ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានលើកឡើងថា ការបញ្ឈប់ដំណើរការ នៅចុងខែមីនា ខាងមុខ របស់សារព័ត៌មានបោះពុម្ភ ភ្នំពេញបុស្តិ៍ ដែលមានអាយុជាង៣០ឆ្នាំ ជាព្រឹត្តិការណ៍អកុសល និងជាការសោកស្តាយ សម្រាប់វិស័យសារព័ត៌មានប្រពៃណី។
ជាការពិតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធផ្សព្វផ្សាយប្រពៃណី ដូចជា កាសែត ទស្សនាវដ្តី វិទ្យុ និងទូរទស្សន៍ បានជួបផលវិបាកនានា ដែលកើតចេញពីការរីកចម្រើនយ៉ាងលឿន នៃបច្ចេកវិទ្យាទំនើប ក្នុងនោះប្រព័ន្ធផ្សព្វផ្សាយប្រពៃណី បានពើបប្រទះនឹងការថមថយ នូវចំនួនអ្នកអាន អ្នកស្តាប់ អ្នកទស្សនា មួយផ្នែកដោយសារប្រជាជន បានងាកទៅរកប្រភពព័ត៌មានផ្សេងទៀត ដែលផ្តល់តាមរយៈប្រព័ន្ធឌីជីថល រាប់បញ្ចូលទាំងបណ្តាញទំនាក់ទំនងសង្គមផងដែរ។
ការនេះបានរួមចំណែកបង្កផលវិបាកប៉ះពាល់ ដល់ចំណូល ដែលប្រព័ន្ធផ្សព្វផ្សាយប្រពៃណី មួយផ្នែកបានមកពីសេវាផ្សាយពាណិជ្ជកម្ម ផលិតផលឬសេវាកម្មនានា។ ទោះជាយ៉ាងណាក៏ដោយ និន្នាការបែបនេះមិនមែនកើតឡើង តែនៅកម្ពុជាយើងទេ ពោលគឺវាក៏បានកើតឡើងតាមបណ្តាប្រទេសក្នុងតំបន់ និងលើពិភពលោកដែរ។
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា ចេញពីព្រឹត្តិការណ៍នេះដែរ ចំណុចវិជ្ជមាននោះគឺសារព័ត៌មានភ្នំពេញបុស្តិ៍ នៅតែបន្តផលិត និងផ្តល់ព័ត៌មានជូនប្រជាជននៅគ្រប់ទិសទី តាមរយៈការបន្តការចេញផ្សាយរបស់ខ្លួន តាមប្រព័ន្ធឌីជីថល ដែលការនេះ នឹងបន្តរួមចំណែកលើកស្ទួយ ការទទួលព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មានសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជននៅលើពិភពលោក ឲ្យកាន់តែទូលំទូលាយថែមទៀតផង។
សូមបញ្ជាក់ថា បច្ចុប្បន្នសារព័ត៌មា នបោះពុម្ភមានចំនួន៩២ អង្គភាព។ សារព័ត៌មានភ្នំពេញបុស្តិ៍ ជាសារព័ត៌មានប្រពៃណីទីពីរ ដែលបានជួបនឹងផលវិបាកបែបនេះ បន្ទាប់ពីកាសែតរស្មីកម្ពុជា បានបិទដំណើរការ នៃការចេញផ្សាយរបស់ខ្លួនកាលពីពេលថ្មីៗកន្លងទៅនេះ។ ទាំងនេះជាឥទ្ធិពលនិងផលវិបាក ដែលបានកើតចេញពីរបត់នៃការវិវត្ត ក្នុងយុគសម័យឌីជីថល។
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្លាប់បានលើកឡើងថា ការដែលក្រសួងព័ត៌មានបានធ្វើឱ្យ កាសែតកម្ពុជា ដែលជាកាសែតរបស់រដ្ឋ មានអាយុ ៤៥ឆ្នាំ និងគ្រប់គ្រងដោយក្រសួងព័ត៌មាន បានដំណើរការផ្សាយឡើងវិញ ក្រោមការដឹកនាំរបស់លោករដ្ឋមន្ត្រី គឺដោយសារក្រសួង បានប្រមើលមើលឃើញ ពីស្ថានភាពអាក្រក់ដែលកើតឡើង ចំពោះប្រព័ន្ធផ្សព្វផ្សាយបុរាណ ក្នុងបរិបទ នៃការរីកចម្រើនផ្នែកប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ គឺកាសែតកម្ពុជានេះហើយ ជាតំណាងឲ្យប្រព័ន្ធផ្សព្វផ្សាយបុរាណរបស់កម្ពុជា ក្នុងនាមជាសារព័ត៌មានជាតិ ដែលពាំនាំនូវសំឡេងរបស់ជាតិ និងព័ត៌មានពិតអំពីកម្ពុជាជូនដល់ប្រជាជននៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងលើពិភពលោក។
នេះជាលទ្ធផលដ៏សំខាន់មួយ របស់ក្រសួងព័ត៌មានក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយយុទ្ធសាស្រ្ត និងចក្ខុវិស័យវែងឆ្ងាយ របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីថែរក្សានូវកេរ្តិ៍តំណែល របស់ជាតិដែលឥស្សរជនថ្នាក់ដឹកនាំកម្ពុជា ជំនាន់មុនៗបានបន្សល់ទុកឲ្យ ព្រមទាំងដើម្បីការពារកេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់ក្រសួងព័ត៌មានផងដែរ សម្រាប់ការលើកកម្ពស់សិទ្ធិទទួលព័ត៌មាន និងសេរីភាពសារព័ត៌មាននៅកម្ពុជា។ នេះជាការបញ្ជាក់របស់ អ្នកនាំពាក្យក្រសួងព័ត៌មាន។
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានអត្ថាធិប្បាយបន្ថែមទៀតថា ការរីកចម្រើននៃវិស័យឌីជីថលក៏បានបង្កនូវកាលានុវឌ្ឍភាពថ្មីៗ សម្រាប់ប្រតិបត្តិករក្នុងវិស័យព័ត៌មានទាំងអស់ផងដែរ។ ដូច្នេះយើងចាំបាច់ត្រូវបត់បែន និងចាប់យកឱកាសនៃភាពរីកចម្រើននេះ មកជាប្រយោជន៍សម្រាប់វិស័យព័ត៌មាន ដោយត្រូវផ្តោតនិងជំរុញបន្ថែមលើការផលិត និងផ្សព្វផ្សាយប្រកបដោយគុណភាព និងប្រសិទ្ធភាព ពោលគឺ៖ ការផ្សព្វផ្សាយលឿន ជាមួយនឹងខ្លឹមសារព័ត៌មានវិជ្ជាជីវៈដែលមានភាពទាក់ទាញ ទទួលបានភាពជឿជាក់បាន ពីសំណាក់ប្រជាជន ដើម្បីប្រកួតប្រជែង ក្នុងទីផ្សារព័ត៌មានសម័យឌីជីថល។ ជាមោទនភាពសម្រាប់ជាតិកម្ពុជា កាសែតកម្ពុជា ដែលមានអាយុជាងបួនទសវត្សហើយ បាននិងកំពុងមានដំណើរការផ្សាយយ៉ាងរលូន រួមជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋសំខាន់ៗផ្សេងទៀតមាន ទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) ទូរទស្សន៍និងវិទ្យុជាតិកម្ពុជា (TVK, RNK) បាន និងកំពុងដើរតួនាទីដ៏សំខាន់ និងយ៉ាងសកម្ម ក្នុងការផ្តល់ព័ត៌មាន ចំណេះដឹង និងការកំសាន្តជូនដល់ប្រជាជនទូទៅទាំងក្នុងនិងក្រៅប្រទេស ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយប្រពៃណីមួយចំនួនកំពុងប្រឈមនឹងផលវិបាក។ ជាក់ស្តែង ស្របពេលដែលមធ្យោបាយ នៃការផ្សព្វផ្សាយមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនេះ ជាពិសេសការរីកចម្រើន នៃបណ្តាញសង្គម ប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋទាំងអស់ បានពង្រីកលទ្ធភាព វិសាលភាព និងពង្រឹងសមត្ថភាពក្នុងការផ្សាយព័ត៌មានតាមប្រព័ន្ធបណ្តាញសង្គមមានដូចជា៖ ហ្វេសប៊ុក(Facebook) ឆាណែលតេឡេក្រាម YouTube X(Twitter) TikTok និង Instagram ដោយបានពង្រឹងគុណភាព នៃការផ្សាយផ្ទាល់នូវកម្មវិធីព័ត៌មាន ការសន្ទនាមតិ និងកម្មវិធីសិល្បៈកំសាន្តយ៉ាងសម្បូរបែបផ្សេងទៀត សម្រាប់បង្កើនការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋអ្នកស្តាប់ អាន និងទស្សនា តាមការផ្សាយជាសំឡេង អត្ថបទ ព្រមទាំងសោតទស្សន៍ឱ្យស្របនឹងតម្រូវការ និងការរីកចម្រើននៃសម័យបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ ក្រសួងព័ត៌មានបានពង្រីកការផ្សព្វផ្សាយព័ត៌មាន តាមរយៈគេហទំព័រ និងកម្មវិធីក្នុងទូរស័ព្ទដៃAPP MoINFO បានយ៉ាងទូលំទូលាយថែមទៀតផង។
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបន្តទៀតថា កិច្ចខិតខំទាំងនេះ ស្ថិតក្នុងចំណោមយុទ្ធសាស្ត្រអាទិភាព ក្នុងក្របខណ្ឌដែលក្រសួងព័ត៌មាន នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានកំណត់នូវចក្ខុវិស័យ ក្នុងការប្រែក្លាយខ្លួន ឲ្យទៅជាស្ថាប័នកិច្ចការងារសាធារណៈ របស់រាជរដ្ឋាភិបាល។ ក្នុងនោះការផ្តោតលើការពង្រឹង និងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយ ឲ្យកាន់តែទូលំទូលាយ ទាំងតាមរយៈប្រព័ន្ធផ្សព្វផ្សាយបុរាណ និងប្រព័ន្ធផ្សព្វផ្សាយទំនើប ដើម្បីធានាការទទួលបានព័ត៌មានពិតគ្រប់ជ្រុងជ្រោយ សម្រាប់ប្រជាជននៅគ្រប់ទិសទី តាមតម្រូវការ និងទាន់ហេតុការណ៍ ដោយផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្តនិងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន» និងសម្រាប់គាំទ្រដល់ការធ្វើសមារហណកម្មសេដ្ឋកិច្ចឌីជីថល និងបដិវត្តឧស្សាហកម្មជំនាន់ទី៤។ ការនេះទាមទារឲ្យប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទពង្រឹង និងពង្រីកវិសាលភាព និងគុណភាពផ្សាយប្រកបដោយភាពច្នៃប្រឌិត ក្នុងក្របខណ្ឌនៃការលើកកម្ពស់ក្រមសីលធម៌ វិជា្ជជីវៈសារព័ត៌មាន ហើយរួមចំណែកក្នុងការទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយ ខណៈចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេស ការការពារ និងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ឲ្យកាន់តែរីកចម្រើនឡើងថែមទៀត៕