ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ត្រូវធានាលើការពង្រឹងសមភាពយេនឌ័រ ដោយនៅតែបន្តជាកិច្ចការអទិភាព និងកាន់តែចាំបាច់ ដើម្បីឲ្យស្ត្រី និងក្មេងស្រីគ្រប់រូប ទទួលបាននូវកាលានុវត្ត ភាពពេញលេញ និងប្រកបដោយសមភាព នៅក្នុងគ្រប់ទិដ្ឋភាព ទាំងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម ។
ថ្លែងក្នុងសុន្ទរកថា អបអរសាទរខួបទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ នាថ្ងៃទី៧មីនានេះ សម្តេចធិបតី បានមានប្រសាសន៍ថា ការចូលរួមរបស់ស្ត្រី នៅក្នុងតួនាទីធ្វើសេចក្តីសម្រេច បានកើនឡើងជាបន្តបន្ទាប់ តាមរយៈការគាំទ្រពីរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំនៅគ្រប់កម្រិត ជាពិសេសការប្តេជ្ញាចិត្តផ្នែកនយោបាយ ក្នុងការដាក់ចេញវិធានការជាវិជ្ជមាន ក្នុងការជ្រើសរើសក្របខណ្ឌមន្ត្រី រាជការថ្មី តាមក្រសួងស្ថាប័ន ដោយកំណត់ ឲ្យមានអត្រាចំនួនស្ត្រី ពី២០% ទៅ៥០% ។ វប្បធម៌អហិង្សា សីលធម៌សង្គម និងការថែរក្សាភាពថ្លៃថ្នូរបស់ស្ត្រី និងតម្លៃគ្រួសារត្រូវបានលើកកម្ពស់ ជាបន្តបន្ទាប់ ដោយបានចាត់ទុកថា ជាកត្តាចាំបាច់មួយ មិនអាចខ្វះបាន សម្រាប់ភាពជាពលរដ្ឋក្នុងសង្គម ដែលមានអរិយធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាប័ន។
សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា “យើងត្រូវធានាថា ការពង្រឹងសមភាពយេនឌ័រ នៅតែបន្តជាកិច្ចការអទិភាព និងកាន់តែចាំបាច់ ដើម្បីឲ្យស្ត្រី និងក្មេងស្រី គ្រប់រូប ទទួលបាននូវកាលានុវត្តភាព ពេញលេញ និងប្រកបដោយសមភាព នៅក្នុងគ្រប់ទិដ្ឋភាព ទាំងវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម ព្រមទាំងទទួលបាន នូវសិទ្ធិចូលរួមដោយស្មើភាព និងជាដៃគូមិនអាចខ្វះបាន ជាមួយនឹងបុរស នៅក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសនៅក្នុងរបៀបវារៈ នូវការធ្វើបដិវត្តន៍កម្មឌីជីថល នៅក្នុងសង្គម និងសេដ្ឋកិច្ចកម្ពុជា”។
ដើម្បីសម្រេចបានចក្ខុវិស័យនេះ រាជរដ្ឋាភិបាល បាននិងកំពុងដាក់ចេញវិធានការអាទិភាពសំខាន់ៗដូចខាងក្រោម៖
ទី១- រាជរដ្ឋាភិបាលនឹងដាក់ចេញគោលនយោបាយជាតិ ស្តីពីសមភាពយេនឌ័រ ដើម្បីពង្រឹងនិងពង្រីកវិសាលភាពក្នុងការបញ្ជៀបយេនឌ័រ និងបង្កើនភាពអងអាច ដល់ស្ត្រីនិងក្មេងស្រីគ្រប់រូប នៅក្នុងក្របខណ្ឌគោលនយោបាយ និងនៅក្នុងសង្គម តាមរយៈការដាក់ចេញនូវអភិក្រម ក្នុងការធ្វើបដិវត្តន៍កម្មយេនឌ័រ ដោយផ្តោតលើការបង្កើនការវិនិយោគ លើសមភាពយេនឌ័រ និងការលើកកម្ពស់ ផ្នត់គំនិតជាវិជ្ជមាន ការពង្រឹងប្រព័ន្ធត្រួតពិនិត្យតាមដាននិងវាយតម្លៃ ដើម្បីលើកកម្ពស់គណនេយ្យភាព ចំពោះស្ត្រី និងសាធារណៈជន ។
ទី២- រាជរដ្ឋាភិបាល កំពុងបន្តដាក់ចេញ និងជំរុញការអនុវត្តវិធានការគោលនយោបាយគាំទ្រ ដល់សហគ្រិនស្ត្រី ដែលដឹកនាំសហគ្រាស ខ្នាតមីក្រូតូចនិងមធ្យម លើកកម្ពស់ បរិយាប័នហិរញ្ញវត្ថុសម្រាប់ស្ត្រី និងគាំទ្រដល់ការចូលរួមរបស់ស្ត្រី នៅក្នុងគ្រប់សកម្មភាពសេដ្ឋកិច្ច និងសង្គម ។
ទី៣- រាជរដ្ឋាភិបាល កំពុងបន្តពង្រឹងនិងពង្រីកប្រព័ន្ធគាំពារសង្គម ប្រកបដោយបរិយាប័ន តាមរយៈការពង្រីកវិសាលភាព នៃការអនុវត្តកប្រខណ្ឌជាតិ គាំពារសង្គម ឲ្យដល់ក្រុមជនងាយរងគ្រោះ ទាំងវិស័យសេដ្ឋកិច្ច ក្នុងនិងក្រៅប្រព័ន្ធ និងធានាបានលើការសម្រេច នូវការគ្រប់ដណ្តប់សុខភាពជាសកល សំដៅធានាឲ្យប្រជាពលរដ្ឋគ្រប់រូប ទទួលបានដោយសមធម៌ ។
ទី៤ រាជរដ្ឋាភិបាល បាននឹងកំពុងផ្តោត លើការដោះស្រាយគម្លាតយេនឌ័រ ក្នុងវិស័យឌីជីថល ជាពិសេសការបង្កើន ការចូលរួម របស់ស្ត្រីនិងក្មេងស្រី នៅក្នុងវិស័យឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យា ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព និងការអប់រំចំណេះដឹង និងជំនាញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ ឆ្នៃប្រឌិត និងគណិតវិទ្យា ស្ទីម។
ទី៥- រាជរដ្ឋាភិបាល ផ្តោតលើកការយកចិត្តទុកដាក់ និងជំរុញដល់គ្រប់ដៃគូពាក់ព័ន្ធ រួមទាំងវិស័យឯកជន និងការលើកកម្ពស់កម្មវិធី តុល្យភាព ជីវិតគ្រួសារ និងការងារ និងទទួលស្គាល់ពីតម្លៃនៃការងារក្នុងផ្ទះ និងថែទាំសមាជិកគ្រួសារ ព្រមទាំងរៀបចំវិធានការចាំបាច់នានា ដើម្បីកាត់បន្ថយបន្ទុកលើការងារ របស់ស្ត្រី និងក្មេងស្រី និងផ្តល់ជម្រើសក្នុងជីវិត រស់នៅកាន់តែច្រើនដល់ស្ត្រី ។
ទី៦- បន្តលើកកម្ពស់ សិល្បធម៌សង្គម តម្លៃស្ត្រីនិងសុខដុមរមនា នៅក្នុងគ្រួសារ តាមរយៈការពង្រឹងតួនាទី របស់គណៈកម្មការជាតិ លើកកម្ពស់សិល្បធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ។ បន្តពង្រឹងការអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងចាត់វិធានការទប់ស្កាត់ និងកាត់បន្ថយហានិភ័យ ដែលប៉ះពាល់ដល់សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ របស់ស្ត្រីនិងក្មេងស្រី ។
ទី៧- រាជរដ្ឋាភិបាល បន្តអនុវត្តកម្មវិធីនិងវិធានការ ក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រីនិងក្មេងស្រី នៅគ្រប់កម្រិត និងគ្រប់វិស័យ ដើម្បីធានាថា ប្រជាជនគ្រប់រូប ទាំងស្រីនិងប្រុស មានសិទ្ធិនិងឱកាសពេញលេញ ក្នុងការរួមចំណែកដល់ការអភវិឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ប្រកបដោយបរិយាប័ន និងចីរភាព ។
ទី៨- រាជរដ្ឋាភិបាល និងពិនិត្យលទ្ធភាព និងមានវិធានការគោលនយោបាយសមស្របដែលអនុញ្ញាតឲ្យស្ត្រី ជាអភិបាលរង នៃគណៈអភិបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ បម្រើការងារនៅមូលដ្ឋាន ដែលនៅជិតក្រុមគ្រួសាររបស់គាត់ ៕