ព័ត៌មានជាតិ

លោក សុខ ឥសាន ៖ បក្សប្រឆាំងកំពុងមានបញ្ហាដណ្តើមអង្គបោះឆ្នោត នឹងធ្វើឲ្យបក្សប្រជាជនទទួលបានអាសនៈថែមទៀត ក្នុងព្រឹទ្ធសភា

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបង្ហាញការជឿជាក់យ៉ាងមោះមុតថា គណបក្សនឹងទទួលបានអាសនៈកើនឡើងថែមទៀតនៅក្នុងការបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី៥ នាថ្ងៃ២៥ កុម្ភៈ ខាងមុខនេះ ដោយសារបក្សប្រឆាំងដែលបានពាក្យចូលរួមប្រកួតប្រជែងបោះឆ្នោតបានទាស់ទែងគ្នាផ្ទៃក្នុង ពីការដណ្តើមអង្គបោះឆ្នោតដែលកើតចេញពីគណបក្សភ្លើងទៀន ។

ការបង្ហាញក្តីសង្ឃឹមក៏ដូចជាជំនឿចិត្តថា នឹងទទួលបានអាសនៈកើនឡើងនេះ លោក សុខ ឥសាន អះអាងថា អង្គបោះឆ្នោតដែលជាសមាជិករបស់គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិដែលកើតចេញពីគណបក្សភ្លើងទៀនមានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ជាង២ពាន់នាក់នោះ នឹងងាករេមកបោះឆ្នោតឲ្យបក្សប្រជាជនកម្ពុជាវិញ ដោយសារពួកគេធុញទ្រាន់ចំពោះជម្លោះផ្ទៃក្នុងរបស់បក្សពួកគេ។ នេះបើតាមលោក សុខ ឥសាន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ២១ កុម្ភៈ។

លោកបន្តថា “តាមតួលេខដែលអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាមាន និងរួមទាំងតំណាងរាស្រ្តក្នុងតំណែង១២០រូបផង យើងយល់ថា គណបក្សប្រជាជនកម្ពុជា នឹងឈ្នះឆ្នោតភ្លូកទឹកភ្លូកដីមានភាគរយលើសពី២ភាគ៣ទៅទៀត។ មួយទៀតផ្អែកទៅលើសភាពការណ៍គណបក្សប្រកួតប្រជែងមានគណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិប្រកួតប្រជែងដណ្តើមគ្នា ធ្វើឲ្យអង្គបោះឆ្នោតធ្លាក់សតិអារម្មណ៍យ៉ាងខ្លាំង ដូច្នេះហើយអង្គបោះឆ្នោតរបស់បក្សប្រឆាំងក្នុងចំនួន២ពាន់ជាងហ្នឹង ប្រាកដជាមានបងប្អូនមួយចំនួនធុញទ្រាន់ នឹងការឈ្លោះប្រកែកគ្នាផ្ទៃក្នុងរបស់បក្សប្រឆាំងហ្នឹង លោកងាកមកបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា”។

លោកពន្យល់ពីការកើនអាសនៈនេះទៀតថា ដោយសារអង្គបោះឆ្នោតដែលមានក្រុមប្រឹក្សាឃុំ-សង្កាត់ជិត១ម៉ឺននាក់ និងតំណាងរាស្រ្ត១២០រូបទៀតនឹងទទួលបានអាសនៈយ៉ាងតិចក៏៥០អាសនៈដែរ ក្នុងចំណោមចំនួនសមាជិកព្រឹទ្ធសភា៦២រូប ។ លោកថា តាមគោលការណ៍របស់ព្រឹទ្ធសភា២រូប(បក្សប្រជាជន១រូប និងហ៊្វុនស៊ិនប៉ិច១រូប)កើតចេញពីការបោះឆ្នោតដោយរដ្ឋសភា និង២រូបទៀតចាត់តាំងដោយព្រះមហាក្សត្រ និង៥៨រូបទៀត គឺបោះឆ្នោតនៅតាមមណ្ឌលភូមិភាគទាំង៨នៅទូទាំងប្រទេស ។

សូមរំលឹកថា សម្រាប់ការបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី៥នេះ មានគណបក្ស​​៤ បានដាក់ពាក្យចូលរួម​ប្រកួត​ប្រជែង ៖ ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច គណបក្ស​ឆន្ទៈ​ខ្មែរ និងគណបក្ស​កម្លាំង​ជាតិ (បក្ស២នេះ ជាសម្ព័ន្ធជាមួយគ្នាកើតចេញពីបក្សភ្លើងទៀនដែលមិនអាចូលរួមបោះឆ្នោតបាន ដោយសារគ្មានឯកសារគ្រប់គ្រាន់) ខណៈសមាជិកអង្គ​បោះ​ឆ្នោត​ព្រឹទ្ធសភាទាំងអស់​ភាគ​ច្រើន​ មកពី​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាប់​ឆ្នោតមាន​ប្រមាណជា​១ម៉ឺន​នាក់ បូក​​នឹង​សមាជិក​រដ្ឋសភា​ទាំង១២៥​រូប៕

To Top