ព័ត៌មានអន្តរជាតិ

Update៖ លោក Volodymyr Zelenskyy ថ្លែងថា កងកម្លាំងរបស់រុស្ស៊ី កំពុងត្រៀមវាយឆ្មក់ ជាថ្មីនារដូវក្តៅនេះ

AFP

គៀវ៖ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានថ្លែង កាលពីថ្ងៃអាទិត្យថា កងកម្លាំងរបស់រុស្ស៊ី កំពុងរៀបចំផែនការ សម្រាប់ការវាយលុកជាថ្មីមួយប្រឆាំង នឹងអ្នកការពារ អ៊ុយក្រែន នៅចុងខែឧសភា ឬរដូវក្តៅខាងមុខនេះ ប៉ុន្តែក្រុង គៀវ មានផែនការសម្រាប់ សមរភូមិនេះច្បាស់លាស់មួយ របស់ខ្លួនរួចហើយដែរ ។

មេដឹកនាំអ៊ុយក្រែន បានថ្លែងយ៉ាងដូច្នេះនៅក្នុងសន្និសីទ សារព័ត៌មានរយៈពេល២ម៉ោងថា វាមានសារៈសំខាន់ណាស់ សម្រាប់ក្រុង គៀវ និងសម្ព័ន្ធមិត្តលោកខាងលិច របស់ខ្លួនក្នុងការរក្សាការរួបរួមគ្នា ដោយបានព្យាករណ៍រយៈពេល២ខែ ដ៏លំបាកខាងមុខ ជាមួយនឹងការវាយ លុកចាថ្មីរបស់រុស្ស៊ី ។

លោក Zelenskyy បានប្រាប់ដល់អ្នកយកព័ត៌មាននៅទីក្រុង គៀវ ថា “រុស្ស៊ី នឹងរៀបចំសកម្មភាពវាយលុកនៅដើមរដូវក្តៅ ឬចុងខែឧសភា ។ ប្រសិនបើពួកគេអាចធ្វើបាន ពួកគេនឹងរៀបចំតាមផែនការ” ។

លោកបានបញ្ជាក់ថា “យើងនឹងរៀបចំផែនការសម្រាប់ការវាយប្រហាររបស់ពួកគេ ។ ការវាយប្រហាររបស់ពួកគេដែលបានចាប់ផ្តើមនៅថ្ងៃទី៨ ខែតុលា មិនបាននាំមកនូវលទ្ធផលអ្វីនោះទេ ។ ខ្ញុំជឿជាក់ថា សម្រាប់ផ្នែករបស់យើង នឹងរៀបចំផែនការរបស់យើង ហើយធ្វើតាមអ្វីដែលយើងបានរៀបចំ” ។

គេបានដឹងថា ប្រទេសអ៊ុយក្រែន បានប្រារព្ធខួបលើកទី២នៃការឈ្លានពានពេញលក្ខណៈរបស់រុស្ស៊ី កាលពីថ្ងៃសៅរ៍ ខណៈដែលកងទ័ពរបស់ក្រុងម៉ូស្គូ បានថមថយនៅតាមបណ្តោយជួរមុខ និងបញ្ហាដែលប្រមូលផ្តុំគ្នាដោយសារមានកង្វះខាតគ្រាប់កាំភ្លើងធំរហូតដល់កង្វះកម្លាំងមនុស្សថ្មីទៀតផង ។

លោក Zelenskyy បានថ្លែងថា ទាហានរបស់អ៊ុយក្រែន ចំនួន៣១.០០០នាក់ត្រូវបានសម្លាប់ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២២ ដោយការផ្តល់នូវចំនួនផ្លូវការ ជាលើកដំបូងអស់រយៈពេលជាង១ឆ្នាំមកនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top