លោកអ្នកប្រហែលជាធ្លាប់បានជួប បានអាន និងបានស្ដាប់ពាក្យ «ភូវន័យ» នេះមកហើយ។ ពាក្យនេះអានថា «ភូ-វៈ-នៃ» បើតាមវចនានុក្រមខ្មែរសម្ដេចព្រះសង្ឃរាជជួន ណាត នៃពុទ្ធសាសនបណ្ឌិត្យ បោះពុម្ពគ្រាទី៥ ឆ្នាំ ១៩៦៧ ពាក្យនេះមានន័យថា អ្នកដឹកនាំប្រជានិករដែលនៅលើផែនដីជាព្រះរាជាណាចក្ររបស់ព្រះអង្គ។ គឺព្រះរាជា ។ ពាក្យនេះក៏មានន័យដូចនឹងពាក្យ ភូបាល ផងដែរ។
ក្នុងអក្សរសិល្ប៍ អ្នកនិពន្ធ កវីនិពន្ធ បានលើកពាក្យ «ភូវន័យ» មករំលេចក្នុងស្នាដៃខ្លួនជាញឹកញាប់ ដែលធ្វើឱ្យអ្នកអាន អ្នកស្ដាប់ តែងមានចម្ងល់ថា តើកវីនិពន្ធបង្ហាញពាក្យនេះ ចង់សំដៅលើអ្វីឱ្យប្រាកដ?
ជាក់ស្ដែងក្នុងបទ «ខ្លុយទិព្វម្ចាស់ស្នេហ៍» ដែលច្រៀងដោយអ្នកស្រី រស់ សេរីសុទ្ធា ត្រង់វគ្គបី ឬវគ្គបន្ទរ ច្រៀងថា «ទោះគូមិនគូអូនស៊ូក្រាបក្រោមបាទា ទោះម្ចាស់ខ្លុយមានភរិយាក៏អូននៅស្ម័គ្រលុះក្ស័យ ស្ម័គ្រលើភូវន័យ អូនស្ម័គ្រលុះក្ស័យ ចោលលោកអើយ»។
សំនៀងដ៏រណ្ដំដួងចិត្តនៃបទខាងលើ បានបង្កប់អត្ថន័យនៃពាក្យ «ភូវន័យ»។ «ភូវន័យ» នៃសំណេរ និងសំនៀងនេះមិនមានន័យដូចសេចក្ដីពន្យល់ក្នុងវចនានុក្រមនោះឡើយ។ ពាក្យនេះមានន័យសំដៅទៅរកភាសាស្នេហា ឬភាសាដួងចិត្តដែលមានន័យថា «ម្ចាស់ចិត្ត ម្ចាស់ជីវិត ម្ចាស់បេះដូង…»៕ ដោយ៖ ហ៊ួន ស៊ីឡូន