនៃយុវជនមានបំណងរួមភេទ(n=២៥) ដែលរំពឹងថានឹងមានការរួមភេទនៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ មានបំណងទិញកាដូថ្លៃៗដើម្បីដាក់សម្ពាធលើមិត្តស្រីឬដៃគូរបស់ពួកគេ ហើយសមាមាត្រស្រដៀងគ្នានេះគ្រោងនឹងនាំ ដៃគូរបស់ពួកគេចេញពីទីក្រុងដើម្បីគេងជាមួយ។ ផ្ទុយទៅវិញ មួយភាគបី(៣២.០%)នៃយុវជនបានបង្ហាញថាពួកគេនឹងរួមភេទ តែមិនរួមភេទបើមិនមានការយល់ព្រមពីដៃគូរបស់គាត់ដោយបញ្ជាក់ថា៖«ទេ! ខ្ញុំនឹងមិនអើពើនឹងការរួមភេទ ហើយគ្រាន់តែ ដើរលេងជាមួយគ្នាដើម្បីសប្បាយ»។
យ៉ាងណាមិញនៅមានកម្រិតទាបនៅឡើយ សម្រាប់ចំណេះដឹងរបស់ឪពុកម្តាយចំពោះបំណងរបស់កូនៗនៅថ្ងៃនៃក្តីស្រឡាញ់នេះ គឺមានប្រែប្រួលតិចតួចប៉ុណ្ណោះអស់រយៈពេលជាង១៥ឆ្នាំទៅហើយនោះ។ ការរកឃើញនៃការសិក្សានេះក៏បង្ហាញពីសមាមាត្រទាបនៃយុវវ័យដែលមានគម្រោងប្រើស្រោមអនាម័យជាមួយដៃគូរបស់ពួកគេ និងកង្វះចំណេះដឹងទូទៅទាក់ទងនឹងសិទ្ធិក្នុងការរួមភេទ។
ហេតុដូនេះហើយ ការអន្តរាគមន៍គួរតែផ្តោតលើការលើកកម្ពស់វប្បធម៌ខ្មែរ សិទ្ធិក្នុងការរួមភេទ ការយល់ព្រមផ្លូវភេទ និងការអប់រំការប្រើប្រាស់ស្រោមអនាម័យទៅតាមពេលវេលា មិនផ្តោតការយកចិត្តទុកដាក់តែថ្ងៃនៃក្តីស្រឡាញ់ប៉ុណ្ណោះទេ។ លើសពីនេះ មិនចាំបាច់បន្តការសិក្សានេះតទៅមុខទៀតឡើយ ដែលស្តីពីស្នេហា និងទំនាក់ទំនងផ្លូវភេទ ក្នុងចំណោមយុវវ័យមានកម្រិតជីវភាពមធ្យម នៅថ្ងៃនៃក្តីស្រឡាញ់នៅរាជធានីភ្នំពេញ ដោយសារនិន្នាការដែលលេចឡើងក្នុងការស្រាវជ្រាវបច្ចុប្បន្ន បានចង្អុលបង្ហាញត្រឡប់ទៅភាពប្រក្រតីធម្មតានៃឱកាសនេះក្នុងចំណោមយុវវ័យដែលជាគោលដៅ៕