ភ្នំពេញ ៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ លោក Jed Royal ឧបការីរងការពារជាតិ សហរដ្ឋអាមេរិក បានលើកឡើង ពីការកែលម្អឲ្យមានភាពល្អប្រសើរ នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។
ក្នុងជំនួបនារសៀលថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៤ ដែលធ្វើឡើង នៅអគ្គបញ្ជាការដ្ឋាន នាយឧត្តមសេនីយ៍ វង្ស ពិសេន បានស្វាគមន៍ដំណើរ ទស្សនកិច្ចរបស់ឧបការីរង ការពារជាតិសហរដ្ឋអាមេរិក និងបានចាត់ទុកដំណើរទស្សនកិច្ចនេះ នឹងបង្កើនទំនាក់ទំនងល្អថែមទៀតរវាង កម្ពុជា-សហរដ្ឋអាមេរិក ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ពីចំហរកម្ពុជា ដែលនៅតែប្រកាន់ខ្ជាប់ គោលនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់ កសាងមិត្តភាព ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសទាំងអស់នៅលើសកលលោក និងអង្គការអន្តរជាតិនានា ហើយចូលរួមយ៉ាងសកម្ម ដើម្បីថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ វិបុលភាពក្នុងតំបន់ និងពិភពលោក។
នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានរម្លឹកពីទំនាក់ទំនង រវាងកម្ពុជា-សហរដ្ឋអាមេរិក ដែលមានចាប់តាំងពីឆ្នាំ១៩៥០ និងបានថ្លៃងអំណរគុណ ដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានចូលរួមយ៉ាងសកម្ម ក្នុងដំណើរការបង្រួបបង្រួមជាតិ និងការកសាង រក្សាសន្តិភាពនៅកម្ពុជា នាដើមទស្សវត្សទី៩០ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និងការជួយបណ្តុះបណ្តាល កម្លាំងថែរក្សាសន្តិភាព។
ក្នុងនាមក្រសួងការពារជាតិ និងអគ្គបញ្ជាការ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ ចពោះការរីកចម្រើន កិច្ចសហប្រតិបត្តិការយោធា កម្ពុជា-សហរដ្ឋអាម៉េរិក ដែលបានអនុវត្តនាពេលថ្មីៗ តាមរយៈការផ្តល់ឡើងវិញ វគ្គបណ្តុះបណ្ដាលផ្នែកសន្តិសុខ និងភាសាអង់គ្លេស ដល់នាយទាហានកម្ពុជា ក៏ដូចជាការចូលរួមកិច្ចប្រជុំនានា ដែលរៀបចំដោយកងទ័ពសហរដ្ឋអាមេរិក។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានស្នើភាគីសហរដ្ឋអាមេរិក បន្តជួយបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ចយោធាគ្រប់កម្រិត ផ្លាស់ប្តូរព័ត៌មានចារកិច្ច ដើម្បីទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងបន្តកិច្ចសហប្រតិបត្តិការ ជាមួយកងយោធពលខេមរភូមិន្ទ ក្នុងបេសកកម្មរក្សាសន្តិភាព ការងារមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយនានា។
ជាកិច្ចឆ្លើយតប លោក Jed Royal បានថ្លែងការចាប់អារម្មណ៍ ចំពោះការរីកចម្រើនរបស់កម្ពុជា និងមានការរីករាយ ដែលបច្ចុប្បន្ន សហរដ្ឋអាមេរិក ក្លាយជាដៃគូ ជាមួយកម្ពុជាដែលជាប្រទេសមួយ ក្នុងចំណោមសមាជិកសមាគមអាស៊ាន ហើយសហរដ្ឋអាមេរិកក៏ជាដៃគូ ជាមួយសមាគមអាស៊ានផងដែរ។
លោក Jed Royal បានចាត់ទុកដំណើរទស្សនកិច្ច របស់លោកនាពេលនេះ គឺជាឱកាសដ៏ល្អមួយ ដែលកម្ពុជានិងសហរដ្ឋអាមេរិក អាចបន្តកិច្ចសហប្រតិបត្តិការបន្ថែម លើវិស័យនានាដែលមានស្រាប់ ជាពិសេសលើវិស័យដោះមីន និងការរុករុកអដ្ខិធាតុជនជាតិអាមេរិកបាត់ខ្លួន តាមរយៈគណៈកម្មការ POW/MIA កម្ពុជា-សហរដ្ឋអាម៉េរិក។
លោក Jed Royal បានគូសបញ្ជាក់ពីទំនាក់ទំនង រវាងកងទ័ពប្រទេសទាំងពីរ ដែលមិនសូវល្អ ដូច្នេះដើម្បីបង្ហាញពីភាពស្មោះត្រង់ ឯកឧត្តមបានផ្ដល់នូវពីរចំណុច: ទីមួយ បង្កើនទំនាក់ទំនង ចំពោះការគាំទ្រសហរដ្ឋអាមេរិកនៅលើផ្នែកដោះមីន, ទី២ ធ្វើឲ្យប្រសើរឡើង នូវការជ្រើសរើសបេក្ខភាព ដើម្បីទៅសិក្សានៅមជ្ឈមណ្ឌលសន្តិសុខ សហរដ្ឋអាមេរិក។
ជាមួយនោះ ឧបការីរងការពារជាសហរដ្ឋអាមេរិក រូបនេះ ក៏បានលើកឡើងពីការស្នើសុំរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើតក្រុមការងារទទួលខុសត្រូវ ក្នុងការរកឲ្យឃើញនូវចំណុចណា ដែលនាំឲ្យមានការរីកចម្រើន ដល់ទំនាក់ទំនង រវាងប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិកផងដែរ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគាំទ្រចំពោះការលើកឡើងរបស់លោក Jed Royal នៅលើបញ្ហាដោះមីននៅកម្ពុជា ដែលជាគោលការណ៍ របស់រាជរដ្ឋាភិបាលនៅក្នុងការដោះមីនឲ្យអស់ នៅមុនឆ្នាំ២០២៥ និងការបង្កើតឲ្យមានក្រុមការងារទទួលខុសត្រូវ ដើម្បីរកឃើញនៅចំណុចល្អ និងរីកចម្រើនរដល់វាងប្រទេសទាំងពីរ៕