ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចាត់ទុកស្ត្រីកម្ពុជាបានចូលរួមយ៉ាងសកម្ម និងជាតួអង្គដ៏សំខាន់ នៅក្នុងការលើកកម្ពស់ ស្ថានភាពជីវភាពគ្រួសារ និងកំណើនសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ។
ថ្លែងក្នុងសុន្ទរកថា ក្នុងឱកាសអបអរសាទរខួបទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ នាថ្ងៃទី៧មីនានេះ សម្តេចធិបតីមានប្រសាសន៍ថា “នៅឆ្នាំ២០២៤នេះ កម្ពុជា ប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៣ ក្រោមមូលបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” ក្នុងគោលបំណងរំលេច អំពីសក្កានុពល និងសារៈសំខាន់នៃការចូលរួម និងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រី នៅក្នុងសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា” ។
ក្នុងសម្តេចនាយករដ្ឋមន្ត្រី បានធ្វើការគាំទ្រការលើកយកមូលបទនេះ ដោយខ្លឹមសារនៃមូលបទ បានឆ្លើយតបនិងបរិបទ នៃការវិវឌ្ឍន៍របស់សង្គម នៅក្នុងយុគសម័យឌីជីថល និងស្របតាមការកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងក្របខណ្ឌគោលនយោបាយ នៅក្នុងការលើកកម្ពស់ សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី ។
សម្តេចធិបតីបន្តថា “រាជរដ្ឋាភិបាល បានបន្តកំណត់ជាអទិភាព ក្នុងការលើកកម្ពស់ សមភាពយេនឌ័រ និងការបង្កើនភាពអង់អាច របស់ស្ត្រីនិងក្មេងស្រី នៅគ្រប់វិស័យក្នុងរបៀបវារៈ គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គម ដែលមានអរិយធម៌ខ្ពស់ ប្របកបដោយសិល្បធម៌ សមធម៌ បរិយាប័ន ដោយក្នុងនោះស្រ្តីគឺជាស្នូល ។ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា នឹងបន្តថែរក្សាមរតដ៏ថ្លៃថ្លា របស់រាជរដ្ឋាភិបាលអាណត្តិមុន ក្រោមការដឹកនាំប្រកបដោយគិតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី តាមរយៈការបង្កើនការវិនិយោគ លើរបៀបវារៈយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី នៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព នៅក្នុងតួនាទីជាអ្នកដឹកនាំ ដើម្បីទាញយកអត្ថប្រយោជន៍ ពីភាគលាភយេនឌ័រ បង្កលក្ខណៈអំណោយផលដល់ស្ត្រី ការប្រើប្រាស់សិទ្ធិលើការសម្តេចចិត្ត អំពីសុខភាព និងផែនការគ្រួសារ កាត់បន្ថយភាពងាយរងគ្រោះ ដោយអំពើហិង្សា ទាក់ទងនិងយេនឌ័រ លើស្ត្រីនិងក្មេងស្រី ព្រមទាំងការលើកកម្ពស់ ទំនាក់ទំនងអន្តរជំនាន់” ។
សម្តេចធិបតីបន្តទៀតថា នយោបាយឈ្នះឈ្នះ បាននាំមកនូវភាពរីកចម្រើនជូនស្ត្រីនៅកម្ពុជា ដោយសុខសន្តិភាព បានបង្កើតភាពអំណោយផល ធ្វើឲ្យប្រទេសជាតិ មានកិច្ចអភិវឌ្ឍន៍ និងភាពរីកចម្រើនដែលអនុញ្ញាត ឲ្យរាជរដ្ឋាភិបាលបានពង្រីកការវិនិយោគ ជាបន្តបន្ទាប់លើការអភិវឌ្ឍសង្គម អនុវត្តកម្មវិធីគោលនយោបាយឆ្លើយតប និងយេនឌ័រ និងការពារសិទ្ធិមនុស្ស ជាពិសេសការលើកកម្ពស់សិទ្ធិស្ត្រី ឲ្យបានកាន់តែទូលំទូលាយ។
សម្តេចធិបតីសង្កតធ្ងន់ថា “នៅក្នុងវិស័យអប់រំ គម្លាតយេនឌ័រ នៅក្នុងកម្រិតបឋមសិក្សា និងមធ្យមសិក្សាត្រូវបានលុបបំបាត់ ស្ត្រីកម្ពុជាបានចូលរួមយ៉ាងសកម្ម និងជាតួអង្គដ៏សំខាន់នៅក្នុងការលើកកម្ពស់ ស្ថានភាពជីវភាពគ្រួសារ និងកំណើនសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ“។
សម្តេចថា ស្ត្រីមានអត្រាប្រមាណ ៦៩% ជាអ្នកតំណាង នៅក្នុងចំណោមអង្គភាព សេដ្ឋកិច្ចសរុបនៅកម្ពុជា កម្ពុជាទទួលបានការដាក់ចំណាត់ថ្នាក់ខ្ពស់បំផុត ក្នុងចំណោមបណ្តាប្រទេស លើសកលលោកដែលមានសេរីភាព សម្រាប់ស្ត្រី ក្នុងការចាប់ផ្តើមធ្វើអាជីវកម្ម និងធុរកិច្ច ។ អត្រាមរណភាពមាតា មានការថយចុះជាបន្តបន្ទាប់ពី៤៣៧នាក់ ក្នុងឆ្នាំ២០០០ មកនៅត្រឹម១៥៤នាក់ នៅឆ្នាំ២០២២ ក្នុងចំណោមទារក កើតរស់ ១០ម៉ឺននាក់ ៕