កណ្ដាល ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា នៅតែមិនជឿថា មានមន្ត្រីជាន់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និយាយផលអវិជ្ជមានលើគម្រោងព្រែកជីកហ្វូណនតេជោ ដូចការចុះផ្សាយវិទ្យុបរទេសមួយចំនួនឡើយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះក្រោយមានវិទ្យុបរទេសមួយចំនួនតែងតែចុះផ្សាយជាហូរហែរថា «មន្ដ្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច បាននិយាយថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងអត់បានការ ហើយគ្មានបានផលប្រយោជន៍មកឲ្យខ្មែរ និងបានចំណាយថវិកាច្រើនពាន់ លានដុល្លារដែលកម្ពុជាបានខ្ចីលុយពីបរទេស»។
នាឱកាសអញ្ជើញអធិបតីក្នុងពិធីសំណេះសំណាល និងចុះត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបទៅក្រុមអ្នកលាបពណ៌ អំពីព្រែកជីកហ្វូណនថា កុំទៅលាបព័ណ៌មន្ដ្រីជាន់ខ្ពស់ របស់ក្រសួងសេដ្ឋកិច្ចថាបានទម្លាយរឿង អំពីគម្រោងព្រែកជីកនេះ ដោយសម្ដេចមិនជឿទាល់តែសោះថា មន្ដ្រីទាំងនោះ មិនយល់អំពីគម្រោង ព្រែកជីកហ្វូណន-តេជោ។
សម្ដេចធិបតីបញ្ជាក់ថា «បើមន្ដ្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និយាយបែបហ្នឹង ខ្ញុំមិនជឿថា មានមន្ដ្រីកម្ពុជាណា ដែលមិនយល់ហេតុផលថា កម្ពុជា យកព្រែកជីក ហ្នឹងជាកន្លែង ទីមួយ ជំពាក់លុយគេវ័ន្តក អត់ប្រយោជន៍ឲ្យខ្មែរ។ ខ្ញុំថា បើសិនជាមន្ដ្រីសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពិតប្រាកដ គេមិនល្ងងដល់ថ្នាក់ហ្នឹងទេ ព្រោះព្រែកជីកនេះ មិនមែនជាគម្រោងយើងខ្ចី គឺជាគម្រោង BOT គឺក្រុមហ៊ុន គាត់ខ្ចីលុយ យកមកវិនិយោគ ដើម្បីកសាង»។
សម្ដេចធិបតីបន្ដថា គម្រោងព្រែកជីកហ្វូណន-តេជោ មានសមត្ថភាពដឹកជញ្ជូនរហូតដល់ទៅ៣ពាន់តោន។ សម្ដេចបន្ថែមថា ព្រែកជីកហ្វូណន នឹងផ្តល់ផលប្រយោជន៍ ដល់ពលរដ្ឋកម្ពុជា ខណៈរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង កសាងប្រព័ន្ធដឹកជញ្ជូនទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស។
សម្ដេចធិបតីថា នៅពេលព្រែក ជីកហ្វូណនស្ថាបនារួច នឹងជួយ កាត់បន្ថយថ្លៃដឹកជញ្ជូន «ព្រែកជីហ្វូណន គឺជាប្រព័ន្ធចរាចរណ៍ ផ្លូវទឹកពីទឹកសាបទៅទឹកប្រៃ»។
សូមបញ្ជាក់ថា គម្រោង «ព្រែកជីកហ្វូណនតេជោ» មានប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។
ផ្លូវទឹកនេះនឹងមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ៤ឆ្នាំ៕